​នាវិក​​៦០​នាក់ត្រូវ​ជួយ​សង្គ្រោះ ក្រោយ​នាវា​២​គ្រឿង​បុក​គ្នា


ប្រទេស​ជប៉ុន ៖ យោង​តាម​តុល្យការ​មួយ​ចេញផ្សាយ​ដោយ​បណ្ដា​សារព័ត៌មាន​ជប៉ុន​ថា សមា​ជិក​ក្រុម​នាវិក​នៃ​នាវា​កូរ៉េ​ខាងជើង ៦០​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ កាលពី​ថ្ងៃ​ទី​៧​តុលា​ក្រោយ​ពី​នាវា​របស់​ពួក​គេ បុក​ជាមួយ​នាវា​ល្បាត​១​គ្រឿង​របស់​ទីភ្នាក់ងារ​នេសាទ​ជប៉ុន​ក្នុង​សមុទ្រ​ខាងកើត​ហៅ​សមុទ្រ​ជប៉ុន​។

មុន​នេះ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ជប៉ុន​អះអាង​ប្រាប់​AFP​ថា នាវា​កូរ៉េ​ខាងជើង​សន្មត់​ថា​ជានា​វា​នេសាទ​បាន​លិច​ក្រោយ​ការ​បុក​គ្នា​និង​ថា សមាជិក​ក្រុម​នាវិក​នៃ​នាវា​នោះ​ប្រមាណ​ជា​២០​នាក់​បាន​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​។ គ្រោះថ្នាក់​ដែល​រហូត​មក​ទល់​ពេល​នេះ​នៅ​តែ​មិន​ច្បាស់​ថា​កើត​មាន​បែប​ណា កើត​មាន​ត្រង់​កន្លែង​មួយ​ស្ថិត​នៅ​ចម្ងាយ​៣៥០​គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ឧបទ្វីប​ណូ​តូ ពោល​ក្នុង​តំបន់​សេដ្ឋកិច្ច​ដាច់​មុខ​របស់​ជប៉ុន​។

នាវា​ល្បាត​ជប៉ុន​OKONI​បាន​បើក​មក​ក្បែរ​នាវា​កូរ៉េ​ខាងជើង ដើម្បី​ឲ្យ​នាវា​នោះ​បើក​បក​ក្បាល​ទៅ​វិញ​។ ពេល​បណ្ដា​នាវិក​បរទេស​ចូល​ដោយ​ខុសច្បាប់​មក​ក្នុង​តំបន់​សេដ្ឋកិច្ច​ដាច់​មុខ​របស់​ជប៉ុន នោះ​បណ្ដា​នាវា​ល្បាត​ជប៉ុន​តែង​បញ្ជូន​សារ​ព្រមាន ហើយ​ក៏​អាច​ប៉ុនប៉ង​រុញច្រាន​ទៅ​វិញ​តាម​រយៈ​កាណុង​បាញ់​ទឹក​។

សមាជិក​ក្រុម​នាវិក​កូរ៉េ​ខាងជើង​ដែល​ជួយ​សង្គ្រោះ ត្រូវ​បាន​នាំ​មក​កាន់​នាវា​កូរ៉េ​ខាងជើង​១​គ្រឿង​ទៀត​ដែល​ស្ថិត​នៅ​តំបន់​ជិតខាង​។ នេះ​បើ​តាម​ទូរទស្សន៍​រដ្ឋ​ជប៉ុន​NHK​។ គ្រោះថ្នាក់​នៃ​ការ​បុក​គ្នា​នេះ​ខាង​ជប៉ុន​ពុំ​មាន​នរណា​ម្នាក់​រង​របួស​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ