រាជធានីភ្នំពេញ ៖ រថយន្ត Rang Rover មួយគ្រឿងបើកបរ និងរួមដំណើរដោយបុរស2នាក់ជាជនជាតិចិនក្នុងស្ថានភាពស្រវឹងមិនប្រយ័ត្នក៏ជ្រុលទៅបុកនឹងរថយន្ត Alphard បើកបរដោយជនជាតិចិនមួយក្រុមទៀតបណ្តាលឱ្យខូចខាតយ៉ាងដំណំហើយមិនបានឈប់ដោះស្រាយទេ បែរជាបន្ថែមល្បឿនរថយន្តព្យាយាមបើករត់គេចក៏ត្រូវសមត្ថកិច្ចខណ្ឌចំការមនប្រទះឃើញក៏ធ្វើការប្រដេញឃាត់បានមកវិញ ដែលហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងកាលពីវេលាម៉ោង11និង25នាទីយប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ143 កែងនឹងផ្លូវ276 ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី2 ខណ្ឌចំការមន ។
រថយន្ដបង្កម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BG-2678 បើកបរ និងរួមដំណើរដោយបុរស2នាក់ជាជនជាតិចិនក្នុងស្ថានភាពស្រវឹង ចំណែករថយន្តរងគ្រោះម៉ាក Alphard V6 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-8958 បើកបរនឹងរួមដំណើរដោយបុរសជនជាតិចិនមានគ្នា4នាក់ ។
ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឱ្យដឹងថា មុនកើតហេតុគឺគេឃើញរថយន្ត Alphard បើកបរដោយជនជាតិចិនបានធ្វើដំណើរតាមបណ្តោយផ្លូវ143 ទិសដៅពីជើងទៅត្បូង ខណៈមកដល់ផ្លូវបំបែកជាបួនក៏មានរថយន្តមួយគ្រឿងទៀតម៉ាក Rang Rover បើកបរ និងរួមដំណើរដោយបុរស2នាក់ក្នុងស្ថានភាពស្រវឹងធ្វើដំណើរតាមបណ្តោយផ្លូវ276 ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន មកដល់ចំណុចផ្លូវបំបែកជាបួនក៏បត់ឆ្វេងភ្លាមៗបណ្តាលឱ្យជ្រុលទៅបុកនឹងរថយន្ត Alphard ធ្វើឲ្យខូចខាតមួយកំណាត់មុខយ៉ាងដំណំរលត់ម៉ាស៊ីនទៅមុខលែងរួច ចំណែករថយន្តបង្កម៉ាក Rang Rover បែកស្តុប និងធ្លាក់កាងខាងឆ្វេង ។
ភ្លាមៗបន្ទាប់ពីបង្កហេតុភាគីខាងរថយន្តបង្កមិនបានឈប់រថយន្តដោះស្រាយទេក៏បានបន្ថែមល្បឿនបើករត់គេច ក៏ត្រូវបានសមត្ថកិច្ចខណ្ឌចំការមនប្រទះឃើញក៏ធ្វើការប្រដេញតាមរហូតដល់មុខមជ្ឈមណ្ឌលកម្សាន្ត Rock ទើបឃាត់រថយន្តបង្កបាន ។ បន្ទាប់ពីឃាត់រថយន្តបង្កបានអ្នករួមដំណើរម្នាក់ទៀតក្នុងរថយន្តបង្កបានចុះរត់គេចខ្លួនបាត់ស្រមោល ចំណែកអ្នកបើកបរត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី2 ប្រគល់ទៅឱ្យសមត្ថកិច្ចជំនាញក្រុងចាត់ការតាមនីតិវិធី ។
ក្នុងហេតុការណ៍ខាងលើនេះដែលមិនបានបង្កឱ្យមាននណារម្នាក់រងរបួសឡើយ គឺខូចខាតតែរថយន្តប៉ុណ្ណោះ។ ក្រោយកើតហេតុរថយន្ដទាំងពីរគ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានប្រគល់ទៅឱ្យខាងជំនាញចរាចរណ៍ក្រុងធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនរគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ