ទោះ​ជំងឺគ្រុនចាញ់​ថយ​ចុះ​ក្តី​…​សូម​បងប្អូន​ត្រូវ​តែ​ការពារ​និង​ប្រយ័ត្ន​ជា​និច្ច


ខេត្តព្រះវិហារ ៖ មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារបាន​អះអាង​ថា ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ករណី​ជំងឺគ្រុនចាញ់ នៅ​ខេត្តព្រះវិហារមានការ​ថយ​ចុះ​ជា​បន្តបន្ទាប់ ជាក់ស្តែង ​រយៈពេល​៩​ខែ​នៅដើមឆ្នាំ​២០១៩​នេះ អា​ត្រា​ជំងឺគ្រុនចាញ់​នៅ​ខេត្តព្រះវិហារ មានការ​ថយ​ចុះ​ជាង​២​ពាន់​ករណី ។

លោក​វេជ្ជបណ្ឌិត គួ​ង ឡូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ថា ស្ថានភាពជំងឺគ្រុនចាញ់ នៅ​​ទូ​ទាំង​ខេត្តព្រះវិហារ កំពុង​តែ​មានការ​ថយ​ចុះ​យ៉ាង​ខ្លាំង ម្យ៉ាងវិញទៀត​តួលេខអ្នក​ស្លាប់​ដោយសារ
ជំងឺ​នេះ ចាប់តាំងពី​ឆ្នាំ​២០១២​មក ពុំ​មាន​ទៀត​ឡើយ ។ លោក​ថា ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការ​លុប​បំបាត់ជំងឺគ្រុនចាញ់​នេះ មន្ទីរ​ជំនាញបាន​ចុះ​អប់រំណែនាំផ្សព្វផ្សាយ​និងជួស​ឈាម​រក​មេរោគ​គ្រុនចាញ់ នៅ​គ្រប់​មូលដ្ឋាន​ទាំងអស់​នៅ​ខេត្តព្រះវិហារ ។

ពិសេស​បាន​ព្យាបាល​ទាន់​ពេលវេលា​ដល់​អ្នក​ដែល​កើតជំងឺនេះ ដើម្បី​កាត់​បន្ថយ​បាន​អ​ត្រា​អ្នក​ស្លាប់​ដោយ ជំងឺ​នេះ​កាន់តែ​ប្រសើរ​ឡើង ។ តែ​ទោះជា​បែប​នេះ​ក្តី​ លោក​បាន​បន្ថែម​ថា មន្ទីរ​ជំនាញ​នឹង​ចាត់​ឲ្យ​មន្ត្រី​ចុះ ធ្វើតេស្ត​ឈាម​រក​មេរោគ​គ្រុនចាញ់ ផ្តល់​សេវា​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា ចំពោះ​អ្នក​ប្រកប​របរ​ក្នុង​ព្រៃ ក៏​ដូច​ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ផ្តល់​ប្រឹក្សា​ពី​វិធីសាស្ត្រ​ថែទាំ​សុខភាព ការពារ​កុំ​ឲ្យ​កើត​ជម្ងឺគ្រុនចាញ់ ។

ជាមួយ​គ្នា​នេះ​ លោក​វេជ្ជបណ្ឌិត សុក វាសនា ប្រធាន​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា​ក្រុង​ព្រះ​វិហារ បាន​ឲ្យ​ដឹង​ថា ជំងឺគ្រុនចាញ់​ក្នុង​ឆ្នាំ​២០១៩​នេះ​ឃើញ​ថា នៅ​មន្ទីរពេទ្យ​បង្អែក អា​ត្រា​អ្នក​កើតជំងឺនេះ​មានការ​ថយ​ចុះ​ច្រើន ។ លោក​បញ្ជាក់​ថា​ ជំងឺនេះ​ចែក​ចេញ​ជា​បី​ប្រភេទ ក្នុង​នោះ មាន​ជំងឺគ្រុនចាញ់​ប្រភេទ ហ្វ្លា​ស់​ស្មូ​ដ្យូ​ម ហ្វ៉ា​ស៊ី​ហ្វ៉ា​រ៉ូ​ម – នឹង​ប្រភេទម៉ិច ដែល​តែងតែ​កើត​ឡើងជា​ញឹក​ញាប់ ដែល​បង្ក​ឡើង​ដោយសារ​មូស​ដែកគោល​ញី​ខាំ ។

លោក​បន្ត​ថា អាកា​រៈ​អ្នក​ដែល​សង្ស័យ​ថា កើត​ជំងឺនេះ ធ្វើ​ឲ្យ​អ្នកជំងឺមាន​អាកា​រៈ រងារញាក់ ក្តៅខ្លួន និង​បែកញើសខុស​ពី​ធម្មតា ។ ដូច្នេះ ​ប្រសិនបើ​ប្រជាពលរដ្ឋ​ដែល​មាន​រោគ​សញ្ញា​នេះ ត្រូវ​តែ​ប្រ​ញាប់​ទៅ​ធ្វើតេស្ត​រោគ​មេរោគ​គ្រុនចាញ់នេះ តាម​រយៈភ្នាក់ងារ​សុខភាព​ភូមិ បុ​ស្តិ៍​សុខភាព មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បង្អែក​ដែល​នៅ​ជិត​បំផុត ឲ្យ​បាន​ទាន់​ពេលវេលា បើ​ពុំនោះជំងឺ​នេះ​អាច​ធ្វើ​ឲ្យ​អ្នកជំងឺ​ប្រឈម​នឹង​ការ​បាត់​បង់ជីវិត ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ គិត​ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០១៩​នេះ បង្ហាញ​ថាជ ំងឺគ្រុនចាញ់​នៅ​ខេត្តព្រះវិហារ កើតឡើងចំនួន​១០៧០​ករណី ក្នុង​នោះ ជំងឺគ្រុនចាញ់​ប្រភេទហ្វ្លា​ស់​ស្មូ​ដ្យូ​ម ហ្វ៉ា​ស៊ី​ហ្វ៉ា​រ៉ូ​ម មាន​ចំនួន​២២​ករណី ហ្វ្លា​ស់​ស្មូ​ដ្យូ​ម វី​វ៉ា​ក់ មាន​ចំនួន១០៣៧​ករណី និង​ប្រភេទ​ម៉ិច មាន​ចំនួន​២២​ករណី បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨ ជំងឺគ្រុនចាញ់ទាំង​៣​ប្រភេទ​នេះ ថយ​ចុះ​២២៨៨​ករណី ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ