ប្រទេសចិន ៖ អាជ្ញាធរមូលដ្ឋានរាយការណ៍នាថ្ងៃទី១១តុលាថា មនុស្ស៣នាក់បានស្លាប់និង២នាក់ទៀតរងរបួស ដោយសារការបាក់ស្ពានក្នុងទីក្រុងមួយនាភាគខាងកើតចិន។ គ្រោះមហន្តរាយនេះ កើតមានកាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅក្រុងវូស៊ី ក្នុងខេត្តជាំងស៊ូ ចម្ងាយ១០០គីឡូម៉ែត្រភាគពាយ័ព្យ ក្រុងសៀងហៃ។
នៅតាមបណ្ដាវីដេអូចេញផ្សាយដោយបណ្ដាសារព័ត៌មានចិន បង្ហាញស្ពានមួយមានកម្ពស់ច្រើនម៉ែត្រ បានបាក់សង្កត់រថយន្តជាច្រើនគ្រឿងដែលនៅពីខាងក្រោម។ តាមការស៊ើបអង្កេតដំបូងថា រថយន្តកាំមីញ៉ុងដឹកធ្ងន់បំផុតមួយ បានបើកឆ្លងកាត់ដោយខុសច្បាប់ស្ពាននោះនាំឲ្យស្ពានបាក់។
សាលាក្រុងវូស៊ី បានរាយការណ៍តាមបណ្ដាញសង្គមថា រថយន្ត៣គ្រឿង ក្នុងនោះ១គ្រឿងពុំមានមនុស្ស ដែលចតនៅខាងក្រោមត្រូវស្ពានបាក់សង្កត់។ មនុស្ស៣នាក់បានត្រូវស្លាប់ក្នុងរថយន្ត២គ្រឿង។
ការបាក់ស្ពាននិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗកម្រមានណាស់នៅចិន។ កាលពីខែកុម្ភៈឆ្នាំ២០១៨ មនុស្ស៨នាក់បានត្រូវស្លាប់និង៣នាក់ទៀតបាត់ខ្លួន នៅFOSHANភាគខាងកើតប្រទេស ក្រោយការបាក់ផ្លូវថ្នល់មួយបណ្ដាលមកពីការធ្លាយទឹកក្នុងការដ្ឋានស្ថានីយមេត្រូមួយ៕ (កែសម្រួលដោយ ៖ បុប្ផា) (ប្រភពវីដេអូ ៖ Le Parisien)
ចែករំលែកព័តមាននេះ