ដឹងបន្ថែម​រឿងដំរីព្រៃថៃចុះប្រេង…​វាយ​ប្រហារ​បារ៉ាសព្រំដែនកម្ពុជា​


ខេត្តបាត់ដំបង ៖ ដំរីព្រៃ​ឈ្មោល​ដ៏​ធំ​មួយ​ក្បាល​ ក្នុង​ចំណោម​សត្វ​ដំរីព្រៃ​ជា​ច្រើន​ក្បាល​ទៀត បាន​ដើរ​ឡើង​តាម​ផ្លូវ​ចំណោត​ពី​ទឹកដី​ខេត្ត​ត្រា​តនៃ​ប្រទេស​ថៃ មក​កាន់​ច្រក​ទ្វារ​តំបន់​៤០០ ក្នុងស្រុក​សំឡូត រួច​ទាញ​កាច់​បំបាក់​បា​រ៉ា​ស់ប៉ុ​ស្ដិ៍​ត្រួតពិនិត្យ​ព្រំដែន​ខាង​ភាគី​កម្ពុជា បណ្ដាល​ឲ្យ​បាក់បែក​ខូចខាត​អស់​គ្មាន​សល់ កាលពី​វេលាម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧ តុលា ខណ​:​បា​រ៉ា​ស់​ខាង​ភាគី​ថៃ បាន​លើក​ផុត​ដោយសារ​បានដឹង​មុន​ពេល​សត្វ​ដំរី​នោះ​ដើរ​សំដៅ​មក​កាន់​ប៉ុស្ដិ៍​ត្រូ​ត​ពិនិត្យ​ច្រក​ទ្វារ​ព្រំដែន ។

មន្ត្រី​ព្រំដែន​ខ្មែរ​បាន​ឲ្យ​ដឹង​ទៀត​ថា សត្វ​ដំរីព្រៃ​មួយ​ក្បាល​នោះ ​ទំនង​ចុះប្រេង​បាន​ដើរមក​ពី​ខាង​ចំណោត​នៃ​ទឹកដី​ថៃ នា​ពេល​យប់​ឆ្ពោះ​មក​កាន់​ប៉ុស្ដិ៍​ត្រូ​ត​ពិនិត្យ​ច្រក​ទ្វារ​តំបន់​«៤០០» ខណ​:​មន្ត្រី​ព្រំដែន​ប្រចាំ​ច្រក​ទ្វារ​«៤០០»​ទាំង​កម្ពុជា​និង​ថៃ​ដេក​លក់​ស្ទើរ​គ្រប់​គ្នា​ទៅ​ហើយ ។ ដំរីព្រៃ​ឈ្មោល​ដ៏​ធំ​១​ក្បាល​នោះ ទំនង​ចុះ​ព្រេង​ផង បាន​ដើរ​ឡើង​មក​ពី​ខាង​ថៃ ឆ្ពោះ​មក​កាន់​ប៉ុស្ដិ៍​ត្រូ​ត​ពិនិត្យ​អុកឡុក​ឆ្មាំទ្វារ​ព្រំដែន​ផ្អើល​រត់​ទាំង​កណ្ដាល​យប់ ។

មន្ត្រី​ព្រំដែន​ដដែល​បាន​បន្ត​ថា ពេល​នោះ​ខាង​ទាហាន​ថៃ បានឃើញ​ដំរី​ដើរ​សំដៅ​មក​កាន់​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន ក៏​ស្ទុះស្ទារ​ប្រ​ញ៉ាប់​បើក​បា​រ៉ា​ស់ វា​បាន​ដើរ​ឆ្លង​ចូល​ព្រំដែន​កម្ពុជា ប្រហែល​១០​ម៉ែត្រ​អត់​ឃើញ​មាន​អ្នក​បើក​របាំង​ក៏​ទាញ​បា​រ៉ា​ស់កុង​ត្រូល​កាច់​បំបាក់​អស់​គ្មាន​សល់ ធ្វើ​ឲ្យ​មន្ត្រី​នានា​ខាង​ខ្មែរ​នាំ​គ្នា​ភ្ញាក់ពីដេក​រត់​ចេញពី​ក្នុង​ប៉ុស្ដិ៍​យាម​រៀង​ៗ​ខ្លួន តែ​មិន​បង្ក​គ្រោះថ្នាក់​ណាមួយ​ដល់​មនុស្ស​ទេ ។

ដំរី​នោះ​បាន​ត្រឡប់​ចូល​ទឹកដី​ថៃ​វិញ​ទាំង​យប់​ក្រោយ​ពី​វា​បាន​វាយប្រហារ​បា​រ៉ា​ស់​ត្រូ​ត​ពិនិត្យ​ខាង​កម្ពុជា​ឲ្យ​បាក់​ខ្ទេចខ្ទី​អស់ ខណ​:​កុងត្រូល​ខាង​ភាគី​ថៃ រួច​ផុត​ពី​ការ​វាយប្រហារ​ព្រោះ​លើក​ផុត ពេល​ឃើញ​ដំរី​ដើរ​សំដៅ​មក ពាក់ព័ន្ធ​នឹង​ដំរីព្រៃ​នៅ​ទឹកដី​ថៃ​នេះ បើ​តាម​ប្រភព​ពី​ទាហាន​ថៃ​បាន​ឲ្យ​ដឹង​ដែរ​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​ដំរីព្រៃ​មួយ​ហ្វូង​ធំ​នេះ បាន​វាយប្រហារ​បំផ្លិចបំផ្លាញ​ផលដំណាំ​របស់​ពលរដ្ឋ​ថៃ អស់​ជា​ច្រើន​កន្លែង នៅ​ជិត​ព្រំដែន​ខ្មែរ​-​ថៃ ក្នុងស្រុក​បរ​រ៉ៃ ខេត្ត​ត្រា​ត​ដែល​ជាប់​ព្រំប្រទល់​ស្រុក​សំឡូត ។ គេ​សង្ស័យ​ថា ដំរី​ឈ្មោល​មួយ​ក្បាល​ដែល​ចូល​វាយប្រហារ​ប៉ុស្តិ៍​ត្រូ​ត​ពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​៤០០​នេះ គឺជា​ក្រុម​ហ្វូង​ដំរី​នោះ​ដែរ ។

មន្ត្រី​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​៤០០ បាន​បញ្ជាក់​ថា ទាំង​ខាង​ភាគី​ថៃ ទាំង​ខាង​ភាគី​កម្ពុជា ដែល​ដេក​យាម​ប៉ុស្ដិ៍​ច្រក​ទ្វារ​៤០០ ខាងលើ​នេះ​បាន​រត់​ព្រាត​ពេល​ដំរី​ចូល​អុកឡុក ។ ប៉ុន្តែ​យ៉ាងណា​សត្វ​ដំរីចុះប្រេង​មួយ​ក្បាល​ដ៏​ធំ​សម្បើម​នោះ មិន​បង្ក​គ្រោះថ្នាក់​ដល់​ឆ្មាំ​ព្រំដែន នៃ​ភាគី​ទាំង​២​នោះ​ទេ តែ​វា​បាន​វាយ​បំផ្លាញ​កុងត្រូល​ប៉ុស្ដិ៍​ត្រូ​ត​ពិនិត្យ​ខាង​ភាគី​កម្ពុជា ខណ​:​កុងត្រូល​ខាង​ភាគី​ថៃ ដែល​នៅ​ឆ្ងាយ​ពី​គ្នា​ប្រហែល​ជាង​១០​ម៉ែត្រ បាន​រួច​ផុត​ពី​ការ​បំផ្លាញ​ដោយសារ​លើក​ផុត មុន​ពេល​ឃើញ​ដំរី​នោះ​ដើរមក​ដល់ ។ ទោះ​យ៉ាងណា ក្រោយ​ពី​បង្ក​ការ​អុកឡុក ធ្វើ​ឲ្យ​ឆ្មាំទ្វារ​ព្រំដែន​ទាំង​២​ភាគី​ភ័យ​បះសក់​មួយ​ប្រាវ ។ មិនយូរ​ប៉ុន្មាន​ដំរីព្រៃ​ចុះប្រេង​មួយ​ក្បាល​នោះ ក៏​បាន​វិល​ត្រឡប់​ចូល​ទៅ​ទឹកដី​ថៃ​វិញ ទាំង​កណ្ដាល​យប់​យ៉ាង​រំភើយ​ហើយ​ចូល​ព្រៃ​បាត់​ទៅ ។

មានការ​កត់​សម្គាល់ថា កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ដំរីស្តរ​ធំ​មួយ​ក្បាល​ដែល​ចេញពី​ព្រៃ​ក្នុង​ដី​ថៃ​ក៏​ធ្លាប់​បាន​ចូល​មក​អុកឡុក ភូមិ​អ្នកស្រុក​ខ្មែរ​អស់​រយៈពេល​ច្រើន​ថ្ងៃ នៅ​ខេត្តបន្ទាយមានជ័យ​បំផ្លាញ​ផលដំណាំ​កសិករ ។ ការ​ចូល​មក​អុកឡុក​ក្នុងភូមិ​អ្នកស្រុក​នេះ​ក៏​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ពី​ក្រុម​មន្ត្រី​ជំនាញ​ថៃ​ផង​ដែរ ក្នុង​បំណង​តាមដាន​ដំណើរ​របស់​សត្វព្រៃ​នេះ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ