បទ​ពិសោធ​មិត្តភក្តិ​៣​រូប បង្កើត​អាជីវកម្ម​តម្លៃ ៥៥០ លាន​ដុល្លារ​ពី​ការ​លក់​របស់​គ្មាន​បានការ


លោក Siu Rui Quek, Marcus Tan និង Lucas Ngoo គឺជា​អ្នក​ផ្តួចផ្តើម​បី​រូប​ក្រោយ​ក្រុមហ៊ុន Carousell ដែល​ជាទី​ផ្សារ​លក់​ផលិតផល​រវាង​អតិថិជន​ដែល​មាន​ការិយាល័យ​ធំ​ក្នុង​ប្រទេស​សិង្ហ​បុរី ។ វា​ជា​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​ចាត់ទុកជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្មី​ដែល​អាច​មាន​តម្លៃ​កើន​ដល់ ១​ប៊ី​លាន​ដុល្លារ​ក្នុង​អាស៊ី​អាគ្នេយ៍ ។

មិត្ត​ភក្តី​ទាំង​បី​បាន​ចាប់ផ្តើម​អាជីវកម្ម​នេះ​ក្នុង​ឆ្នាំ ២០១២ បន្ទាប់​ពី​ត្រូវ​បាន​បំផុសគំនិត​ពេល​ទៅ​ធ្វើការ​ហាត់​ការ​នៅ Silicon Valley ក្នុង​សហរដ្ឋអាមេរិក ។ ក្នុង​រយៈពេល ៧ ឆ្នាំ ពួក​គេ​ទទួល​បានការ​គាំទ្រ​ពី​វិនិយោគិន​ធំ​ៗ និង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​កើន​ដល់​តម្លៃ ៥៥០ លាន​ដុល្លារ ។
លោក Quek ដែល​ជានា​យក​ប្រតិបត្តិ​បាន​និយាយ​ថា លោក​បង្កើត​គំនិត​នេះ​ចេញពី​លោក Jack Dorsey, Mark Zuckerberg និង Drew Houston ជាដើម ហើយ​ចំណុច​មួយ​ដែល​ពួក​គេ​ចែករំលែក​គឺ​ការ​ចាប់អារម្មណ៍​នឹង​ការ​ប្រើ​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា ។ ដូច្នេះ​ពួក​លោក​ក៏​ប្រើ​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ពួក​គេ​ជួប​ប្រទះ​គឺ​ការ​ដែល​មាន​សម្ភារៈ​ដែល​មិន​ត្រូវការ ប៉ុន្តែ​គ្មាន​វិធី​ក្នុង​ការ​លក់​វា​ចេញ​បន្ត ។

ពេល​ដែល​ត្រលប់​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី​វិញ​ពួក​គេ​ក៏​បាន​ចាប់ផ្តើម​បង្កើត​ទីផ្សារ​អន​ឡាញ​មួយ​ដែល​អតិថិជន​អាច​ប្រើ​ដើម្បី​លក់​គ្រឿង​អេ​ឡិច​ត្រូ​និក សម្លៀក​បំពាក់ អចលនទ្រព្យ យានយន្ត និង​ប្រកាស​ការងារ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។

Carousell មាន​រូបរាង​ស្រ​ដៀង​គ្នា​ជាមួយនឹង eBay ដែរ ប៉ុន្តែ​លោក Quek ផ្តោត​សំខាន់​លើ​ដំណោះស្រាយ​លើ​ទូរស័ព្ទ​ដៃ​ប្រចាំ​អាស៊ី​អាគ្នេយ៍​ព្រោះ​ប្រជាជន​ក្នុង​តំបន់​នេះ​ភាគច្រើន​មាន​ស្មា​ត​ហ្វូ​ន​ច្រើន​ជាង​កុំព្យូទ័រ ។ លើស​ពី​នេះ​ទៅ​ទៀត ពួក​គេ​ផ្តោត​សំខាន់​លើ​ការ​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​ដោយ​ពួក​គេ​គ្រាន់តែ​ថតរូប បង្ហោះ និង​អាច​លក់​ឲ្យ​អ្នក​ដទៃ​បាន​ដោយ​ងាយស្រួល ។ ហើយ​ក្រុមហ៊ុន​នេះ​លើកកម្ពស់​គោលដៅ​មួយ​ដែល​ជំរុញ​ឲ្យ​មនុស្ស​គ្រប់​រូប​ទូ​ទាំង​ពិភពលោក​ចាប់ផ្តើម​លក់ និង​ទិញ ។

បច្ចុប្បន្ន​នេះ​ពួក​គេ​បាន​ចាប់ផ្តើម​បង្រួម​បច្ចេកវិទ្យា Artificial Intelligence និង​ទទួល​បានការ​វិនិយោគ​ពី​ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា Rakuten, Golden Gate Ventures និង 500 Startups ជាដើម ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ