ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរទៅ​មើល​ស្រូវ​នៅ​ចំការ​ស្រាប់តែ​ប៉ះ​គ្រាប់​មីន​ដាច់​ជើង​ម្ខាង​នៅ​ស្រុក​វាល​វែង

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ដើរ​ជាន់​គ្រាប់​មីន បណ្ដាល​ឲ្យ​ផ្ទុះ​ដាច់​ជើង​ម្ខាង ខណៈ​ពេល​ទៅ​មើល​ស្រូវ​នៅ​ចំការ​ត្រង់​ចំណុច​៨៥ ស្ថិត​ក្នុងភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់…

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ដើរ​ជាន់​គ្រាប់​មីន បណ្ដាល​ឲ្យ​ផ្ទុះ​ដាច់​ជើង​ម្ខាង ខណៈ​ពេល​ទៅ​មើល​ស្រូវ​នៅ​ចំការ​ត្រង់​ចំណុច​៨៥ ស្ថិត​ក្នុងភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ កាលពី​វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៩ ។

សេចក្តីរាយការណ៍​បាន​បន្ត សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឈ​ន វី​រៈ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ទាក់ទិន​នឹង​ករណី​នេះ សមត្ថកិច្ច​បញ្ជាក់​ថា នៅ​ព្រឹក​នោះ​ជន​រង​គ្រោះ​បាន​ដើរទៅ​មើល​ដំណាំ​ស្រូវ ដែល​ដាំ​នៅ​ក្នុង​ចំការ​ត្រង់​ចំណុច​៨៥ ។ ខណៈ​ពេល​កំពុង​ដើរ​លើ​ដី​ទាប​ខ្ពស់​ៗ​ដោយ​មាន​ស្មៅ និង​ព្រៃ​ដុះ​ប៉ប្រះ​ៗ​ផង​នោះ​ចៃដន្យ​ក៏​ជាន់​ចំ​គ្រាប់​មីន​បណ្ដាល​ឲ្យ​ផ្ទុះ​ដាច់​ជើង​ស្ដាំ​តែ​ម្ដង ។

ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្ត​ត្រា​ត​ប្រទេស​ថៃ ដោយសារ​ឃុំ​ថ្មដា​មាន​ចំងាយ​ឆ្ងាយ​ជិត​២០០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​ពោធិ៍សាត់ ។

គួរ​រំលឹក​ថា នៅ​ស្រុក​វាល​វែង​ប្រជាពលរដ្ឋ​តែងតែ​ជួប​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន​ជា​រៀង​រាល់​ឆ្នាំ ដោយសារ​ចូល​ព្រៃ​កាប់​ឈើ​ធ្វើ​ផ្ទះ រក​អុស រក​ផ្សិត ជីក​ដំឡូង ដាក់​អន្ទាក់​សត្វ ពិសេស​ការ​កាប់​គាស់​រឺ​ភ្ជួរ​ដី​ដាំ​ស្រូវ និង​ធ្វើ​ចំការ​ជាដើម ។ គ្រាប់​មីន និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ទាំងនោះ​កប់​ក្នុង​ដី​ដែល​បន្សល់​ទុក​កាលពី​សម័យ​សង្គ្រាម ហើយនឹង​នៅ​មាន​កប់​ក្នុង​ដី​គ្រាប់​ទីកន្លែង​ជា​ច្រើន​ទៀត​ដែល​បងប្អូន​ប្រជាពលរដ្ឋ​យើង​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច ។

អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៩​នេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​០៦​នាក់ ដែល​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​នៅ​ស្រុក​វាល​វែង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ