រាជធានីភ្នំពេញ៖ ដើម្បីឱ្យប្រជាពលរដ្ឋទូទាំងប្រទេសងាកមកប្រើប្រាស់ ឬចូលរួមគាំទ្រផលិតផលដែលផលិតផលសហគ្រាសក្នុងស្រុក ជំនួសឱ្យការនាំចូលផលិតផលពីបរទេស ក្រសួងពាណិជ្ជកម្មបានបង្កើតយុទ្ធនាការទិញផលខ្មែរជាបន្តបន្ទាប់ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋទូទាំងប្រទេស។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅឯពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ «ភូមិ១ ផលិតផល១» ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៤ ដែលបានរៀបចំកាលពីពេលថ្មីៗនេះ ថាយុទ្ធនាការទិញផលិតផលខ្មែរ គឺជាផ្នែកមួយយ៉ាងសំខាន់ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្ម។
យុទ្ធនាការនេះ គឺជាសម្លេងជួងពញ្ញាក់ស្មារតីប្រជាជនកម្ពុជា ទូទាំងប្រទេសឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយកសិករ ផលិតករ កម្ពុជា នៅតាមមូលដ្ឋាន ជំនួសឱ្យទំនិញនាំចូលពីបរទេសជាជំហានៗ។
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍បញ្ជាក់ថា «យុទ្ធនាការទិញផលិតផលខ្មែរនឹងរួមចំណែកពង្រឹងចង្វាក់ផលិតកម្មក្នុងស្រុក បង្កើតឱកាសការងារកាន់តែច្រើននៅតាមមូលដ្ឋាន ដោយបាន ផ្តល់ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗ ដល់ផលិតករកម្ពុជា សំដៅធ្វើយ៉ាងណាជំរុញពួកគាត់ផលិត នូវទំនិញ និងសេវា ដែលមានគុណភាព មានសុវត្ថិភាព មានអនាម័យល្អ មានតម្លៃសមរម្យ និងជាទីទុកចិត្តសម្រាប់អ្នកប្រើប្រាស់ ជាពិសេស គឺអាចចូលរួមប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស ដែលបាន និងកំពុងហូរចូលមកទីផ្សារកម្ពុជា ខណៈដែលកម្ពុជាកំពុងអនុវត្តន៍នូវរបបទីផ្សារសេរី»។
លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា គិតមកដល់ឆ្នាំ២០១៩ នេះក្រសួងពាណិជ្ជកម្មបានរៀបចំយុទ្ធនាការទិញផលិតផលខ្មែរ បានចំនួន៤ រដូវកាលមកហើយ ដែលក្នុងរដូវកាលនីមួយៗ ក្រសួងពាណិជ្ជកម្មបានរៀបចំនៅតាមបណ្តារាជធានី-ខេត្ត ចំនួន៥ ទៅ៦ លើក ដោយបានប្រមូលកៀរគរផលិតផលក្នុងស្រុក ក្នុងក្របខណ្ឌទូទាំងប្រទេស រាប់ទាំង ផលិតផលដែលជាសក្កានុពលមិនទាន់កែច្នៃ និងកែច្នៃរួច ផលិតផលកសិ-ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម ផលិតផលដែលស្ថិតនៅក្នុងចលនាភូមិ១ ផលិតផល១ ផលិតផល និងសេវាដែលទើបបង្កើតថ្មី ដូចជា ផលិតផលហាឡាល ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ (GI) និងម៉ាកដែលទើបបង្កើតថ្មីៗ មកធ្វើការដាក់ តាំងបង្ហាញជូនមហាជនទូទៅបានស្គាល់ និងចូលរួមប្រើប្រាស់តាមតម្រូវការ។
តាមលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លទ្ធផលដែលទទួលបានពីការ រៀបចំយុទ្ធនាការនេះ ធ្វើឱ្យផលិតផលកម្ពុជា មានការផ្លាស់ប្តូរទាំងគុណភាព សោភ័ណភាព សុវត្ថិភាព តម្លៃ ការដាក់ស្លាកសញ្ញាសម្គាល់ត្រឹមត្រូវ និងកំពុងមានវត្តមាននៅលើទីផ្សារក្នុងប្រទេស ដូចជា មានដាក់លក់នៅ ព្រលានយន្តហោះ ផ្សារទំនើប សណ្ឋាគារធំៗ និងនៅទីផ្សារក្រៅប្រទេស តាមរយៈមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅបរទេស កាន់តែច្រើនឡើងៗ។
ក្នុងឱកាសនោះដែរ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលលិតផល១មានប្រសាសន៍ថា «ការលើកកម្ពស់ការប្រើប្រាស់ និងយល់ដឹង គាំំទ្រដល់ផលិតផលខ្មែរ គឺជាការងារដែលយើងទាំងអស់គ្នាត្រូវតែរួមសហការគ្នាធ្វើ ទាំងស្ថាប័នរដ្ឋ អង្គការដៃគូ វិស័យឯកជន និងសហគមន៍។ក្នុងគោលបំណងដើម្បីសម្រេចឱ្យបាននូវគោលដៅ ដ៏សំខាន់ខាងលើដែលជាមោទនភាពជាតិ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញសេសចក្តីនែណាំមួយកាលថ្ងៃទី១៥មិថុនា ឆ្នាំ២០១៧ បំផុសឱ្យមានការរៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរជាររៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែមេសា មុនការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់យើង»៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ