ហ៊ាន​ម្ល៉េះ​! ដាំ​កូន​ឈើ និង​ដាក់​បង្គោល​របង​​ព័ទ្ធ​យក​ដីចំការ​ស្រល់​ខាង​មុខ​ស្នាក់​​ការ


ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​បាន​ឃាត់ខ្លួន​មនុស្ស​​៨​នាក់ ដោយ​ក្នុង​នោះ​មាន​ម្នាក់​ជា​មេការ ខណៈ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ដាំ​កូន​ឈើ និង​បង្គោលរបង​ព័ទ្ធ​យក​ដីចំការ​ស្រល់​របស់​រដ្ឋ កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៩ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក ម៉​ម វណ្ណ​ដា ព្រះរាជ​អ​ជ្ញា​រង អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ការ​ចុះ​ចាប់​ឃាត់ខ្លួន​កម្មករ​ចំនួន​៧​នាក់ និង​មេការ​ម្នាក់ ឈ្មោះ ជួង សុភា​រុណ ដែល​បាន​ដាំ​បង្គោលរបង​ថ្ម​ព័ទ្ធ​របង​លួស និង​ដាំ​ដើម​ផ្កា​លំអរ ដើម្បី​ហ៊ុម​ព័ទ្ធ​យក​ដីចំការ​ស្រល់​របស់​រដ្ឋ នៅ​ខាង​មុខ​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អូរ​រាំង ស្ថិត​នៅ​ភូមិ​ពូ​រ៉ាង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង​នោះ គឺ​រឹបអូស​វត្ថុ​តាង​បាន​រថយន្ត​កូរ៉េ​ចំនួន​១​គ្រឿង (​រក្សា​ទុក​នៅ​ស្នាក់​ការ​ខរ​ព មគ​) ម៉ូតូ​ចំនួន​៤​គ្រឿង ដែក​ត្បែង​ជីកដី​ចំនួន​១ និង​កាំបិត​ផ្គាក់​ចំនួន​២​ផ្លែ (​រក្សា​ទុក​នៅ​ស្នាក់​ការ​សរព អូរ​រាំង​)​ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​បាន​ធ្វើការ​សាកសួរ លោក ជួង សុភា​រុណ ជា​មេការ​រូប​នេះ​បាន​ឆ្លើយ​ថា ដី​នេះ​ជា​ដី​របស់​លោក ស្រី ច​ន្ធូ ដែល​គាត់​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​អូរ​រាំង​តែ​ប៉ុណ្ណោះ ។

បច្ចុប្បន្ន​នេះ ក្រុមការងារ​បាន​យក​ជនសង្ស័យ​ចំនួន​៨​នាក់​ខាងលើ​នេះ ទៅ​ផ្ញើ​នៅ​កន្លែង​ស្នងការ​ខេត្តមណ្ឌលគិរី​ហើយ ដើម្បី​បន្ត​សាកសួរ​នៅ​ថ្ងៃ​ទី​១៣​នេះ​ទៀត ទៅ​តាម​នីតិវិធី​ច្បាប់​ស្តី​ពី​ព្រៃឈើ ។

ទាក់ទិន​នឹង​ករណី​នេះ សមត្ថកិច្ច​បាន​បង្ហាញ​ឯកសារ​ដីធ្លី​ចំនួន​២​សន្លឹក​របស់​មេការ​ខាងលើ ដែល​​សន្លឹក​ទី​០១​នោះ គឺជា​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ដែល​មានឈ្មោះ តែម កែវ​កន្និការ អាយុ​៣៣​ឆ្នាំ គឺ​បាន​ព្រមព្រៀង​ឯកភាព​ប្រគល់​សិទ្ធិ​កាន់កាប់​ដីចំការ​មួយ​កន្លែង ដែល​ពុំ​ទាន់​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​នៅឡើយ ហើយ​បាន​កាន់កាប់​ចាប់ពី​ឆ្នាំ​២០០០ ស្ថិត​ក្នុង​ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី លើ​ទំហំ​ផ្ទៃដី ២៦ ៦០០​ម៉ែត្រការ៉េ​។ ផ្ទេរ​ទៅ​ឲ្យ​ឈ្មោះ ស្រី ច​ន្ធូ ភេទ​ប្រុស អាយុ​៣ ឆ្នាំ ជា​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​នៅ​ទីក្រុង​ភ្នំពេញ​។

ក្នុង​​លិខិត​នេះ​ផង​ដែរ គឺ​មានការ​ចុះហត្ថលេខា​អនុញ្ញាត ពី​អតីត អភិបាលស្រុក​អូរ​រាំង លោក ន​ង ទុ​ណ្ណា​រី ព្រមទាំង​មានការ​ប្រថាប់ត្រា បង្កាន់ដៃ​នៅ​សាខា​ពន្ធដារ ខេត្ត​មណ្ឌល​គី​រី ចុះហត្ថលេខា​ដោយ​ប្រធាន​សាខា​ពន្ធដារ​ខេត្ត លោក ហេង ស៊ី​ប៉ា​ផង​ដែរ ។

ដោយឡែក​ចំពោះ​លិខិត​មួយ​សន្លឹក​ទៀត គឺ​ឈ្មោះ ប្រែ​ម តែម ភេទ​ប្រុស អាយុ​៦០​ឆ្នាំ បាន​ព្រម​ព្រៀង​ឯកភាព​ប្រគល់​សិទ្ធិ​កាន់កាប់​ដីចំការ​មួយ​កន្លែង ដែល​មិន​ទាន់​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់​កាប់​អចលនវត្ថុ​នៅឡើយ ហើយ​បាន​កាន់កាប់​កម្មវិធី​ឆ្នាំ​២០០០ ក្នុងភូមិ​ពូ​រ៉ាង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី លើ​ទំហំ​ផ្ទៃក្រឡា​២៨ ១១១០​ម៉ែត្រការ៉េ​

ឈ្មោះ​ខាងលើ​នេះ គឺ​បាន​ផ្ទេរ​ទៅ​ឱ្យឈ្មោះ ស្រី ច​ន្ធូ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មានការ​ចុះហត្ថ​លេខា​​ពី​អតីត​អភិ​បាល​ស្រុក​អូរ​រាំង គឺ​លោក ន​ង ទុ​ណ្ណា​រី ។

ទោះជា​យ៉ាងណា​ជុំវិញ​ករណី​នេះ ក៏​បាន​ចាប់ខ្លួន​អ្នក​ព័ទ្ធ​របង​យក​ដី​រដ្ឋ​ខាងលើ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ណាមួយ​ពី​មន្ត្រី​ជំនាញ​ក្នុង​ខេត្តមណ្ឌលគិរី​បាន​ឡើយ គិត​ត្រឹម​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៣ ខែតុលា ២០១៩​នេះ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ