ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​ដឹក​ធ្យូង​លក់​តាម​គោ​យន្ត​កន្ត្រៃ​ថ្វី​ដ្បិត​កាក់កប តែ​លំបាក​បន្តិច (មានវីដេអូ)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ក្នុង​ទឹកមុខ​សប្បាយ​រីករាយ ពេល​ឃើញ​ម៉ូយ​តាម​ផ្លូវ​ហៅ​ទិញ​ធ្យូង ខណៈ​គាត់​ដឹក​ធ្យូង​តាម​គោ​យន្ត​កន្ត្រៃ​លក់​អស់​ត្រឹមតែ​រយ​:​ពេល​មិន​ដល់​មួយ​ព្រឹក​ផង​នោះ ហើយ​ប្រញាប់ប្រញាល់​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​បន្ត​ដើរ​រក​ទិញ​ធ្យូង​បន្ថែម​ទៀត​ពី​ឡ​របស់​ប្រជាពលរដ្ឋ​ដែល​ប្រកប​មុខរបរ​ដុត​ធ្យូង​លក់ ។ តែ​បុរស​ខាងលើ​បាន​ត្អូញត្អែរ​ថា ការ​រកស៊ី​ដឹក​ធ្យូង​លក់​នៅ​ពេល​នេះ​មានការ​លំបាក​បន្តិច…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ក្នុង​ទឹកមុខ​សប្បាយ​រីករាយ ពេល​ឃើញ​ម៉ូយ​តាម​ផ្លូវ​ហៅ​ទិញ​ធ្យូង ខណៈ​គាត់​ដឹក​ធ្យូង​តាម​គោ​យន្ត​កន្ត្រៃ​លក់​អស់​ត្រឹមតែ​រយ​:​ពេល​មិន​ដល់​មួយ​ព្រឹក​ផង​នោះ ហើយ​ប្រញាប់ប្រញាល់​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​បន្ត​ដើរ​រក​ទិញ​ធ្យូង​បន្ថែម​ទៀត​ពី​ឡ​របស់​ប្រជាពលរដ្ឋ​ដែល​ប្រកប​មុខរបរ​ដុត​ធ្យូង​លក់ ។ តែ​បុរស​ខាងលើ​បាន​ត្អូញត្អែរ​ថា ការ​រកស៊ី​ដឹក​ធ្យូង​លក់​នៅ​ពេល​នេះ​មានការ​លំបាក​បន្តិច ដោយសារ​អត់​សូវ​មាន​អុស​សម្រាប់​ធ្វើ​ធ្យូង ពោល​គឺ​ប្រមូល​ឫស​ឈើ​នៅ​តាម​ចម្ការ ដើម្បី​ដាក់​ចូល​ឡ​ដុត​លក់​តែ​ម្តង ។

ភ្នាក់ងារ​កោះសន្តិភាព​បាន​ជួប​សម្ភាសន៍​ជាមួយ​បុរស​ជា​អ្នក​ដឹក​ធ្យូង​លក់​ខាងលើ​នេះ​កាលពី​វ​លា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

តាម​ប្រភព​ពី​បុរស​ម្នាក់​ដែល​ប្រកប​មុខរបរ​បើក​គោ​យន្ត​កន្ត្រៃ​ដឹក​ធ្យូង​លក់​ខាងលើ​ឈ្មោះ សុខ ភា អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ព្រាល ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​បាន​ដើរ​ទិញ​ធ្យូង​នៅ​តាម​ឡ​ដែល​ប្រជាពលរដ្ឋ​ដុត​ក្បែរ​ផ្ទះ និង​តាម​ចម្ការ រហូត​ដល់​គ្រប់​ចំនួន​៦០​កា​រ៉ុ​ង ទើប​ដឹក​តាម​គោ​យន្ត​កន្ត្រៃ​យក​ទៅ​លក់ ហើយ​គាត់​ងើប​តាំងពី​ម៉ោង​៤​ទៀប​ភ្លឺ រួច​បើក​គោ​យន្ត​ដឹក​ធ្យូង​លក់​តាម​ផ្លូវ រហូត​ដល់​ក្រុងប៉ៃលិន​ក៏​ភ្លឺ​ល្មម ហើយ​ពេល​ស្រប​ពេល​នោះ ប្រជាពលរដ្ឋ​ក៏​បើក​តូបលក់ផងដែរ លុះ​​ឃើញ​គាត់​ដឹក​ធ្យូង​លក់ ក៏​នាំ​គ្នា​ហៅ​ទិញ ដោយ​អ្នកខ្លះ​ទិញ​១០​កា​រ៉ុ​ង និង​អ្នកខ្លះ​ទិញ​ពី​៥​ទៅ​៦​កា​រ៉ុ​ង ។

គាត់​បន្ត​ទៀត​ថា ការ​លក់ដូរ​ធ្យូង​នា​ពេល​នេះ​កាក់កប​ជាង​រាល់​ឆ្នាំ ហើយ​ធ្យូង​ក៏​ឡើងថ្លៃ​ដែរ ដោយ​កាលពីមុន តម្លៃ​ធ្យូង​ក្នុង​១​កា​រ៉ុ​ង លក់​បាន​ត្រឹមតែ​១១០០០​រៀល ទៅ​១២០០០​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ គាត់​អាច​លក់​បាន​១​កា​រ៉ុ​ងរ​ហូត​ដល់​១៤០០០​រៀល ទៅ​១៥០០០​រៀល​ឯណោះ ហើយ​ការ​លក់​នេះ​មិន​ដល់​មួយ​ព្រឹក​ផង ស្រាប់តែ​អ្នក​ភូមិ​នាំ​គ្នា​ទិញ​ធ្យូង​អស់រលីង ។

គាត់​បាន​បញ្ជាក់​ថែម​ទៀត​ថា ការ​ចូល​ទៅ​ដឹក​ធ្យូង​ពី​.​ឡ​មានការ​លំបាក ដោយសារ​ភ្លៀង​ធ្លាក់​ជោកជាំ​ខ្លាំង បណ្តាល​ឱ្យ​បែក​ភក់ ខូច​ផ្លូវ ដោយពេល​ខ្លះ​នាំ​គ្នា​លី​សែង​ចេញពី​ក្នុង​ចម្ការ​យក​មក​ដាក់​លើ​គោ​យន្ត​នៅ​ឯ​ផ្លូវ រួច​រៀបចំ​ដឹក​យក​ទៅ​លក់ដូរ​តែ​ម្តង ។ លើស​ពី​នេះ ការ​លក់ដូរ​ធ្យូង​ពេល​នេះ​ដាច់​ខ្លាំង បើសិនជា​មាន​ធ្យូង​លក់​រាល់ថ្ងៃ អ្នក​ភូមិ​ក៏​ទិញ​រាល់ថ្ងៃ​ផង​ដែរ ពោល​គឺ​រកតែ​ធ្យូង​លក់ដូរ​សឹង​មិន​បាន​ផង​ ហើយ​បើសិនជា​គាត់​ដើរ​រក​ទិញ​បាន​ឆាប់​ៗ​នឹង​បន្ត​យក​មក​លក់ដូរ​នៅ​ក្រុងប៉ៃលិន​ជា​បន្ត​ទៀត​ផង​ដែរ ។ ចំពោះ​ការ​ដឹក​ធ្យូង​លក់​តាម​ផ្លូវ អត់​មាន​ខាង​នគរបាល ឬ​សមត្ថកិច្ច​ណា​កាក់​ទារ​លុយ​ដូច​កាលពីមុន​នោះ​ទេ ហើយ​លោក​ពិតជា​សប្បាយចិត្ត​យ៉ាង​ខ្លាំង ហើយ​ក៏​មិនសូវ​មាន​អ្នក​ណា​ប្រកប​របរ​មួយ​នេះ​ដែរ ព្រោះ​លំបាក​ដើរ​រក​ទិញ​ធ្យូង​ពី​ក្នុង​ឡ ។

ទោះបីជា​ប្រជាពលរដ្ឋ​ភាគច្រើន​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ប្រើ​ចង្ក្រានអគ្គិសនី និង​អ្នកខ្លះ​ប្រើ​ចង្ក្រានហ្គាស​ដាំបាយ ក៏​ដោយ តែ​អ្នកខ្លះ​ទៀត​និយម​ដាំ​បាយ​ដោយ​ប្រើ​ចង្ក្រាន​ធ្យូង ព្រោះ​បាយ​មាន​ក្លិន​ឈ្ងុយ ហូប​ឆ្ងាញ់ ជា​ពិសេស​មនុស្ស​វ័យ​ចំណាស់​បន្តិច​ចូល​ចិត្ត​ហូប​បាយ​ដាំ​ដោយ​ច​ង្ក្រា​នធ្យូង​ខ្លាំង​ណាស់ ជា​ហេតុ​ធ្វើ​ឱ្យ​ការ​លក់​ធ្យូង​នៅ​តែ​កាក់កប ជា​ពិសេស​គឺ​អ្នក​ដាំបាយ​លក់​តែម្តង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ