ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គៀត សុ​វ​ណ្ណា​ឡា​ង ព្រមាន​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​ពី​ជីវិត​ឯកជន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង គៀត សុ​វ​ណ្ណា​ឡា​ង បាន​ធ្វើការ​ព្រមាន​ទៅ​ដល់​បណ្តាញ​សារព័ត៌មាន​នានា​កុំ​ឲ្យ​ចុះ​ផ្សាយ​ពី​ជីវិត​ឯកជន​របស់​នាង​ខុស​ពី​ការ​ពិត ខណៈ​ពេល​ដែល​នាង​យល់​ថា ការ​ចុះ​ផ្សាយ​ខុស​នោះ គឺជា​ការ​បំពាន​សិទ្ធិ​រស់នៅ​របស់​នាង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង គៀត សុ​វ​ណ្ណា​ឡា​ង បាន​ធ្វើការ​ព្រមាន​ទៅ​ដល់​បណ្តាញ​សារព័ត៌មាន​នានា​កុំ​ឲ្យ​ចុះ​ផ្សាយ​ពី​ជីវិត​ឯកជន​របស់​នាង​ខុស​ពី​ការ​ពិត ខណៈ​ពេល​ដែល​នាង​យល់​ថា ការ​ចុះ​ផ្សាយ​ខុស​នោះ គឺជា​ការ​បំពាន​សិទ្ធិ​រស់នៅ​របស់​នាង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។ គេ​មិនដឹង​ថា ការ​ចេញ​មុខ​មក​ព្រមាន​ចំ​ៗ​ពី​តារា​សម្តែង​ខាងលើ​នេះ បាន​កើត​មាន​ឡើង​ដោយសារ​មាន​បញ្ហា​អ្វី​ចំពោះ​នាង​នោះ​ឡើយ ក្នុង​ពេល​ដែល​កន្លង​មក តារា​រូប​នេះ​ហាក់​មិនសូវ​បាន​ពើប​ប្រទះ​នូវ​ព័ត៌មាន​អាស្រូវ​ណាមួយ​ពាក់ព័ន្ធ​ទៅ​នឹង​ជីវិត​សិល្បៈ​របស់​នាង​នោះ​ឡើយ ។

បើ​យោង​តាម​ការ​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តារា​សម្តែង​នាង គៀត សុ​វ​ណ្ណា ឡា​ង បាន​បញ្ជាក់​ថា សូមអ្នក​សារព័ត៌មាន​មួយ​ចំនួន​តូច មេត្តា​គោរព​វិជ្ជាជីវៈ​របស់​ខ្លួន​ផង ពេល​ខ្លះ​លោក​​ចុះ​ផ្សាយ​ពី​ជីវិត​ឯកជន​របស់​អ្នក​ដទៃ ជា​ពិសេស​សិល្បករ សិល្ប​ការិនី ដោយ​ពុំ​បាន​សួរនាំ​ពី​ម្ចាស់ខ្លួន ។ នាង​បន្ថែម​ថា កុំ​ដោយសារ​ការ​ដែល​លោក​ចង់អោយ​មហាជន​ចូល​មើល​ដើម្បី​ភាព​ល្បី​ផេ​ក មិន​គិតដល់​កិត្តិយស​អ្នក​ដទៃ ។ សំរាប់​នាង​ខ្ញុំ បើ​មាន​អ្វី​ចង់​សួរ អាច​សួរ​បាន សូមកុំ​បំពាន​សិទ្ធិ​ជីវិត​រស់នៅ និង​សរសេរ​បំផ្លើស​ខុស​ការ​ពិត​ពី​ខ្ញុំ សូម​ផ្តាំ​ផង ។

ជា​ការ​កត់សម្គាល់​ការ​លើក​ឡើង​របស់ សុ​ណ្ណា​ឡា​ង នា​ពេល​នេះ មិនមែន​ជា​បញ្ហា​មួយ​ថ្មី​សម្រាប់​អ្នកសិល្បៈ​ដែល​បាន​ធ្វើការ​ព្រមាន​បែប​នេះ​ចំពោះ​អ្នក​សារព័ត៌មាន​នោះ​ឡើយ ពោល​គឺ​មាន​តារា​ផ្សេង​ៗ​ទៀត​ក៏​បាន​ធ្វើ​រឿង​នេះ​ដូច​គ្នា ក្នុង​ពេល​ដែល​ពួក​គេ​ហាក់​មិន​ចង់​មានរឿង​អ្វី​ដែល​អាក្រក់​កើតឡើង​ចំពោះ​ខ្លួន​ដែល​ជា​បុគ្គល​សាធារណៈ​នោះ​ឡើយ ។

ទោះជា​យ៉ាងណា សម្រាប់​អ្នក​សារព័ត៌មាន​ដែល​មានការ​បណ្តុះបណ្តាល​មួយ​ច្បាស់លាស់​គឺ​តែង​តែ​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ ប៉ុន្តែ​វា​ក៏​មាន​អ្នក​សារព័ត៌មាន​មួយ​ចំនួន​តូច​អាច​មិន​គោរព​ក្រមសីលធម៌​នេះ​ដែរ ពោល​គឺ​មិន​សំដៅ​អ្នក​សារព័ត៌មាន​ទូទៅ​នោះ​ឡើយ ។ ភាគច្រើន​នៃ​ការ​ចុះ​ផ្សាយ​មិន​ថា ព័ត៌មាន​សិល្បៈ​នោះ​ទេ អ្នក​សារព័ត៌មាន​តែងតែ​ព្យាយាម​តាម​រក​ប្រភព​ដើម្បី​ធ្វើការ​សម្ភាសន៍ និង​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់ ប៉ុន្តែ​ប្រសិនបើ​ប្រភព​មិន​មានការ​សហការ​ល្អជា​មួយ​អ្នក​សារព័ត៌មាន​នោះ គឺជា​រឿង​មួយ​ដែល​មិន​អាច​បន្ទោស​នូវ​ពេល​ព័ត៌មាន​បាន​ផ្សាយ​ចេញ​នោះ​ឡើយ ។

បើ​សំឡឹង​ពី​អតីតកាល​មាន​តារា​មួយ​ចំនួន​បាន​ធ្លាក់​ចុះ​នូវ​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​​ពួក​គេ​ទាំងនោះ​មិន​សហការ ឬ​មិន​មាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​សារព័ត៌​មាននៅ​ពេល​ដែល​មានការ​ព្យាយាម​សុំ​សម្ភាសន៍​ដើម្បី​បាន​ព័ត៌មាន​ច្បាស់លាស់​មួយ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​មាន​តារា​ខ្លះ​បាន​ធ្វើ​មិន​គ​ម្បី និង​មាន​លក្ខខណ្ឌ​ដ៏​ពិបាក​មួយ​ចំនួន​ចំពោះ​អ្នក​សារព័ត៌មាន នៅ​ពេល​ដែល​ចង់បាន​ជួប​សម្ភាសន៍​ជាមួយ​ពួក​គេ​ដោយ​ផ្ទាល់​ម្តង​ៗ ដែល​កត្តា​នេះ បាន​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​មិនល្អ នៅ​ពេល​ដែល​ព័ត៌មាន​អាស្រូវ​របស់​ពួក​គេ​បាន​ចេញផ្សាយ​ដោយ​គ្មាន​ការ​បកស្រាយ ។

យ៉ាងណា​ការ​លើក​ឡើង​ពី​តារា​សម្តែង សុ​វ​ណ្ណា​ឡា​ង ខាងលើ​នេះ គឺ​មិនមែន​ជា​ការ​ខុសឆ្គង​ទាំង​ស្រុង​នោះ​ឡើយ ពោល​គឺ​អ្នក​សារព័ត៌មាន​ត្រូវ​មានការ​គោរព​វិជ្ជាជីវៈ និង​ក្រមសីលធម៌ ប៉ុន្តែ​ប្រសិន​បើ​អ្នកសិល្បៈ​មិន​សហការ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​នោះ អ្នក​សារព័ត៌មាន​ក៏​គ្មាន​ជម្រើស​សម្រាប់​​ការ​ចេញផ្សាយ​ព័ត៌មាន​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ