ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ប្រាសាទ​ព្រះ​ខ័​ន្ធ​កំពង់ស្វាយ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់


ខេត្តព្រះវិហារ ៖ នៅ​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៩​នេះ ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទ​ព្រះ​ខ័​ន្ធ​កំពង់ស្វាយ ស្ថិត​ក្នុងភូមិ​តា​សែង ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ មានការ​កើនឡើង​ច្រើន​គួរ​កត់សម្គាល់ ។ មន្ទីរ​វប្បធម៌​និង​វិចិត្រ​សល្បៈ​ខេត្តព្រះវិហារ​អះអាង​ថា នៅ​ពេល​ខាង​មុខ​នេះ មន្ទីរ​នឹង​រៀបចំ​រមណីយដ្ឋាន​មួយ​នេះ​ឲ្យ​មាន​កន្លែង​សម្រាក​លំហែកាយ​ដល់​ភ្ញៀវ​មក​លេង​កម្សាន្ត និង​ដាក់​បន្ថែម​នូវ​ធុងសម្រាម ដើម្បី​អនាម័យ​បរិស្ថាន​ឲ្យ​បាន​ស្អាត ។

លោក នៅ ចាន់​គង់ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តព្រះវិហារ បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​មន្ទីរ​ជំនាញ​បាន​សាងសង់​ជា​កន្លែង​ប្រចាំការ​ចំនួន​៤​កន្លែង ដែល​អាច​ឲ្យ​ភ្ញៀវ​បាន​សម្រាក​ហូប​បាយ ក្រោយ​ដើរ​ទស្សនា​ប្រាសាទ​ព្រះ​ខ័​ន្ធ​កំពង់ស្វាយ និង​ប្រាសាទ​ព្រះ​ដំរី​រួច ឬ​ភ្ញៀវ​ទេសចរ​អាច​នាំ​យក​អាហារ​ទៅ​ហូប​នៅ​ក្នុង​បរិវេណ​ប្រាសាទ​នេះ​ក៏​បាន ព្រោះ​មន្ទីរ​ជំនាញ​បាន​សាងសង់​ជា​ខ្យូ​ស​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​សម្រាក​អង្គុយ​លេង​បាន​ចំនួន​២​កន្លែង​ផង​ដែរ ។

លោក​ថា ក្រៅពី​នេះ នៅ​ពេល​ខាង​មុខ​នេះ មន្ទីរ​នឹង​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត ដាក់ ធុងសំរាម​បន្ថែម​ទៀត សម្រាប់​ឱ្យ​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​លេង​កម្សាន្ត​នៅ​ក្នុង​តំបន់​រមណីយ៍ដ្ឋាន​មួយ​នេះ វេច​ខ្ចប់​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ការ​ចោល​សំរាម​ផ្តេសផ្តាស នាំ​ឲ្យ​ប៉ះពាល់​ដល់​សោ​ភ័​ណ្ឌ​ភាព​រមណីយដ្ឋាន​នេះ ។

ជាមួយ​គ្នា​នេះ អ្នកស្រី ឈឹ​ម សិ​ទ្ធី​ដា មន្ត្រី​ស្ថិតិ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ បាន​បង្ហាញ​ថា នៅ​ក្នុង​រយៈពេល​៩​ខែ គិត​ចាប់តាំងពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០១៩​នេះ ភ្ញៀវ​ទេសចរ​ដែល​បាន​ចូល​ទៅ​កម្សាន្ត​នៅ​ក្នុង​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ ប្រាសាទ​ព្រះ​ខ័​ន្ធ​កំពង់ស្វាយ ក្នុង​នោះ ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​១២.៧៦០​នាក់ កើនឡើង​៤៨.៣៩% ដោយឡែក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​៤៩៩​នាក់ កើនឡើង​៣២.៧១% នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ ។

សូម​បញ្ជាក់​ថា រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទ​ព្រះ​ខ័​ន្ធ​កំពង់ស្វាយ មាន​ទីតាំង​ឋិត​នៅ​ក្នុងភូមិ​តា​សែង ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ មាន​ចម្ងាយ​ពី​ទីប្រជុំជន​ក្រុង​ព្រះ​វិហារ ប្រមាណ​៩០​គីឡូម៉ែត្រ តែ​ប៉ុណ្ណោះ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ