កា​រ៉ា​តេ​កម្ពុជា​កាន់តែ​មាន​សន្ទុះ ​បន្ទាប់​ពី​បាន​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​


រាជធានី​ភ្នំពេញ ៖ កីឡាករ​កីឡាការិនី​ជាង​១០០​នាក់ បាន​ចូលរួម​ក្នុង​ការ​ប្រកួត​កា​រ៉ា​តេ​ឆ្នាំ​​២០១៩ ដែល​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ថា វិស័យ​កា​រ៉ា​តេ​កម្ពុជា​ពិតជា​មាន​សន្ទុះ ខណៈ​ដែល​ធនធាន​នៅ​ក្នុង​វិស័យ​នេះ​ក៏​មាន​ច្រើន ។

មហាជន​ភាគច្រើន​យល់​ថា ឱកាស​ប្រកួតរបស់​សហព័ន្ធ​កា​រ៉ា​តេ​នា​ពេល​ចុង​ក្រោយ នេះ គឺជា ឱកាស​ដ៏​ល្អ​សម្រាប់​ឲ្យ​កីឡាករ​កីឡាការិនី ដែលចង់​ក្លាយជា​យុវជន​ថ្នាល និង​កីឡាករ​ជម្រើស​ជាតិ​បាន​បញ្ចេញ​សមត្ថភាព ។ ការ​ប្រកួត​ចម្រាញ់ រក​ធនធាន​ដែល​មាន​ទេព​កោសល្យ​នេះ មិន​ខុស​ពី​ជួយ​ឲ្យ​យុវវ័យ​និង​ថ្នាល​ថ្មី​ៗ ចាប់អារម្មណ៍​ចូល​រួម​លើក​ស្ទួយ​នោះ​ទេ ។ សូ​ម្បី​តែ​ថ្នាក់ដឹកនាំ​សហ​ព័ន្ធ​ទាំងមូល​ក៏​បន្ត​ការ​ប្រកាស​ថា នឹង​ជំរុញ​ឲ្យ កីឡាករ​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង ដោយសារ​តែ​សហព័ន្ធ​នឹង​មានការ​ប្រកួត​ជា​បន្តបន្ទាប់​ទៀត លើកទឹកចិត្ត​អ្នក​ចង់​​ក្លាយ​ជា​កីឡា​ករ​កីឡាការិនី និង​អ្នកជំនាញ​កីឡា​កា​រ៉ា​តេ ។

ជាមួយ​នេះ តំណាង​សហព័ន្ធ​ក៏​ទាមទារ​ឲ្យ​អាជ្ញាកណ្តាល ចៅក្រម ត្រូវ​តែ​កាត់ក្តី​ឲ្យ​យុត្តិធម៌ ដើម្បី​ជៀសវាង​ការ​បាក់ទឹកចិត្ត​ដល់​អ្នក​ប្រកួត ។

មន្ត្រី​សហព័ន្ធ​ក៏​បាន​ប្រកាស​ថា ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​ដែល​បាន​ធ្វើ​ឡើង ក៏​មិន ខុស​ពី​ពី​ការ​ចម្រាញ់​រក​ធនធាន​សម្រាប់​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២៣​ផង
ដែរ ។ ការ​ប្រកួត​ថ្នាក់​ជាតិ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ជា​ឱកាស​ឲ្យ​កីឡាករ​កីឡាការិនី​មក​ពី​ បណ្តា​ក្លិប​-​សមាគម​នានា ក្លាយជា​កីឡាករ ជម្រើសជាតិ​និង​យុវជន​ថ្នាល ។ ក្នុង​នោះ ម្ចាស់​ ជើងឯក​ពី​ការ​ប្រកួត​ថ្នាក់​ជាតិ​ក៏​មាន​ភាគរយ​ខ្ពស់ ក្នុង​ការ​ក្រសោប​ឱកាស​ឲ្យ​ក្លាយជា​កីឡាករ
ជម្រើសជាតិ​ដូច​គ្នា ។

លោក​រដ្ឋមន្ត្រី លឹ​ម គាន​ហោ អនុប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា បាន​ជំរុញ​ឲ្យ​កីឡា​ករ​ទាំងអស់ ត្រូវ​ខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ក្នុង​ការ​ដណ្តើម​យកជ័យ​ជម្នះ​នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ។ លោក​ទទូច​ឲ្យ​អាជ្ញាកណ្តាល ចៅក្រម​កាត់ក្តី ត្រូវ​ឈរ​លើ​គោល​ការណ៍​យុត្តិធម៌​មិន​លម្អៀង ឬ​ប្រកាន់​បក្ខ​ពួក និង​ធ្វើ​សកម្មភាព​លើកទឹកចិត្ត​ដល់​កីឡាករ​កី​ឡា​ការិនី​ឲ្យ​បាន​ច្រើន ដើម្បី​ថែរក្សា​ធនធាន​ក្នុង​វិស័យ​នេះ​ឲ្យ​បាន​ល្អ ។ ការ​កាត់​មិន​ត្រឹមត្រូវ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កីឡាករ​បាក់ទឹកចិត្ត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជះ​ឥទ្ធិពល​អាក្រក់​ដល់ វិស័យ​កីឡា នេះ​ទាំងមូល​ទៀត​ផង ។

លោក​រដ្ឋមន្ត្រី បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ជោគវាសនា​របស់​កីឡា​កា​រ៉ា​តេ​ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ប្រសិនបើ​ការ​យកចិត្ត​ទុក​ដាក់​មិន​ត្រូវ​បាន​គិតគូរ​ពី​ចម្ងាយ ។ ការ​បង្ហាញ​ក្តី​បារម្ភ​បែប​នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក​សង្កេត​ឃើញ​ថា កីឡា​កា​រ៉ា​តេ​នៅ​មាន​ចំណុច​ខ្វះខាត​ជា​ច្រើន​ដែល​ត្រូវ​អភិវឌ្ឍន៍​បន្ថែម ។ ទោះជា​យ៉ាងណា ផ្អែក​តាម​សន្ទុះ​នៅ​ក្នុង​ពេល​នេះ​លោក​ជឿជាក់​ថា កា​រ៉ា​តេ​កម្ពុជា​នឹង​មាន​គ្រាប់ពូជ​ល្អ​សម្រាប់​ស៊ីហ្គេ​ម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៩ មាន​កីឡាករ​កីឡាការិនី​ចំនួន​១២១​នាក់ មក​ពី​២១​ក្លិប​-​សមាគម​បង្ហាញខ្លួន​លើ​៤​វិញ្ញាសា​រួម​មាន សម្តែង​កា​តា​ឯកត្តជន​-​ក្រុម និង ប្រយុទ្ធ​ឯកត្តជន​-​ក្រុម ។ ក្រៅពី​ជើងឯក កម្មវិធី​នេះ​ក៏​រក​ឃើញ​អ្នកមាន​សមត្ថភាព​ធ្វើ​ជា​ធនធាន​ថ្មី​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ