ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាវជ្រាវ​រក​ភាពយន្ត​ខ្មែរ​បាត់បង់​សម័យ​​សង្គ្រាម ​ដូច​រាវរក​ម្ជុល​ក្នុង​សមុទ្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រុមព្រះ​សុរិយា​បាន​ចាត់​ទុក​ការ​ប្រមូល​ឯកសារ​ភាពយន្ត​ដែល​បាត់បង់​ក្នុង​សម័យ​សង្គ្រាម​ប្រៀប​ដូច​រាវ​មុជ​ក្នុង​បាតសមុទ្រ ខណៈ​ពេល​ឯកសារ​ភាពយន្ត​មុន​ឆ្នាំ​១៩៧៥​ទាំង​អស់នោះ​បាន​បាត់បង់​ស្ទើរ​គ្មាន​សស់ សូ​ម្បី​តែ​សិល្បករ ផលិតករ​ក៏​ត្រូវ​បាត់​ជីវិត​ក្រោម​បាតដៃ​ខ្មៅ​នៃ​ពួក​ខ្មែរក្រហម​ដែរ នៅ​សល់​សិល្បករ​មួយ​ចំនួន​តូច​បាន​រត់​ភៀសខ្លួន​ទៅ​ប្រទេស​ទី​៣ ។ ​រយៈពេល​ជិត​១០​ឆ្នាំ​ក្នុង​បេសកកម្ម​ដ៏​លំបាក​ក្រុមព្រះ​សុរិយា​បាន​កកាយ​ស្រាវជ្រាវ​ប្រមូល​មរតក​ភាពយន្ត​ក្នុង​យុគមាស​គឺ​មុន​ឆ្នាំ​១៩៧៥​នៅ​គ្រប់​ទិស​ទី​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​បរទេស ដោយ​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន…

រាជធានី​ភ្នំពេញ​៖ ក្រុមព្រះ​សុរិយា​បាន​ចាត់​ទុក​ការ​ប្រមូល​ឯកសារ​ភាពយន្ត​ដែល​បាត់បង់​ក្នុង​សម័យ​សង្គ្រាម​ប្រៀប​ដូច​រាវ​មុជ​ក្នុង​បាតសមុទ្រ ខណៈ​ពេល​ឯកសារ​ភាពយន្ត​មុន​ឆ្នាំ​១៩៧៥​ទាំង​អស់នោះ​បាន​បាត់បង់​ស្ទើរ​គ្មាន​សស់ សូ​ម្បី​តែ​សិល្បករ ផលិតករ​ក៏​ត្រូវ​បាត់​ជីវិត​ក្រោម​បាតដៃ​ខ្មៅ​នៃ​ពួក​ខ្មែរក្រហម​ដែរ នៅ​សល់​សិល្បករ​មួយ​ចំនួន​តូច​បាន​រត់​ភៀសខ្លួន​ទៅ​ប្រទេស​ទី​៣ ។

​រយៈពេល​ជិត​១០​ឆ្នាំ​ក្នុង​បេសកកម្ម​ដ៏​លំបាក​ក្រុមព្រះ​សុរិយា​បាន​កកាយ​ស្រាវជ្រាវ​ប្រមូល​មរតក​ភាពយន្ត​ក្នុង​យុគមាស​គឺ​មុន​ឆ្នាំ​១៩៧៥​នៅ​គ្រប់​ទិស​ទី​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​បរទេស ដោយ​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន ។ ការ​តស៊ូ​ពិតជា​មិន​ឥតប្រយោជន៍​ឡើយ ខ្សែភាពយន្ត​ប្រមាណ​ជាង​១០​ភាគ​នៃ​ខ្សែភាពយន្ត​សរុប​ជាង​៥០០​រឿង​ត្រូវ​បាន​រក​ឃើញ និង​បាន​ដាក់​បញ្ចាំង​នៅ​ក្នុង​កម្មវិធី ធំ​ៗ​របស់​ក្រុមព្រះ​សុរិយា​ដែល​បាន​រៀបចំ​បន្តបន្ទាប់​តាំងពី​ឆ្នាំ​២០១២ ។

ក្នុង​បំណង​ដាក់​បង្ហាញ​ភាពយន្ត​ឡើង​វិញ ដើម្បី​ជា​ការ​រំលឹក​អនុស្សាវរីយ៍ ល្អ​ៗ​និង​ចែករំលែក​ស្នាដៃ​រៀមច្បង​ក្នុង​យុគមាស​ជូន​យុវជន​ជំនាន់​ក្រោយ រួម​ទាំង​លើកតម្កើង​ស្នាដៃ​សម្បត្តិ​បេតិក​ភណ្ឌ​ជាតិ ក្រុមព្រះ​សុរិយា​បាន​បង្កើត​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ឈ្មោះ​ថា «​មួយ​ម៉ឺន​អាល័យ​» ។

កម្មវិធី​មួយ​ម៉ឺន​អាល័យ នេះ​រៀបចំ​ឡើង​ដោយ​ក្រុមព្រះ​សុរិយា និង​មាន​កិច្ចសហការ​គាំទ្រ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ស្ថាប័ន​ព្រះមហាក្សត្រ ស្ថាប័ន​ព្រឹទ្ធសភា និង​ស្ថាប័នរដ្ឋ​ជា​ច្រើន​ទៀត ។

ជា​រៀង​រាល់​ឆ្នាំ​ក្រៅពី​ការ​បញ្ចាំង​ខ្សែភាពយន្ត​ដ៏​កម្រ​ដែល​ក្រុមព្រះ​សុរិយា​បាន​រក​ឃើញ កម្មវិធី​នេះ​ក៏​មានការ​បង្ហាញ​វត្ថ​មាន​ដ៏​ពិសេស​នៃ​តារា​រៀមច្បង​នា​ទស​វត្ស​ឆ្នាំ​៦០​និង​៧០​ដែល​នៅ​រស់​រាន​មានជីវិត ជា​កិត្តិយស​សម្រាប់​មហាជន​អ្នកចូលរួម​ក្នុង​ពិធី​នេះ ដោយ​មានសំណាង​បាន​ជួប​ពួក​គាត់​ផ្ទាល់ រួម​ទាំង​មានការ​សម្តែង​ផ្ទាំងទស្សនីយភាព និង​ការ​បង្ហាញ​ម៉ូ​ដ​ដោយ​យុវជន​ជំនាន់​ថ្មី​នេះ ។ ព្រឹត្តិការណ៍​ភាពយន្ត​ជា​ប្រវត្តិសាស្ត្រ​នេះ​បាន​រៀបចំ​បួន​លើក​៤​រួច​មក​ហើយ ។

នៅ​ឆ្នាំ​២០១៩​នេះ កម្មវិធី​មួយ​ម៉ឺន​អាល័យ​លើក​ទី​៥ បង្ហាញ​ខ្សែភាពយន្ត​ខ្មែរ​ដ៏​កម្រ​ចំនួន​បី​រឿង ជា​កាដូ​ដ៏​ពិសេស​បំផុត​ដែល​មហាជន​ជន​និង​អន្តរជាតិ​អាច​ចូលរួម​ទស្សនា​ដោយ​ឥត​គិតថ្លៃ​។ លោក​យាង វ​ណ្ឌី ប្រធាន​ក្រុមព្រះ​សុរិយា និង​អ្នកដឹកនាំ​រៀបចំ​កម្មវិធី​បាន​លើក​ឡើង​ថា​៖ នៅ​ក្នុងឆ្នាំនេះ​កម្មវិធី​មួយ​ម៉ឺន​អាល័យ​លើក​ទី​៥​នាំ​នូវ​អ្វី​ដែល​ថ្មី​នឹង​ពិសេស​សម្រាប់​ទស្សនិកជន​អ្នកចូលរួម ដោយ​មានការ​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​ខ្មែរ​ចំនួន​បី​រឿង ដែល​ខ្សែភាពយន្ត​ខ្មែរ​ទាំង​បី​នេះ​បាន​កប់​ទុក​អស់​រយៈពេល​ជាង​៤០​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​ថៃ ។

ខ្សែភាពយន្ត​ទាំង​បី​នោះ​រួម​មាន រឿង​កាកី , រឿង​ពិជ័យ​វង្សា និង​រឿង​ខ្យងស័ង្ខ​។ កាលពី​ឆ្នាំ​២០១៨ និង​នៅ​ខែមិថុនា ឆ្នាំ​២០១៩​កន្លង​ទៅ​ថ្មី​ៗ​នេះ ក្រុមព្រះ​សុរិយា​បាន​ទិញ​ខ្សែភាពយន្ត​ទាំងនោះ​ត្រឡប់​មក​រក្សា​ជា​មរតក​ដ៏​មាន​តម្លៃ ហើយ​ចែករំលែក​ខ្សែភាពយន្ត​ទាំងនោះ​ដោយ​ដាក់​បញ្ចាំង​ជូន​សាធារណជន​បាន​ចូលរួម​ទស្សនា​ដោយ​ឥត​គិតថ្លៃ នៅ​ក្នុង​កម្មវិធី​មួយ​ម៉ឺន​អាល័យ​ប្រចាំឆ្នាំ​២០១៩​នេះ ។

លោកស្រី​ឌី សា​វ៉េ​ត តារាភាពយន្ត​ខ្មែរ​ទស​វត្ស​ឆ្នាំ​៦០ និង​ជា​តួឯក​ស្រី ក្នុង​ខ្សែភាពយន្ត​រឿង​ខ្យងស័ង្ខ​បាន​សម្តែង​ក្តី​រំភើប​ឥត​ឧបមា​ដោយ​លោកស្រី​មិន​នឹក​ស្មានថា​លោកស្រី​មានភ័ព្វ​វាសនា​ជា​ថ្មី​ម្តងទៀត​បាន​ទស្សនា​ខ្សែភាពយន្ត​រឿង​ខ្យងស័ង្ខ និង​រឿង​ដទៃ​ទៀត​នៅ​ក្នុង​កម្មវិធី​មួយ​ម៉ឺន​អាល័យ​លើក​ទី​៥​នេះ​ឡើយ នៅ​ក្រោយ​ពេល​ដែល​លោកស្រី​ពុំដែល​បានឃើញ​ខ្សែភាពយន្ត​ទាំង​នោះ​អស់​រយៈពេល​ជាង​៤០​ឆ្នាំ​បន្ទាប់​ពី​របប​ខ្មែរក្រហម​នោះ​មក ។ លោកស្រី​បាន​ថ្លែង​សរសើរ​ដោយ​ស្មោះ​ពី​ទឹកចិត្ត​របស់​ក្រុមព្រះ​សុរិយា​ដែល​ព្យាយាម​កកូរ​កាយ​ស្រាវជ្រាវ​រក​ឯកសារ​ភាព​យន្ត​ទាំងនោះ​មក​គ្រប់​ទីកន្លែង ។

លោក​ជំទាវ​សុខ ស៊ី​ថន ជំនួយការ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​កិត្តិយស​នៃ​ក្រុមព្រះ​សុរិយា ដែល​បាន​ចូលរួម​ជួយ​ស្វែងរក​អ្នក​ឧបត្ថម្ភ​ដល់​កម្មវិធី​នា​ឆ្នាំ​នេះ បាន​ថ្លែង​អំពាវ​នាវ​ដល់​មហាជន​ទាំងអស់​ចូលរួម​ក្នុង​កម្មវិធី​មួយ​ម៉ឺន​អាល័យ​លើក​ទី​៥​នេះ​ដើម្បី​ដក​បទ​ពិសោធន៍ និង​ផ្សាយ​ពី​គុណសម្បត្តិ​របស់​ភាពយន្ត​ខ្មែរ​នា​ទស​វត្ស​ឆ្នាំ​៦០ និង​៧០​ដែល​ជា​មេរៀន​ដ៏​ល្អ​សម្រាប់​អភិ​វ​ឌ្ឈ​ន៍ វិស័យ​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​នូវ​វប្បធម៌ ល្អ​ៗ​ដែល​ខ្មែរ​ធ្លាប់​មាន​ពី​អតីតកាល ។

កម្មវិធី​មួយ​ម៉ឺន​អាល័យ ជា​ព្រឹត្តិការណ៍​រំលឹក​មរតក​ស្នាដៃ​ភាពយន្ត​ខ្មែរ​ដ៏​ធំ​ប្រចាំ​ប្រទេស​កម្ពុជា ដែល​បាន​រៀបចំ​ឡើង​ដោយ ក្រុមព្រះ​សុរិយា តាំងពី​ឆ្នាំ​២០១៦ ដែល​កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ឡើង​បួន​ដង​រួច​មក​ហើយ ដោយ​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​។ សម្រាប់​ឆ្នាំ​២០១៩​នេះ កម្មវិធី​មួយ​ម៉ឺន​អាល័យ​លើក​ទី​៥ ប្រព្រឹត្ត​ទៅ​រយៈពេល​បី​ថ្ងៃ ពី​ថ្ងៃ​ទី​២២ ដល់ ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩ នា​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​កូរ៉េ ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយ​មហាជន​អ្នកចូលរួម​ទស្សនា​ដោយ​ឥត​គិតថ្លៃ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ