ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​គ្មាន​បទល្មើស​ព្រៃឈើ​ទេ … សមត្ថកិច្ច​ទីនោះ​បាន​អី​ច្រាសច្រំ?

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ការ​ចាប់​ឃាត់​គោ​យន្ត​ដឹកឈើ​មួយ​គ្រឿង​មាន​ប្រមាណ​១០​ម៉ែត្រគូប ពេល​នេះ​បាន​លេច​ចេញ​ព័ត៌មាន​មិន​ប្រក្រតី​របស់​អ្នក​ពាក់ព័ន្ធ​ដែល​រួម​គ្នា​ឃុបឃិត​បើកដៃ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ នៅ​ជួរ​ភ្នំ​ឱ​រ៉ា​ល់ ក្នុង​ឃុំ​ជៀប ស្រុក​ទឹកផុស ។ តើ​មាន​សមត្ថកិច្ច​ខាង​ណាខ្លះ ដែល​ពាក់ព័ន្ធ​រឿង​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំងនោះ…

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ការ​ចាប់​ឃាត់​គោ​យន្ត​ដឹកឈើ​មួយ​គ្រឿង​មាន​ប្រមាណ​១០​ម៉ែត្រគូប ពេល​នេះ​បាន​លេច​ចេញ​ព័ត៌មាន​មិន​ប្រក្រតី​របស់​អ្នក​ពាក់ព័ន្ធ​ដែល​រួម​គ្នា​ឃុបឃិត​បើកដៃ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ នៅ​ជួរ​ភ្នំ​ឱ​រ៉ា​ល់ ក្នុង​ឃុំ​ជៀប ស្រុក​ទឹកផុស ។ តើ​មាន​សមត្ថកិច្ច​ខាង​ណាខ្លះ ដែល​ពាក់ព័ន្ធ​រឿង​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទាំងនោះ ហើយ​តើ​ការ​ឃុបឃិត​គ្នា​បើកដៃ​នេះ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​នោះ​ដោយ​របៀប​ណា ។

សូម​រំលឹក​ដែរ​ថា កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែតុលា​នេះ បន្ទាប់​ពី​អ្នក​សារព័ត៌មាន​មួយ​ក្រុម បាន​ប្រទះ​ឃើញ​គោ​យន្ត​ដឹកឈើ​ខាងលើ​ខូច​មិន​អាច​បន្តដំណើរ​បាន​ក៏​បាន​រាយការណ៍​ជូន​លោក ខូ​វ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ហើយ​លោកស្នងការ​ក៏​បាន​បញ្ជា​ដល់​ក្រុម​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស​ត្រូវ​ចាប់​ឃាត់​គោ​យន្ត​នោះ​ជា​បន្ទាន់ ។

បន្តិច​ក្រោយមក​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស​ប្រមាណ​២០​នាក់ ដឹកនាំ​ដោយ លោក ខែ​ម វិបុល អធិការ​នគរបាល​ស្រុក​បាន​ចុះ​ឃាត់​គោ​យន្ត​នោះ ខណៈ​កំពុង​ខូច និង​លាក់​នៅ​ក្បែរផ្លូវ​ក្នុងភូមិ​បឹង​ស្ទេង ឃុំ​ជៀប ស្រុក​ទឹកផុស ។

ក្រោយ​ការ​ចាប់​ហើយ​ទើប​អធិការ​នគរបាល​រាយ​ការ​ទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ហើយ​បន្តិច​ក្រោយមក​ទើប​មន្ត្រី​ជំនាញ​ទៅ​ដល់ និង​នាំ​យក​គោ​យន្ត និង​ឈើ រួម​ទាំង​ម្ចាស់​ឈើ មានឈ្មោះ ចាន់​ណា ភេទ​ស្រី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ជៀប ស្រុក​ទឹកផុស ដើម្បី​យក​មក​ធ្វើការ​សាកសួរ នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​ផង​ដែរ ។ ប៉ុន្តែ​ក្រោយមក​ក៏​មាន​លេចឮ​ព័ត៌មាន​ថា ស្ត្រី​រូប​នោះ​បាន​រត់​ចេញពី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​បាត់​ទៅ​ហើយ ។

ដោយឡែក​តាម​ការ​សាកសួរ​របស់​អ្នក​សារព័ត៌​មាននៅ​ខាងក្រៅ​ត្រូវ​បាន​ស្ត្រី​ឈ្មោះ ចាន់ ណា ជា​ម្ចាស់​ឈើ​ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​ជា​អ្នក​ប្រមូល​ទិញ​ឈើ​ទាំងនោះ​ពី​អ្នក​ឡើង​កាប់​ផ្ទាល់​នៅ​ជើងភ្នំ​ឱ​រ៉ា​ល់​ដោយ​អ្នក​កាប់​ឈើ​ទាំងនោះ​បាន​ម្នាក់​ៗ​បន្តិច​ៗ ព្រោះ​មិន​ងាយ​នឹង​ទម្លាក់​ពីលើ​ភ្នំ​មក​ទេ ។ លុះ​ពេល​ប្រមូល​ទិញ​បាន​ច្រើន​ទើប​ដឹក​ចេញ​ម្ដង គឺ​ដឹក​តែ​ពេល​យប់​ទេ ។ ក្នុង​ការ​ដឹក​ចេញ​ក៏​បាន​បង់​ឲ្យ​សមត្ថកិច្ច​គ្រប់កន្លែង​ផង​ដែរ ដោយ​ក្នុង​១​កន្លែង​១៥​ម៉ឺន​រៀល ហើយ​ក្រៅពី​សមត្ថកិច្ច និង​ជំនាញ​ក៏​មាន​បង់​ឲ្យ​អ្នក​សារព័ត៌មាន​១៥​ម៉ឺន​រៀល​ផង​ដែរ ។

ចំពោះ​ការ​ដឹក​ចេញ​មក​ថ្ងៃនេះ (១០ តុលា​) ក៏​បាន​បង់លុយ​គ្រប់កន្លែង​អស់ហើយ​ដែរ តែ​ចៃ ដ​ន្យ​គោ​យន្ត​ខូច​ទើបត្រូវ​គេ​ចាប់​បែប​នេះ ។ ស្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា ចំពោះ​អ្នក​ឡើង​កាប់​ឈើ​ផ្ទាល់​ក៏​ត្រូវ​បង់​ឲ្យ​សមត្ថកិច្ច​ជំនាញ​ដែរ គឺ​បង់​តាម​ពី​ដុ​ង​ប្រេង (​ប្រេង​ចាក់​រណា​យន្ត​សម្រាប់​អារឈើ​)​ក្នុង​១​កាន ចំណុះ​៣០​លី​ត្រ​ត្រូវ​បង់​២០​ម៉ឺន​រៀល ។ នេះ​ជា​ការ​អះអាង​របស់​ស្ត្រី​ម្ចាស់​ឈើ​ដែល​បាន​ផ្ដល់​ព័ត៌មាន​ឲ្យ​អ្នក​សារព័ត៌​មាននៅ​ខាងក្រៅ​ការ​សាកសួរ​របស់​សមត្ថកិច្ច ។ ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ