ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ដៃដល់​ក្នុង​ករណី​បា.ញ់​សម្លា.ប់​ប្ដី​-​ប្រពន្ធ​​នៅ​មណ្ឌលគិរី​…​ចាប់​បាន​នៅ​បា​វិត

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តស្វាយរៀង ៖ ជន​ដៃដល់​ជា​ឃាតករ​ក្នុង​ករណី​បាញ់​សម្លាប់​២​នាក់​ប្ដី​ប្រពន្ធ​នៅ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី កាលពី​១​ខែមុន​នោះ ឥឡូវ​ត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ចាប់ខ្លួន​បាន​ហើយ​នៅ​ក្រុង​បា​វិត កាលពី​ល្ងាច​ថ្ងៃ​ទី​៧ តុលា ។ យោង​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា…

ខេត្តស្វាយរៀង ៖ ជន​ដៃដល់​ជា​ឃាតករ​ក្នុង​ករណី​បាញ់​សម្លាប់​២​នាក់​ប្ដី​ប្រពន្ធ​នៅ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី កាលពី​១​ខែមុន​នោះ ឥឡូវ​ត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ចាប់ខ្លួន​បាន​ហើយ​នៅ​ក្រុង​បា​វិត កាលពី​ល្ងាច​ថ្ងៃ​ទី​៧ តុលា ។

យោង​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​តាម​ប្រមាញ់​ឃាតករ​រូប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​បញ្ជា​ផ្ទាល់​ពី​លោកនាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត​នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ អគ្គស្នងការ​រង​ទទួល​ផែន​នគរបាល​យុត្តិធម៌ និង​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ដោយ​ចាត់​ឲ្យ​លោក​វរសេនីយ៍ឯក ជាវ វិបុល អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បើក​ការ​ស្រាវជ្រាវ​តាម​ចាប់​ឃាតករ​ដែល​ក្រោយ​ធ្វើ​សកម្មភាព​យ៉ាង​ឃោរឃៅ​នោះ​ក៏​រត់គេច​ខ្លួន​រហូត​មក​ដល់​ថ្ងៃ​ទី​៧ តុលា ទើប​កម្លាំង​សមត្ថកិច្ច​យើង​ចាប់​បាន ។

លោក​វរសេនីយ៍ឯក ជាវ វិបុល បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោម​បទបញ្ជា​និង​ការ​ចង្អុលបង្ហាញ​ពី​ថ្នាក់ដឹកនាំ លោក​បាន​ដឹកនាំ​កម្លាំង​នាយកដ្ឋាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តស្វាយរៀង​និង​កំណត់​អត្ដសញ្ញាណ​ជន​ដៃដល់​ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​បាន​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៧ តុលា នៅ​ចំណុច​ការដ្ឋាន​សំណង់​មួយ​កន្លែង​ស្ថិត​ក្នុង​ក្រុង​បា​វិត ។

លោក​វរសេនីយ៍ឯក​បាន​បញ្ជាក់​ទៀត​ថា ជន​ដៃដល់​ដែល​កម្លាំង​ជំនាញ​ចាប់ខ្លួន​បាន​នោះ​ឈ្មោះ សុខ ចំរើន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូ​គគីរ ឃុំ​អូ​តា​យ៉ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី បាន​រត់គេច​មក​ធ្វើ​កម្មករ​សំណង់​ក្នុង​ការដ្ឋាន​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​បញ្ជូន​មក​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ធ្វើការ​សួរនាំ​និង​បញ្ជូន​បន្ដ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​វិញ ដែល​ជា​ម្ចាស់​ករណី ។

សូម​រំលឹក​ផង​ដែរ​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​៧ កញ្ញា ពោល​គឺ​មួយ​ខែ​មុន ករណី​បាញ់​សម្លាប់​២​នាក់​ប្ដី​ប្រពន្ធ​នេះ​បាន​កើតឡើង​នៅ​ចំណុច​ថ្មដារ​ស្ថិត​នៅ​ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។ ជន​រង​គ្រោះជា​ប្ដី​ឈ្មោះ រ៉ា ហៅ ម៉ៅ អាយុ​៣៧​ឆ្នាំ ជា​កសិករ និង​ប្រពន្ធ​ឈ្មោះ អាន អុល អាយុ​៣៤​ឆ្នាំ ជា​កសិករ ។ ដើមចម​ដែល​នាំ​ឲ្យ​មាន​អំពើ​ឃាតកម្ម​នេះ​សមត្ថកិច្ច​បង្ហើប​ថា ផ្ដើម​ចេញពី​រឿង​ទំនាស់​ដីធ្លី​នៅ​តំបន់​ព្រៃ​ខៀវ ហើយ​ជន​ដៃ​ដល់​ជា​ឃាតករ​បាន​បាញ់​ទៅ​លើ​គូទម្នាស់​ស្លាប់​តែ​ម្តង និង​ចាប់ខ្លួន​បាន​២​ថ្ងៃ​ក្រោយមក​គឺ​ស្ត្រី​ជា​ប្រពន្ធ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កើតហេតុ​នៅ​ល្ងាច​នោះ លុះដល់​ព្រឹក​ថ្ងៃ​ទី​៨ កញ្ញា សព​ប្ដី​ប្រពន្ធ ២​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក​កូន​មុំ ដឹក​យក​ទៅ​តំកល់ នៅ​វត្ត​អូរ​ភ្លង ស្រុក​កូន​មុំ ខេត្តរតនគិរី ក្រោយ​ពី​កើតហេតុ​ការណ៍ បាញ់ប្រហារ ដោយ​ខ្មាន់កាំភ្លើង​២​នាក់ ប្ដី​ប្រពន្ធ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧ កញ្ញា ឆ្នាំ​២០១៩ នៅ​តំបន់​អនាធិបតេយ្យ​ព្រៃ​ខៀវ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។ អ្វី​ដែល​គួរ​ឱ្យ​ខ្លោចចិត្ត សព​ប្តី​ប្រពន្ធ​ទាំង​២​នាក់ ទើប​មក​ពី​ខេត្តកំពង់ធំ ធ្វើ​ចំការ នៅ​ចំណុច​ខាងលើ​បាន​៩​ខែ មានកូន​តូច​ៗ៣​នាក់ កូនប្រុស​ច្បង​អាយុ​៧​ឆ្នាំ កូន​ទី​២ ភេទ​ស្រី អាយុ​៥​ឆ្នាំ និង​ប្អូន​ទី​៣ ភេទ​ស្រី អាយុ​៤​ឆ្នាំ ។

ពេល​នេះ ​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កូន​មុំ លោក រស់ វ​ណ្ណា បាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ជិត​ខាង ក្រុម​គ្រួសារ​ទាំង​ពីរ មាន​ទំនាស់​គ្នា​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​ព្រោះ​រឿង​ដី ដែល​ជន​ដៃដល់​បាន​ឲ្យ​ទៅ​ជន​រង​គ្រោះ ។ ក្រោយមក​ក្រុម​គ្រួសារ​អ្នក​ទាំង​ពីរ​មាន​ទំនាស់​នឹង​គ្នា ប្តី​ប្រពន្ធ​ជន​ដៃដល់​ទាមទារ​យក​ដី​មក​វិញ តែ​ខាង​ជន​រង​គ្រោះ​មិន​ព្រម​ឲ្យ ។ ក្រុម​គ្រួសារ​ទាំង​ពីរ​នេះ តែងតែ​ឈ្លោះប្រកែក​គ្នា​ជា​រឿយ​ៗ ។

ដល់​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​រួម​ទាំង​អ្នក​ជិតខាង​បាន​ចាក់​ធុងបាស ផឹកស្រា​មាន​គ្នា​៥​ទៅ ៦​នាក់ តាំងពី​ម៉ោង​ប្រមាណ​ជាង​៣​រសៀល រហូត​ដល់​ម៉ោង​៧​យប់​ទើប​ឈប់ ។ នៅ​ពេល​ក្រុម​ជន​រង​គ្រោះ​បំបែ​គ​គ្នា​ឈប់​ផឹក​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ ជន​ដៃដល់​ក៏​បាន​មក​ស្ទាក់​តាម​ផ្លូវ​រករឿង​ឈ្លោះប្រកែក​គ្នា​រឿង​ចាក់​ធុងបាស់ ហើយ​ជន​រង​គ្រោះ​ឮ​ដូច្នោះ ក៏​បាន​ចេញពីផ្ទះ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ទៅ​សួរនាំ ក៏​ត្រូវ​បាន​ខ្មាន់កាំភ្លើង​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ជិតខាង​នោះ​បាញ់ប្រហារ​ទៅ​លើ​ប្ដី​ប្រពន្ធ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ ប្រភព​បាន​បញ្ជាក់​ថា ខ្មាន់កាំភ្លើង​បាញ់ប្រហារ​ត្រូវ​សមត្ថកិច្ច​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​ចាប់ខ្លួន​បាន​ស្ត្រី​ជា​ប្រពន្ធ ចំណែក​ប្ដី​សមត្ថកិច្ច​តាម​ចាប់ខ្លួន ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ