ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​១២​ជំពូក…លើសេចក្តីព្រាងច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ចំនួន​១២​ជំពូក និង​៦៧​មាត្រា និង​ជា​សេចក្តីព្រាងច្បាប់​ដ៏​សំខាន់​មួយ ត្រូវ​បាន​សមាជិក​រដ្ឋសភា​១០៨​រូប​អនុម័ត​ជា​ស្ថាពរ​ហើយ ។​សេចក្តីព្រាងច្បាប់​នេះ ត្រូវ​បាន​សមាជិក​រដ្ឋសភា​ចំនួន​១០៨​រូប លើកយក​មក​ពិភាក្សា…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ចំនួន​១២​ជំពូក និង​៦៧​មាត្រា និង​ជា​សេចក្តីព្រាងច្បាប់​ដ៏​សំខាន់​មួយ ត្រូវ​បាន​សមាជិក​រដ្ឋសភា​១០៨​រូប​អនុម័ត​ជា​ស្ថាពរ​ហើយ ។​សេចក្តីព្រាងច្បាប់​នេះ ត្រូវ​បាន​សមាជិក​រដ្ឋសភា​ចំនួន​១០៨​រូប លើកយក​មក​ពិភាក្សា និង​អនុម័ត​ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​៣ នីតិកាល​ទី​៦ នា​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ក្រោម​អធិបតីភាព​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន​ប្រធានរដ្ឋសភា ។

សេចក្តីព្រាងច្បាប់​នេះ ត្រូវ​បាន​រដ្ឋសភាអនុម័ត​មួយ​ជំពូក​ម្តង​ៗ ។ លើក​ឡើង​ក្នុង​អង្គប្រជុំ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថ្លែង​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក នឹង​ផ្តល់​វិធាន​ជា​មូលដ្ឋានដ៏​សំខាន់ ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ អេ​ឡិច​ត្រូ​និក​ក្នុង​និង​ក្រៅប្រទេស ប្រកបដោយទំនុកចិត្ត តាម​រយៈ​ការ​ទទួលស្គាល់​សុពលភាពអានុភាព ភាព​អាច​អនុវត្ត​បាន និង​ភាព​អាច​ទទួលយក​បាន​នៃ​ទំនាក់ទំនង​អេ​ឡិច​ត្រូ​និកកំណត់​ត្រា​អេ​ឡិច​ត្រូ​និក និង​កិច្ចសន្យា​តាម​ប្រព័ន្ធអេ​ឡិច​ត្រូ​និក ព្រមទាំង​មានការ​ទទួលស្គាល់យថាភូត​ភាព​នៃ​កំណត់​ត្រា​អេ​ឡិច​ត្រូ​និក និងហត្ថលេខា​អេ​ឡិច​ត្រូ​និក​ដែល​កំណត់​ដោយ​បច្ចេកវិទ្យា និង​គ្រប់គ្រង​ដោយ​ស្ថាប័នរដ្ឋ ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា សេចក្តីព្រាងច្បាប់​នេះនឹង​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នៅ​កម្ពុជា ដោយហេតុ​ថា ក្របខ័ណ្ឌ​ច្បាប់​និង​បទដ្ឋាន​គតិ​យុ​ត្ត​នានា ដែល​គាំទ្រ​ដល់សកម្មភាព​និង​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​និង​ឌី​ជី​ថ​ល ចាំបាច់​ត្រូវ​រៀបចំ​និង​ធ្វើ​ប​ច្ចុប្បន្ន​ភាព ដើម្បី​អាច​បង្កើត​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​រឹង​មាំ​មួយ ព្រមទាំង​ត្រៀម​ទទួលយក​នូវ​ការ​ឈាន​មក​ដល់​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ។

ជាង​នេះ​ទៀត សេចក្តីព្រាងច្បាប់​នេះ​នឹង​ផ្តល់​លទ្ធភាព​ឱ្យ​សហគ្រាស​ធុន​តូច​និង​មធ្យម (SMEs)​នៅ​កម្ពុជា អាច​ភ្ជាប់​ខ្លួន​ទៅ​នឹង​ខ្សែ​សង្វា​ក់ផលិតកម្ម​និង​ទីផ្សារ​ក្នុងស្រុក​និង​អន្តរជាតិ ក៏​ដូច​ជា​ជំរុញ​ឱ្យ​មានការ​ច្នៃ​ប្រឌិត និង​ការ​បង្កើត​ទំនិញ និង​សេវា​ថ្មី​ៗ​បន្ថែម​ទៀត​ផង​ដែរ ។សូម​ជម្រាប​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​ពា
ណិ​ជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ត្រូវ​បាន​គណៈ រដ្ឋមន្ត្រី​អនុម័ត​ក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​ដាក់​ជូន​សភា ។សេចក្តីព្រាងច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក រួម​មាន​១២​ជំពូក និង​៦៧​មាត្រា ដូច​ខាងក្រោម​៖

ជំពូក​ទី​១ បទ​ប្បញ្ញត្តិ​ទូទៅ​មាន​៤​មាត្រា​(​មាត្រា​១​ដល់​មាត្រា​៤) ។ ជំពូក​ទី​១​នេះ ចែង​អំពី​គោលបំណង គោលដៅ វិសាលភាព និង​និយម​ន័យ នៃ​វាក្យសព្ទ​សំខាន់​ៗ​ដែល​ប្រើ​ក្នុង​ច្បាប់​នេះ ។

ជំពូក​ទី​២ សុពលភាព​នៃ​ទំនាក់ទំនង​អេ​ឡិច​ត្រូ​និក​មាន​១០​មាត្រា​(​មាត្រា​៥​ដល់​មាត្រា​១៤) ។ ជំពូក​ទី​២​នេះ ចែង​អំពី​ការ​ទទួលស្គាល់​ទំនាក់ទំនង​អេ​ឡិច​ត្រូ​និក លក្ខខណ្ឌ​តម្រូវ​ជា​លាយលក្ខណ៍អក្សរ លក្ខខណ្ឌ​តម្រូវ​ចំពោះ​ហត្ថលេខា លក្ខខណ្ឌ​តម្រូវ​សម្រាប់​រក្សា​ព័ត៌មាន​ក្នុងទម្រង់​ដើម ទម្រង់​បែបបទ​ដែល​កំណត់ លក្ខខណ្ឌ​តម្រូវ​លើ​ការ​រក្សា​ទុក​កំណត់​ត្រា លក្ខខណ្ឌ​តម្រូវ​ស្តី​ពី​ភ័ស្តុតាង ការ​បង្កើត និង​សុពលភាព​កិច្ច សន្យា អានុភាព​រវាង​គូភាគី និង​ការ​អនុវត្ត​ដោយឡែក​តាម​ការ​ព្រមព្រៀង​របស់​គូភាគី ។

ជំពូក​ទី​៣ ដំណើរការ​នៃ​ទំនាក់ទំនង​អេ​ឡិចត្រូ​និក​មាន​៤​មាត្រា​(​មាត្រា​១៥​ដល់​មាត្រា​១៨)​។​ជំពូក​ទី​៣​នេះ ចែង​អំពី​ពេលវេលា និង​ទីកន្លែង​នៃ​ការ​បញ្ជូន​ចេញ និង​ការ​ទទួល​ព័ត៌មាន​ក្នុង​ទំនាក់ទំនង​អេ​ឡិច​ត្រូ​និក សំណើ​បង្កើត​កិច្ចសន្យា ការ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិ សម្រាប់​បង្កើត​កិច្ចសន្យា និង​កំហុសឆ្គង​នៃ​ការ​បញ្ចូល​ព័ត៌មាន​ក្នុង​ទំនាក់ទំនង​អេ​ឡិច​ត្រូ​និក ។

ជំពូក​ទី​៤ កំណត់​ត្រា​អេ​ឡិច​ត្រូ​និក​និង​ហត្ថ​លេ ខា​អេ​ឡិច​ត្រូ​និក​ដែល​មាន​សុវត្ថិភាព មាន​៥​មាត្រា​(​មាត្រា​១៩ ដល់​មាត្រា​២៣) ។ ជំពូក​ទី​៤​នេះ ចែង​អំពី​កំណត់​ត្រា​អេ​ឡិច​ត្រូ​និក​ដែល​មាន​សុវត្ថិភាព ហត្ថលេខា​អេ​ឡិច​ត្រូ​និក​ដែល​មាន​សុវត្ថិភាព ការ​សន្មត​ទាក់ទង​នឹង​កំណត់​ត្រា និង​ហត្ថលេខា​អេ​ឡិច​ត្រូ​និក ដែល​មាន​សុវត្ថិភាព ការ​លួច​ប្រើប្រាស់​អត្តសញ្ញាណ និង​ស្ថាប័ន​មាន​សមត្ថកិច្ច គ្រប់គ្រង​នីតិវិធី​សុវត្ថិភាព ។

ជំពូក​ទី​៥ អន្តរការី​និង​បុគ្គល​ផ្តល់​សេវា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក មាន​៥​មាត្រា​(​មាត្រា​២៤​ដល់​មាត្រា​២៨) ។ ជំពូក​ទី​៥​នេះ ចែង​អំពី​ការ​ទទួលខុសត្រូវ​របស់​អន្តរការី និង​បុគ្គល​ផ្តល់​សេវា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ការ​ទទួលខុសត្រូវ​ផ្នែក​ព័ត៌មាន ឬ​ហេតុការណ៍ ការ​ផ្តល់​លិខិតអនុញ្ញាត​ឬ​អាជ្ញាប័ណ្ណ ក្រមសីលធម៌​វិជ្ជាជីវៈ និង​បទ​ប្បញ្ញត្តិ​សម្រាប់​អន្តរការី និង​បុគ្គល​ផ្តល់​សេវា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក និង​កាតព្វកិច្ច​ពន្ធ ការ​លើកទឹកចិត្ត និង​ការ​អនុគ្រោះ ។

ជំពូក​ទី​៦ កិច្ច​ការពារ​អ្នក​ប្រើប្រាស់​មាន​៥​មាត្រា​(​មាត្រា​២៩​ដល់​មាត្រា​៣៣) ។ ជំពូក​ទី​៦​នេះ ចែង​អំពី​ព័ត៌មាន​អប្បបរមា​ក្នុង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ទំនាក់ទំនង​ពាណិជ្ជកម្ម ដែល​មិន​បាន​ស្នើ​សុំ​ការ​បង្កើត​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ក្លែងបន្លំ និង​កូដ​ព្យាបាទ ការ​ការពារ​ទិន្នន័យ និង​ការ​អនុ​វត្តបទ​ប្បញ្ញត្តិ​ទាក់ទង​នឹង​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ ។

ជំពូក​ទី​៧ សកម្មភាព​និង​ប្រតិបត្តិការ​របស់​រដ្ឋ តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​មាន​១​មាត្រា​(​មាត្រា​៣៤) ។ ជំពូក​ទី​៧​នេះ ចែង​អំពី​ការ​ទទួលស្គាល់​ទំនាក់ទំនង​អេ​ឡិច​ត្រូ​និក​ដោយ​ស្ថាប័នរដ្ឋ​។

ជំពូក​ទី​៨ ភ័ស្តុតាង​អេ​ឡិច​ត្រូ​និក​មាន​១១​មាត្រា​(​មាត្រា​៣៥​ដល់​មាត្រា​៤៥) ។ ជំពូក​ទី​៨​នេះ ចែង​អំពី​ការ​ទទួលយក​ជា​ទូទៅ​នៃ​ភ័ស្តុតាង​អេ​ឡិច​ត្រូ​និក សុក្រឹតភាព​នៃ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក សុក្រឹតភាព​នៃ​ព័ត៌មាន ឯកសារ​ដែល​បាន​បោះពុម្ព​ចេញ បន្ទុក​ក្នុង​ការ​បង្ហាញ​អំពី​យថាភូត​ភាព​នៃ​ភ័ស្តុតាង​អេ​ឡិច​ត្រូ​និក បទដ្ឋាន​នៃ​ការ​កត់ត្រា​ឬ​ការ​រក្សា​ទុក​កំណត់​ត្រា​អេ​ឡិច​ត្រូ​និក ការ​ចេញ​លិខិតបញ្ជាក់​យថាភូត​ភាព នីតិវិធី​ផ្សេង​ទៀត​ក្នុង​ការ​បង្កើត​ភ័ស្តុតាង​អេ​ឡិច​ត្រូ​និក ការ​បំពាន​លើ​កូដ​នី​យ​កម្ម ការ​ទទួលយក​កំណត់​ត្រា​អេ​ឡិច​ត្រូ​និក​ពី​បរទេស និង​ការ​ទទួលយក​ព័ត៌មាន​អេ​ឡិច​ត្រូ​និក​មក​ពី​បរទេស ។

ជំពូក​ទី​៩ ការ​ទូទាត់ និង​/​ឬ​ការ​ផ្ទេរ​ប្រាក់តាម​អេ​ឡិច​ត្រូ​និក​មាន​៣​មាត្រា​(​មាត្រា​៤៦​ដល់មាត្រា​៤៨) ។ ជំពូក​ទី​៩​នេះ ចែង​អំពី​ប្រតិបត្តិ ការ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ការ​ទទួលខុស​ត្រូវ​របស់​បុគ្គល​ផ្តល់​សេវា​ទូទាត់ និង​ការ​ទទួលខុសត្រូវ​របស់​អតិថិជន ។

ជំពូក​ទី​១០ សមត្ថកិច្ច ការ​ប្តឹង​តវ៉ា និង​នីតិវិធីនៃ​ការ​ផាកពិន័យ​មាន​៣​មាត្រា​(​មាត្រា​៤៩​ដល់
មាត្រា​៥១) ។ ជំពូក​ទី​១០​នេះ ចែង​អំពី​សមត្ថកិច្ច​នីតិវិធី​នៃ​ការ​ប្តឹង​តវ៉ា និង​នីតិវិធី​នៃ​ការ​ផាកពិន័យ ។
ជំពូក​ទី​១១ ទោស​ប្បញ្ញត្តិ​មាន​១៤​មាត្រា(​មាត្រា​៥២​ដល់​មាត្រា​៦៥) ។ ជំពូក​ទី​១១​នេះ ចែង
អំពី​ទណ្ឌកម្ម និង​ការ​ផាកពិន័យ ។

ជំពូក​ទី​១២ អវសាន​ប្បញ្ញត្តិ មាន​២​មាត្រា​(​មាត្រា​៦៦​ដល់​មាត្រា​៦៧) ។ ជំពូក​ទី​១២​នេះចែង​អំពី​ការ​និរា​ករណ៍​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ទាំងឡាយ​ដែល​ផ្ទុយ​នឹង​ច្បាប់​នេះ និង​ការ​អនុវត្ត​ច្បាប់​នេះ ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ