ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ប្រជាកសិករដាំត្របវែង និងពោត ត្អូញត្អែរពីសត្វល្អិតបំផ្លាញដំណាំរបស់គាត់ ។ លើសពីនេះទៅទៀតដំណាំបន្លែបានផលលឿនជាងដំណាំស្រូវ ។
បុរសម្នាក់ឈ្មោះ ឃុត សំបុង រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានប្រាប់អ្នកព័ត៌មាននាថ្ងៃទី០៩ ខែតុលានេះថា ការដាំដំណាំបន្លែនាឆ្នាំនេះ តម្លៃបានថ្លៃជាងឆ្នាំទៅមុនៗបើប្រៀបធៀបការធ្វើស្រែ គឺការដាំបន្លែរកចំណូលបានជាងស្រូវ ដែលឆ្នាំនេះគាត់រងនូវការទឹកជន់លិចរលួយអស់ហើយ ឆ្នាំមុនៗស្កកដោយសារខ្វះទឹក ។
បងប្រុសបានបន្តថា ចំពោះបន្លែប្រើប្រាស់ដីតូច តែឆាប់បានផលជាងស្រូវ ហើយការដាំបន្លែរបស់គាត់ក៏តែងជួបបញ្ហាសត្វល្អិតបំផ្លាញដែរ ។ នាឆ្នាំនេះគាត់ដាំត្របវែង ពេលនេះនៅមិនទាន់បានផលនៅឡើយទេ ទើបចេញផ្កាប្រហែលជា២០ថ្ងៃទៅមុខទៀតទើបបានផល ។ ម្យ៉ាងវិញទៀតបន្លែទាំងអស់ឲ្យតែទទួលបានផល គឺមានឈ្មួញកណ្តាលគេមកម៉ៅយកទៅលក់បោះដុំ និងរាយនៅទីផ្សារក្នុងក្រុងសិរីសោភ័ណនេះ ។
ជាមួយគ្នានោះដែរគាត់ក៏បានបញ្ជាក់ថា បញ្ហាសត្វល្អិតមានច្រើនប្រភេទដែលបំផ្លាញដំណាំ ពិសេស គឺដំណាំហូបផ្លែ ចំណែកការប្រើថ្នាំបាញ់សម្លាប់សត្វនោះក៏ត្រូវតែផ្លាស់ប្តូរថ្នាំដែរ បើយើងប្រើថ្នាំដដែលសត្វល្អិតវាសម មិនអាចងាប់នោះឡើយ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ