ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៤៤​ខែ​កម្ពុជា​ទទួល​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​មាន​៥៦​ភាគរយ​ចិន​ជា​អ្នក​វិនិយោគ​ធំ​ជាងគេ​នាំមុខ​ជប៉ុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​ឡើងជា​ប្រចាំ​ដែល​ធ្វើ​អោយ​កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​មាន​ភាពរឹងមាំ​។ ជាក់ស្ដែង​ក្នុង​រយៈពេល​៣​ឆ្នាំ​និង​៨​ខែ (៤៤​ខែ​) កន្លង​ទៅ​នេះ​កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​សរុប​ប្រមាណ​២២,៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​អាច​បង្កើត​ការងារ​ជូន​ពលរដ្ឋ​ក្នុងស្រុក​រាប់​លាន​នាក់ ។ ​ថ្លែង​នៅ​ក្នុង​សន្និសីទ​ស្ដី​ពី​សក្ដានុពល​វិនិយោគ​នៅ​កម្ពុជា នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​ឡើងជា​ប្រចាំ​ដែល​ធ្វើ​អោយ​កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​មាន​ភាពរឹងមាំ​។ ជាក់ស្ដែង​ក្នុង​រយៈពេល​៣​ឆ្នាំ​និង​៨​ខែ (៤៤​ខែ​) កន្លង​ទៅ​នេះ​កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​សរុប​ប្រមាណ​២២,៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​អាច​បង្កើត​ការងារ​ជូន​ពលរដ្ឋ​ក្នុងស្រុក​រាប់​លាន​នាក់ ។

​ថ្លែង​នៅ​ក្នុង​សន្និសីទ​ស្ដី​ពី​សក្ដានុពល​វិនិយោគ​នៅ​កម្ពុជា នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា ម្សិលមិញ​នេះ លោក ជា វុ​ទ្ធី អគ្គលេខាធិការ​រង CDC បានអោយ​ដឹង​ថា​នៅ​ក្នុង​វិស័យ​វិនិយោគ កម្ពុជា​សម្រេច​បាន​នូវ​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ ដោយ​គិត​ចាប់ពី​ឆ្នាំ ២០១៦ ដល់​ដំណាច់ខែ សីហា ឆ្នាំ ២០១៩​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បាន​សម្រេច​ឯកភាព​លើ​គម្រោង​វិនិយោគ​វិនិយោគ​ចំនួន ៨៣១​គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង ២២,៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ ជា​ការ​កត់សម្គាល់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​សកម្មភាព​វិនិយោគ​មានការ​កើន​ឡើងជា​លំដាប់​រៀង​គ្នា ទាំង​ចំនួន​គម្រោង​វិនិយោគ​ទាំង​ទុន​វិនិយោគ ។

​តាម​អគ្គលេខាធិការ​រង​រូប​នេះ​ក៏​បានអោយ​ដឹងផង​ដែរ​ថា ក្នុង​ចំណោម​ទុន​វិនិយោគ​ទាំង ២២,៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នេះ ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​មាន​រហូត​ដល់ ៥៦​ភាគរយ ក្នុង​នោះ​ចិន​ជា​អ្នក​វិនិយោគ​ធំ​ជាងគេ ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៧,៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ឬ​ស្មើនឹង​៣៥​ភាគរយ នៃ​វិនិយោគ​សរុប បន្ទាប់​មក​គឺ​ជប៉ុន ដែល​មាន​ចំណែក​ប្រមាណ​៨​ភាគរយ ។ ដោយឡែក​ទុន​វិនិយោគ​ក្នុងស្រុក​វិញ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​រយៈពេល​៣​ឆ្នាំ ៨​ខែ​នេះ ។

លោក ជា វុ​ទ្ធី អគ្គលេខាធិការ​រង CDC បាន​ឲ្យ​ដឹង​ថា «​ការ​វិនិយោគ​របស់​បរទេស គឺ​ពិតជា​មាន​សារសំខាន់​ណាស់ ជា​ពិសេស​ការ​វិនិយោគ​របស់​ចិន ដែល​ឈរ​លំដាប់​ទី​១​ជា​អ្នក​វិនិយោគ​បរទេស​ច្រើន​ជាងគេ​នៅ​កម្ពុជា ដោយសារ​តែ​គម្រោង​វិនិយោគ​ទាំងនោះ បាន​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា តាម​រយៈ​ការ​បង្កើត​ឱកាស​ការងារ និង​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​» ។

​លោក​បាន​បន្ត​ថា ឆ្នាំ ២០១៦ CDC បាន​ឯកភាព​លើ​គម្រោង​វិនិយោគ​ចំនួន ១៧១​គម្រោង មាន​ទុន​ប្រមាណ​៣,៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ឆ្នាំ ២០១៧ មាន​គម្រោង​វិនិយោគ​សរុប​ចំនួន ១៨៣​គម្រោង មាន​ទុន​សរុប ៦,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ឆ្នាំ ២០១៨ មាន​គម្រោង​វិនិយោគ​២៥៥​គម្រោង មាន​ទុន​វិនិយោគ ៦,៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក » ។ ​លោក ជា វុ​ទ្ធី អគ្គលេខាធិការ​រង CDC បាន​បន្ថែម​ទៀត​ថា សម្រាប់​រយៈពេល​៨​ខែ​ដើមឆ្នាំ ២០១៩​នេះ កម្ពុជា​ក៏​បាន​អនុម័ត​នូវ​គម្រោង​វិនិយោគ​ចំនួន ២២២​គម្រោង ដែល​មាន​ទុន​វិនិយោគ​ប្ម​រា​ណ​ជាង​៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ពោល​កើនឡើង​៨១​គម្រោង និង​ទុន​វិនិយោគ​កើនឡើង​ប្រមាណ​១,៨៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៨ ។

ក្នុង​ចំណោម​គម្រោង​វិនិយោគ​ទាំង​២២២​គម្រោង​នេះ មាន​គម្រោង​ចំនួន ៧១​គម្រោង​ស្នើ​សុំ​វិនិយោគ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​មាន​ទុន​ប្រមាណ ៥៧៨​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ កើនឡើង ២៦​គម្រោង និង​ទុន​កើនឡើង​១៩​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០១៨ ។ ​លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្នុង​រយៈពេល​៣​ឆ្នាំ​និង​៨​ខែ​នេះ សកម្មភាព​វិនិយោគ​ដែល​មាន​មាន​តាម​វិស័យ​នោះ គឺ​វិស័យ​ទេសចរណ៍៍ មាន​សកម្មភាព​ខ្លាំង ដោយ​ក្នុង​ចំណោម​គម្រោង​និង​ទុន​វិនិយោគ​ទាំងអស់ ឃើញ​ថា​វិស័យ​ទេសចរណ៍ មាន​ប្រមាណ ៤៧​ភាគរយ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ប្រមាណ ២៤​ភាគរយ វិស័យ​ឧស្សាហកម្ម​និងម្មន្តសាល​មាន​ប្រមាណ​២៣​ភាគរយ និង​វិស័យ​ក​សិ​-​ឧស្សាហកម្ម​មាន​ប្រមាណ ៦​ភាគរយ នៃ​ទំហំ​វិនិយោគ​សរុប ។

យោង​តាម របាយការណ៍​របស់​ធនាគារពិភពលោក នៅ​ថ្ងៃ​ទី​១០ តុលា ២០១៩​នេះ​ដែរ ត្រង់​ចំណុច​ហានិភ័យ និង​បញ្ហា​ប្រឈម សម្រាប់​សេដ្ឋកិច្ច​កម្ពុជា បានអោយ​ដឹង​ថា ភាព​មិន​ប្រាកដប្រជា ដែល​ចេះ​តែ​កើនឡើង​ឥត​ឈប់​ឈរ ជាដើម​ហេតុ​នាំ​ឱ្យ​មាន​ហា​និ​ភ័​ួ​កាន់តែ​ច្រើន សម្រាប់​ចក្ខុវិស័យ នៃ​សេដ្ឋកិច្ច​នា​ពេល​ខាង​មុខ ។ ការ​ដក​ចេញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ប្រ​សិន​កើតឡើង​មែន និង​ការ​ធ្លាក់​ចុះ​គំហុក​នៃ​សេដ្ឋកិច្ច​ចិន ដែល​អាមក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អា​មេ​រិ​ក អាច​ធ្វើ​អោយ​កំណើនសេដ្ឋកិច្ច កម្ពុជា ទ្រោម​ចុះ​ខ្លាំង នៅ​ពេល​ដែល​សេដ្ឋកិច្ច​នេះ កំពុង​ពឹងផ្អែក​កាន់តែ​ខ្លាំង​ទៅ​លើ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប និង​ទៅ​លើ​ការ​ហូរ​ចូលរ​បស់ទុន​វិនិយោគ​ផ្ទាល់​និង​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ចិន ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ