អង្គការសហប្រជាជាតិ ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកANTONIO GUTERRES ក្នុងសារលិខិតមួយច្បាប់អះអាងនាថ្ងៃទី៧តុលាថា ថវិកាសម្រាប់កិច្ចដំណើរការរបស់អ.ស.បពេលនេះឈានដល់កម្រិតចេញភ្លើងក្រហមហើយ ចាប់ពីដំណាច់ខែកញ្ញាមក នៅសល់តែ២៣០លានដុល្លារហើយថវិកាបំរុងទុកនៃរតនាគារអាចបញ្ចេញអស់នាដំណាច់ខែនេះ។
អគ្គលេខាធិការអ.ស.បអំពីបញ្ហាថវិកានេះគូសបញ្ជាក់ថា មកទល់ពេលនេះបណ្ដារដ្ឋជាសមាជិកបានវេរប្រាក់បានតែ៧០%ប៉ុណ្ណោះនៃទឹកប្រាក់សរុបចាំបាច់សម្រាប់សកម្មភាពបញ្ចូលក្នុងថវិកាធម្មតាឆ្នាំ២០១៩។ លោកបន្តថាសម្រាប់ធានាដល់ការចំណាយលើប្រាក់បៀវត្សរហូតដល់ដំណាច់ឆ្នាំ បណ្ដាវិធានការត្រូវតែប្រកាន់យកដើម្បីមានប្រាក់បើកឲ្យបណ្ដាបុគ្គលិក មានប្រមាណជា៣៧.០០០នាក់ដែលធ្វើការសម្រាប់លេខាធិការដ្ឋានអ.ស.ប។
ដើម្បីកម្រិតការចំណាយក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ លោកANTONIOលើកឡើងជាពិសេសពីលទ្ធភាពពន្យារពេលបណ្ដាសន្និសីទនិងកិច្ចប្រជុំហើយកាត់បន្ថយបណ្ដាសេវាកម្ម។ការណែនាំនានាក៏បានធ្វើ្វដែរដើម្បីរិតត្បិតការធ្វើដំណើរផ្លូវការនានា ទុកតែបណ្ដាសកម្មភាពដែលចាំបាច់បំផុត ពន្យារពេលការទិញរបស់របរទាំងឡាយហើយសន្សំសំចៃថាមពល។
ថវិកាសម្រាប់កិច្ចដំណើរការរបស់អ.ស.បសម្រាប់ដំណាក់កាល២០១៨-២០១៩ ចែកដាច់ពីគ្នាពីថវិកាសម្រាប់ប្រតិបត្តិការថែរក្សាសន្តិភាព ដែលមានទឹកប្រាក់ប្រមាណជាជិត៥,៤ពាន់លានដុល្លារ។ បណ្ដារដ្ឋជាសមាជិកបានបង់ប្រាក់នោះទើបបាន២២%។ ក្នុងលិខិតរបស់លោកអគ្គលេខាធិការអ.ស.បលើកពីបណ្ដាប្រទេសដែលមិនបង់ប្រាក់វិភាគទានឬក៏បង់យឹតយ៉ាវ ទើបថវិការបស់អង្គការពិភពលោកនោះជួបបញ្ហា៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ