រាជធានីភ្នំពេញ ៖ រថយន្តសណ្តោងកុងតឺន័រមួយគ្រឿងបានជ្រុលទៅបុករថយន្តបែនដឹកដី ដែលកំពុងតែឈប់ដូរកង់កណ្តាលផ្លូវចំពីក្រោយពេញទំហឹង បណ្ដាលឲ្យព្រូរថយន្តដឹកដីដែលកំពុងតែដូរកង់នោះរងរបួសធ្ងន់សន្លប់ស្តូកស្តឹងផងដែរ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ជិតស្តុបវត្តនិរោធរង្សី ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
រថយន្តបែនដឹកដីមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ក៨២៦០ ភព៣ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រីឯព្រូម្នាក់ដែលរងរបួសធ្ងន់ក៏មិនស្គាល់អត្តសញ្ញាណដែរ ។ ចំណែករថយន្តសណ្តោងកុងតឺន័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣E-៣០០៩ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបែនដឹកដីមួយគ្រឿងបានឈប់ដូរកង់មុខចំហៀងខាងឆ្វេងនៅកណ្តាលផ្លូវ ដោយមិនមានដាក់សញ្ញាសំគាល់នោះទេ តែមានមនុស្សឈរឱ្យសញ្ញា ដើម្បីអោយជាង និងព្រូដោះដូរកង់ ។
តាមប្រភពព័ត៌មានបានបន្តថា នៅពេលដែលជាង និងព្រូកំពុងតែដោះដូរកង់ ក៏ស្រាប់តែមានបុរសម្នាក់បានបើករថយន្តសណ្តោងកុងតឺន័រ ធ្វើដំណើរតាមផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្តបែនដឹកដីចំពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យធ្លាក់ដែកដូយរថយន្តបែនដឹកដីសង្កត់ពីលើព្រូរថយន្តម្នាក់ដែលកំពុងដោះកង់សន្លប់ស្តូកស្តឹង ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យជោរៃ ដែលនៅក្បែរកន្លែងកើតហេតុ ចំណែករថយន្តកុងតឺន័ររងការខូចខាតខ្ទេចផ្នែកខាងមុខចំហៀងខាងឆ្វេង តែមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរនោះទេ ហើយភ្លាមៗនោះដែរ អ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលច្បារអំពៅ២ ដើម្បីសាកសួរ ។
ក្រោយពេលកើតហេតុ ដោយសារតែអត់មានដំណោះស្រាយ រថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ច ជំនាញវាស់វែងយកទៅរក្សាទុកការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ