ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើជប៉ុន​ព​ន្លឿ​នការនាំ​ចូល​ស្វាយ​ស្រស់​ពី​កម្ពុជា​ ខណៈ​បច្ចុប្បន្ន​ទីផ្សារ​​កម្ពុជា​​ក្រៅប្រទេស​មាន​លក្ខណៈ​​ចង្អៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ដល់​ការ​នាំ​ចេញ​កសិផល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឲ្យ​បាន​កាន់តែ​ច្រើន​ក្នុង​ន័យ​ស្វែងរក​និង​ពង្រីក​ទីផ្សារ​នៅ​ក្រៅប្រទេស​ឲ្យ​បាន​កាន់តែ​ច្រើន ថ្មី​ៗ​នេះ​កម្ពុជា​បាន​ដាក់​សំណើរ​ទៅ​កាន់​ប្រទេស​ធំ​ៗ​ជា​ច្រើន​ទាំង​ក្នុង​និង​ក្រៅ​តំបន់ ដោយ​រំពឹង​ថា​ប្រទេស​ទាំងនោះ​ទទួលយក​សំណើរ​និង​នីតិវិធី ដែល​ឈាន​ទៅ​ដល់​ការ​យល់ព្រម​ទទួល​នាំ​ចូល​កសិផល​របស់​កម្ពុជា ជា​ពិសេស​ផ្លែ​ឈើ​ជា​ច្រើន​ប្រភេទ​ពី​កម្ពុជា ។ ក្នុង​នោះ​ដែរ កម្ពុជា​បាន​ធ្លាប់​បាន​ដាក់​សំណើរ​ទៅ​ប្រទេស​ជប៉ុន…


រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ដល់​ការ​នាំ​ចេញ​កសិផល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឲ្យ​បាន​កាន់តែ​ច្រើន​ក្នុង​ន័យ​ស្វែងរក​និង​ពង្រីក​ទីផ្សារ​នៅ​ក្រៅប្រទេស​ឲ្យ​បាន​កាន់តែ​ច្រើន ថ្មី​ៗ​នេះ​កម្ពុជា​បាន​ដាក់​សំណើរ​ទៅ​កាន់​ប្រទេស​ធំ​ៗ​ជា​ច្រើន​ទាំង​ក្នុង​និង​ក្រៅ​តំបន់ ដោយ​រំពឹង​ថា​ប្រទេស​ទាំងនោះ​ទទួលយក​សំណើរ​និង​នីតិវិធី ដែល​ឈាន​ទៅ​ដល់​ការ​យល់ព្រម​ទទួល​នាំ​ចូល​កសិផល​របស់​កម្ពុជា ជា​ពិសេស​ផ្លែ​ឈើ​ជា​ច្រើន​ប្រភេទ​ពី​កម្ពុជា ។ ក្នុង​នោះ​ដែរ កម្ពុជា​បាន​ធ្លាប់​បាន​ដាក់​សំណើរ​ទៅ​ប្រទេស​ជប៉ុន ដើម្បី​នាំ​ចូល​ផ្លែស្វាយ​ពី​កម្ពុជា ហើយ​សំណើរ​នេះ​នៅ​មិន​ទាន់​មានការ​យល់ព្រម​ពី​ភាគី​ជប៉ុន​នៅឡើយ ។

​ជាក់ស្តែង​ក្នុង​រយៈពេល​៩​ខែ​ដើម​ឆ្នា ២០១៩​នេះ ការ​នាំ​ចេញ​ផ្លែស្វាយ​របស់​កម្ពុជា គឺ​មាន​ត្រឹមតែ​ពីរ​ប្រទេស​ប៉ុណ្ណោះ គឺ​ប្រទេស​ថៃ និង​វៀតណាម ដែល​ថ្មី​ៗ​នេះ​សម្រេច​បាន​ប្រមាណ​តែ​ជិត​៤០​ម៉ឺន​តោន ខណៈ​សមាគម​ស្វាយ​កំពង់ស្ពឺ អាច​ផលិត​ផ្លែស្វាយ​បាន​ប្រមាណ​ពី​៧០​តោន​ទៅ​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ​ឯណោះ ដូច្នេះ​ការ​រក​ទីផ្សារ​ថ្មី​ៗ​បន្ថែម​ទៀត​សម្រាប់​ស្វាយ​ស្រស់​កម្ពុជា​គឺជា​រឿង​ចាំបាច់​ដើម្បី​ជួយ​រក​ទីផ្សារ​ជូន​កសិករ​ដាំ​ដុះ​ផ្លែស្វាយ ។

នៅ​ក្នុង​ជំនួប​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ​ទី ០៧ ខែតុលា​កន្លង​ទៅ​នេះ លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​ថា «​កម្ពុជា​បាន​និង​កំពុង​ខិតខំ​ក្នុង​ការ​ពង្រឹងគុណភាព​ផលិតផល​កសិកម្ម ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​សំខាន់​ដូច​ជា ចិន កូរ៉េ ជប៉ុន​ជាដើម ដោយ​ក្នុង​នោះ កម្ពុជា​បាន​សម្រេចការ​ចរចារ​ជាមួយ​ភាគី​ចិន​និង​បាន​សាកល្បង​នាំ​ចេញ​ចេកអំបូង​លឿង​ស្រស់​ជា​ស្ថាពរ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ហើយ​យើង​ក៏​សូម​ស្នើ​អោយ​ភាគី​ជប៉ុន​ពិចារណា​និង​ព​ន្លឿ​ន​សំណើរ​ដែល​ភាគី​កម្ពុជា​បាន​ដាក់​ជូន ដើម្បី​នាំ​ចេញ​ស្វាយ​ស្រស់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ជប៉ុន​ផង​ដែរ​»​។

លោក វេ​ង សា​ខុន បាន​អះអាង​ប្រាប់​ទៅ​ភាគី​ជប៉ុន​ថា ក្រៅពី​ផ្លែស្វាយ​ស្រស់ ជប៉ុន​ក៏​អាច​ពិនិត្យ​មើល​ពី​សក្ដានុពល​ផ្លែ​ឈើ​ជា​ច្រើន​ប្រភេទ​ទៀត​ដែល​ដាំ​ដុះ​នៅ​កម្ពុជា ដើម្បី​នាំ​ចូល​ទីផ្សារ​របស់​ខ្លួន​ផង​ដែរ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម ក្នុង​វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំង​ពីរ ។ ​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​បញ្ជាក់​ថា « ក្នុង​នាម​ជា​សេនាធិការ នៃ​រាជរដ្ឋាភិបាល​កម្ពុជា យើង​សង្ឃឹម និង​ជឿជាក់​ថា រាជរដ្ឋាភិបាល​ជប៉ុន តាម​រយ​:​អនុរដ្ឋមន្ត្រី និង​ឯកអគ្គរាជទូត​ថ្មី​នឹង​បន្ត​ជួយ​គាំទ្រ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ជា​ពិសេស​វិស័យ​កសិកម្ម​ឲ្យ​មានការ​រីក​ចម្រើន​បន្ថែម​ទៀត​នា​ពេល​អនាគត និង​ជា​ពិសេស​ជំរុញ​ការ​នាំ​ចេញ​កសិផល​កសិកម្ម​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​» ។

បើ​តាម​លោក Kanji KATO អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​របស់​ជប៉ុន​បាន​ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្មាន​ថ្ងៃនេះ ក្នុង​គោលបំណង ដើម្បី​ពង្រឹង​និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម លើ​វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​គឺ​ផលិតកម្ម​សាច់​គោ និង​សាច់​ជ្រូក ។ ​Kanji KATO បាន​បន្ត​ថា «​បន្ទាប់​ពី​ទស្សនកិច្ច​ចប់​សព្វគ្រប់​និង​ត្រលប់​ទៅ​កាន់​ប្រទេស​ជប៉ុន​វិញ យើង​សង្ឃឹមថា​ប្រទេស​យើង​ទាំង​ពីរ នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា លើ​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​រឹង​មាំ ល្អ​ប្រសើរ​ថែម​ទៀត ជា​ពិសេស​ការ​ធ្វើ​ពាណិជ្ជកម្ម​ផលិតផល​កសិកម្ម​រវាង​ប្រទេស​យើង​ទាំង​ពីរ​» ។

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ កម្ពុជា បានអោយ​ដឹង​ថា ផលិតផល​កសិកម្ម​កម្ពុជា​សំខាន់​ៗ​ដែល​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជប៉ុន មាន​តែ ម្រេច និង​ចេកអំបូង​ស្រស់​ប៉ុណ្ណោះ ដោយឡែក​ផ្លែស្វាយ​របស់​កម្ពុជា បច្ចុប្បន្ន​នេះ បាន​នាំ​ចេញ​ជា​ផ្លូវការ​ទៅ​កាន់តែ​ប្រទេស​ពីរ​ប៉ុណ្ណោះ គឺ​ប្រទេស​វៀតណាម និង​ថៃ ដោយ​ក្នុង​រយៈពេល​៩​ខែ​ដើម​ឆ្នា ២០១៩​នេះ ការ​នាំ​ចេញ​ផ្លែស្វាយ​របស់​កម្ពុជា ទៅ​កាន់​ប្រទេស​ថៃ និង​វៀតណាម​សម្រេច​បាន​ប្រមាណ​តែ​ជិត​៤០​ម៉ឺន​តោន ខណៈ​សមាគម​ស្វាយ​កំពង់ស្ពឺ អាច​ផលិត​ផ្លែស្វាយ​បាន​ប្រមាណ​ពី​៧០​តោន​ទៅ​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ ។

​សូម​រម្លឹក​ថា​កន្លង​មក​ការ​នាំ​ចេញ​ផ្លែស្វាយ​កម្ពុជា​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង​លើក​ដំបូង​ក៏​ត្រូវ​បាន​ពន្យារពេល បន្ទាប់​ពី​ក្រុមហ៊ុននាំចេញ​មិន​បាន​បំពេញ​តាម​ស្តង់ដារអនាម័យ ផលិតផល​កសិកម្ម​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កូរ៉េ​។ បើ​តាម​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹង​កាល​ពេល​កន្លង​ទៅ​ថា ការ​ពន្យា​ពេល​នាំ​ចេញ​ស្វាយ​ទៅ​កូរ៉េ​កន្លង​មក គឺ​ដោយសារ​តែ ក្រុមហ៊ុន Hyundai បើ​ទោះបីជា​ក្រុមហ៊ុន បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ចុង​ក្រោយ ដើម្បី​ការពារ​សម្អាត​ផលិតផល​របស់​ខ្លួន​ក៏​ដោយ​ក៏ APQA មិន​បាន​អនុញ្ញាត​ឲ្យ​មានការ​ដឹក​ជញ្ជូន​នោះ​ទេ​។

កាលពី​ខែធ្នូ ឆ្នាំ ២០១៨ ក្រុមហ៊ុន Hyundai បាន​បើក​ដំណើរការ​រោងចក្រ​សម្អាត​ផ្លែ​ឈើ​នៅ​ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយ​រំពឹង​ថា​ក្រុមហ៊ុន​អាច​នាំ​ចេញ​ផ្លែ​ឈើ​សម្អាត​រួច​រហូត​ដល់​ទៅ ៥០.០០០ តោន​ក្នុង​មួយ​ឆ្នាំ​ដោយ​រាប់​បញ្ចូល​ទាំង ដូង ធូ​រេ​ន និង​មង្ឃុត​ផង​ដែរ តែ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​សម្រេចការ​នាំ​ចេញ​នៅឡើយ​ទេ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ