ខេត្តកំពង់ធំ ៖ ក្មេងប្រុស៤នាក់បងប្អូននាំគ្នាដើរបាញ់សត្វ ដោយប្រើកាំភ្លើងកែច្នៃ លុះដើរតាមផ្លូវក្មេងប្រុសម្នាក់បានចុះត្រូវ ដោយឱ្យកាំភ្លើងកែច្នៃនោះទៅក្មេងប្រុសម្នាក់ទៀតលើកលីដាក់ស្មា ស្រាប់តែឮសូរសំឡេងកាំភ្លើងផ្ទុះផូងឡើង លុះមើលកាណុងកាំភ្លើងកែច្នៃឃើញមានផ្សែងហុយៗ ស្រាប់តែឃើញក្មេងប្រុសរងគ្រោះដួលផ្ងារក្រោយបាត់មាត់ឈឹង ហើយក៏បានស្លាប់តាមផ្លូវពេលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតំបន់បុស្សធំ ទឹកដីភូមិភ្លង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ក្មេងប្រុសទាំង៤នាក់ខាងលើ ក្នុងនោះ ១-ឈ្មោះ មុឹង រ៉េ ភេទប្រុស អាយុ១៣ឆ្នាំ បានស្លាប់ ២-ឈ្មោះ រ៉ូ លាវ ភេទប្រុស អាយុ១០ឆ្នាំ ៣-ឈ្មោះ មុឹង រ៉េ និង៤-ឈ្មោះ មុឹង រាជ ភេទប្រុស អាយុ៩ឆ្នាំ ។ ក្មេងប្រុសទាំង៤នាក់រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
តាមការបំភ្លឺពីក្មេងប្រុសឈ្មោះ រ៉ូ លាវ ភេទប្រុស អាយុ១០ឆ្នាំ បានឱ្យដឹងថា ឪពុកម្តាយរបស់គេទៅធ្វេីការនៅប្រទេសថៃ ។ បច្ចុប្បន្ន រូបគេ និងប្អូនប្រុសម្នាក់ទៀតឈ្មោះ រ៉ូ សាក់ អាយុ៩ឆ្នាំ បានរស់នៅជាមួយអ៊ំប្រុសឈ្មោះ កៅ ថាវ អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ ឡាំ លីវ អាយុ៣៧ឆ្នាំ ដោយគ្រួសារនេះមានកូនចំនួន២នាក់ ក្នុងនោះម្នាក់ឈ្មោះ មុឹង រ៉េ ជាជនរងគ្រោះដែលស្លាប់ និងម្នាក់ទៀតឈ្មោះ មុឹង រាជ អាយុ៩ឆ្នាំ ។
តាមប្រភពដដែលបានបន្តថា ជារៀងរាល់ថ្ងៃ ពួកគេទាំង៤នាក់តែងតែយកកាំភ្លើងខ្យល់ ហើយនាំគ្នាដើរបាញ់សត្វ ដោយកាំភ្លើងកែច្នៃនោះប្រេីគ្រាប់កង់ ។ នៅថ្ងៃកើតហេតុ ក្មេងប្រុសរងគ្រោះជាអ្នកកាន់កាំភ្លើងខ្យល់ ដំបូងដើរចេញពីរោងចាំចំការស្វាយចន្ទីបានប្រហែល៥០ម៉ែត្រ ក្មេងប្រុសរងគ្រោះក៏បានសប់ខ្យល់ និងបញ្ចូលគ្រាប់ រួចលីកាំភ្លើងដើរបន្តទៅទៀត។
តាមប្រភពដដែលបានបន្តទៀតថា លុះក្មេងប្រុសរងគ្រោះលីកាំភ្លើងដើររហូតដល់ត្រង់ចំណុចផ្លូវរទេះ មើលទៅក្នុងទឹកឃើញមានត្រីផងនោះ ក្មេងប្រុសរងគ្រោះបានឲ្យកាំភ្លើងខ្យល់មករូបគេកាន់ម្តង គ្រាន់តែទទួលបានកាំភ្លើងខ្យល់ភ្លាម រូបគេក៏លើកលីដាក់លើស្មា ឯជនរងគ្រោះបានចុះទៅចាប់ត្រី ខណៈនោះស្រាប់តែឮសូរសំឡេងកាំភ្លើងផ្ទុះផូងឡើង លុះមើលកាណុងកាំភ្លើងខ្យល់ឃើញមានផ្សែងហុយៗ ស្រាប់តែឃើញជនរងគ្រោះដួលផ្ងារក្រោយបាត់មាត់ឈឹង ។ ឃើញដូច្នោះ ពួកគេទាំង៣នាក់បងប្អូនក៏នាំគ្នាលើកជនរងគ្រោះចេញពីក្នុងទឹក ហើយក៏មានពូម្នាក់ឈ្មោះ អុី មកឃើញក៏បានជួយដឹកយកក្មេងប្រុសរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ដែរ តែក្មេងប្រុសរងគ្រោះបានដាច់ខ្យល់ស្លាប់នៅតាមផ្លូវបាត់ទៅហើយ ។
ក្រោយពេលទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងជំនាញស្រុក និងប៉ុស្តិ៍ ព្រមទាំងអាជ្ញាធរភូមិ ឃុំ ចុះទៅពិនិត្យសពក្មេងប្រុសរងគ្រោះ រកឃើញមានស្លាកស្នាមរបួសនៅលើកញ្ចឹង.កមកក្បាលខាងក្រោយមានស្នាមរបួសធ្លុះចូលសាច់ទំហំ១សង្ទីម៉ែត្រ និងផ្នែកខាងមុខពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ ទើបសន្និដ្ឋានថា ក្មេងប្រុសរងគ្រោះស្លាប់ដោយសារត្រូវគ្រាប់កាំភ្លើងកែច្នៃ ។ បន្ទាប់មក សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សូមឪពុកម្តាយត្រូវប្រុងប្រយ័ត្នចំពោះកូនៗកុំឱ្យប្រើប្រាស់ ឬប៉ះពាល់អាវុធកែច្នៃ ចៀសវាងកើតមានគ្រោះថ្នាក់ផ្សេងៗ ឬដូចករណីខាងលើនេះ ។ បើបងប្អូនមានអាវុធកែច្នៃផ្សេងៗ មិនត្រូវរក្សាទុកនៅក្នុងផ្ទះនោះទេ សូមយកទៅប្រគល់ជូនសមត្ថកិច្ច ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ