ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡា​ទូកក្ដោង​ត្រៀមខ្លួន​រួច​រាល់​​សម្រាប់​ការ​ទៅ​ចូលរួម​ប្រកួត​សុ​ី​ហ្គេ​ម

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ទូក​ក្តោង​កម្ពុជា បាន​ប្រកាស​ពី​ការ​ត្រៀមខ្លួន​រួច​រាល់​អស់ហើយ ដោយ​បាន​ទាំង​បញ្ជូន​កីឡាករ និង​គ្រូបង្វឹក​សរុប​៤​រូប​ឲ្យ​ទៅ​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព​រយៈ​ពេល​​​៣​ខែ​នៅ​ប្រទេស​ចិន​ផង​ដែរ ។ មន្ត្រី​ទទួល​បន្ទុក​កីឡា​នេះ​ប្រកាស​ថា ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​ឆ្នាំ​នេះ បើ​ទោះជា​ការ​ហ្វឹកហាត់​មាន​រយៈពេល​ខ្លី…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ទូក​ក្តោង​កម្ពុជា បាន​ប្រកាស​ពី​ការ​ត្រៀមខ្លួន​រួច​រាល់​អស់ហើយ ដោយ​បាន​ទាំង​បញ្ជូន​កីឡាករ និង​គ្រូបង្វឹក​សរុប​៤​រូប​ឲ្យ​ទៅ​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព​រយៈ​ពេល​​​៣​ខែ​នៅ​ប្រទេស​ចិន​ផង​ដែរ ។ មន្ត្រី​ទទួល​បន្ទុក​កីឡា​នេះ​ប្រកាស​ថា ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​ឆ្នាំ​នេះ បើ​ទោះជា​ការ​ហ្វឹកហាត់​មាន​រយៈពេល​ខ្លី តែ​ក៏​ចាត់​ទុក​ថា​មានការ​ត្រៀមខ្លួន​ពេញលេញ​ដែរ សម្រាប់​កីឡា​ទូកក្ដោង​កម្ពុជា ក្រោយ​ការ​បង្កើត​ឡើង ។

លោក ម៉េ​ង វ៉ាង ទីប្រឹក្សា​សហព័ន្ធ ថ្លែង​ថា កីឡាករ​កម្ពុជា​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ក្នុង​ពេល​ខាង​មុខ​នេះ នឹង​ធ្វើ​បាន​ល្អ​នៅ​ហ្វ៊ី​លី​ពី​ន ដោយ​រំពឹង​ថា ការ​ទទួល​បាន​បទ​ពិសោធន៍​ល្អ​ៗ​ក្នុង​ការ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ទាំង​ការ​អភិ​វ​ឌ្ឍ​សមត្ថភាព​កាន់តែ​ប្រសើរ​នៅ​ក្នុង​ពេល​នេះ នឹង​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​មាន​ផ្លែផ្កា​ល្អ ។ សូត្រ មេ​សា ដែល​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡា ករទាំង​៣​នាក់ គឺជា​ធនធាន​កីឡាករ​ដែល​សហ​ព័ន្ធ​រំពឹង​ខ្លាំង ស្របគ្នា​ដែល​កីឡាករ​រូប​នេះ​ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​អស់ពី​សមត្ថភាព​នោះ​ផង ។

លោក ម៉េ​ង វ៉ាង ថ្លែង​ទៀត​ថា កីឡាករ​កម្ពុជា​នឹង​ប្រឹងប្រែង​បាន​ល្អ បើ​ទោះ​មិន​ទាន់​ប្រាកដ​ថា​នឹង​ទទួល​ជោគជ័យ​ក្តី ។ សហព័ន្ធ​កីឡា​ទូកក្តោង កាលពី​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ២០១៩​កន្លង​ទៅ​បាន​​​បញ្ជូន​កីឡាករ​និង​គ្រូ​បង្វឹក​សរុប​ចំនួន​៤​រូប​ទៅ​ហ្វឹកហាត់​ពង្រឹង​សមត្ថ​ភាព​រយៈពេល​៣​ខែ​នៅ​ប្រទេស​ចិន ។ តាម​គម្រោង ក្រុម​កីឡាករ​ទូកក្តោង​កម្ពុជា​ទាំង​អស់​នឹង​ហ្វឹកហាត់​ជាមួយ​ក្រុម​កីឡា​ករ​ជម្រើស​ជាតិ​របស់​ចិន​នៅ​ទីក្រុង​សាន​ថូ​វ ប្រទេស​ចិន រហូត​ដល់កំណត់​ចេញ​ទៅ​ស៊ី​ហ្គេ​ម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន ។

លោក ម៉េ​ង វ៉ាង បាន​បង្ហាញ​នូវ​ការ​ជឿជាក់​ថា កីឡាករ​កម្ពុជា​នឹង​មាន​សមត្ថភាព​កើនឡើង​ខ្លាំង​ជា​វិជ្ជមាន ក្រោយ​ការ​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​ចិន​ដែល​មានបទពិសោធន៍​ខ្ពស់​ក្នុង​ការ​បង្វឹក ។ ទោះបី​ការ​ហ្វឹកហាត់​មាន​រយៈពេល​ខ្លី ដោយសារ​កីឡាករ​ជាប់​ប្រឡង​បាក់​ឌុ​ប តែ​លោក​រំពឹង​ខ្ពស់​ថា ក្រុម​កីឡាករ​កម្ពុជា​នឹង​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​នៅ​ស៊ីហ្គេ​ម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន នា​អំឡុង​ខែធ្នូ​ខាង​មុខនេះ ។

ស្រង់​សម្ដី​ដោយសារ​ព័ត៌មាន​ក្នុងស្រុក លោក ម៉េ​ង វ៉ាង បញ្ជាក់​ថា លោក​ជឿជាក់​ថា​សមត្ថភាព​កីឡាករ​កម្ពុជា​យើង​នឹង​មានការ​រីក​ចម្រើន ដោយសារ​ការ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​ពួក​គេ​ហាត់​ពេញ​ម៉ោង គឺ​តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​មានការ ផ្តោត​អារម្មណ៍​​ខ្ពស់​លើ​ការ​ហ្វឹកហាត់ ។

ការ​ហ្វឹកហាត់​ទៀត​សោត គឺ​កីឡាករ​កម្ពុជា​ត្រូវ​ហ្វឹកហាត់​ជាមួយ​កីឡាករ​ចិន ដែល​​មានបទ​ពិសោធន៍​​ខ្ពស់​ក្នុង​ការ​ហ្វឹកហាត់ ។ លោក​សង្ឃឹម​ថា កីឡាករ​កម្ពុជា​នឹង​ទទួល​បាន​បទ​ពិសោធន៍​ល្អ​ៗ​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព និង​ចែករំលែក​ដល់​កីឡាករ​វ័យក្មេង​កម្ពុជា​នៅ​ពេល​ត្រឡប់​មក​វិញ។

ការ​លើក​ឡើង​របស់​លោក ម៉េ​ង វ៉ាង ធ្វើ​ឲ្យ​អ្នកគាំទ្រ​បង្ហាញ​ទំនុកចិត្ត​យ៉ាង​ខ្លាំង ស្រប​ពេល
ដែល​កីឡា​ទូកក្ដោង​កម្ពុជា ក៏​ត្រូវ​បាន​យកចិត្ត​ទុក​ដាក់​ក្នុង​ការ​ពង្រឹងសមត្ថភាព​នា​ពេល​ចុង​ក្រោយ នេះ ។

ដោយឡែក​លោក ថា​ង ហ្គោ​ដុន តំណាង​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុ​ជាមួយ​រូប​ទៀត ថ្លែង​ថា នេះ​ជា​ការ​ចូលរួម​លើក​ទី​២​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​របស់​ទូកក្ដោង​កម្ពុជា ហើយ​លោក​ក៏​រំពឹង​ថា ក្រោយ​ការ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​នឹង​ធ្វើ​ឲ្យ​កីឡាករ​ទូកក្ដោង​កម្ពុជា​សង្ឃឹម​បាន​ល្អ ជាង​​មុន កាលពី​ចូលរួម​លើក​ទី​១​ក្នុង​ស៊ីហ្គេ​ម នេះ​ដែរ ។

កាល​ចូលរួម​លើក​ទី​១ កីឡាករ​កម្ពុជា​មានបទពិសោធន៍​ក្មេងខ្ចី​ខ្លាំង​ក្នុង​ការ​ប្រកួត​ជា​អន្តរជាតិ តែ​សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ឆ្នាំ​នេះ លោក​រំពឹង​ថា កីឡាករ​កម្ពុជា​នឹង​បង្ហាញ​ការ​ប្រកួត​មួយ​ដ៏​ស្វិតស្វាញ ទោះបី​មិន​រំពឹង​ថា អាច​ទទួល​បាន​មេដាយ​ក៏​ដោយ ។

លោក សូត្រ មេ​សា ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោ​ម​៣​នាក់​ដែល​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន បាន​បញ្ជាក់​មិន​ខុស​គ្នា​ទេ​ថា នឹង​ធ្វើ​បាន​ល្អ​ក្នុ​ងការ​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​នេះ ខណៈ​ស៊ី​ហ្គេ​ម​នៅ​ម៉ា​ឡេ​ស៊ី​កាលពី​ឆ្នាំ​២០១៧ រូបគេ​មិន​សប្បាយ​ចិត្ត​នោះ​ទេ​ចំពោះ​លទ្ធផល​ក្នុង​ចំណាត់ថ្នាក់​ក្រោម​គេ​ក្រោយ​ពេល​ប្រកួត ។ ជាមួយនឹង​ការ​បង្ហាញ​ក្តី​រំពឹង កីឡាករ​មក​ពី​ខេត្ត​ព្រះ​សីហ​នុ​រូប​នេះ ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​ពី​ការ​ហ្វឹកហាត់​នៅ​លើ​ទឹកដី​ប្រទេស​ចិន ។

គួរ​បញ្ជាក់​ថា កីឡាករ សូត្រ មេ​សា ត្រូវ​ហ្វឹកហាត់​លើ​វិញ្ញាសា Windsurfing RSX ហើយ​រូបគេ​ប្តេជ្ញា​ប្រឹងប្រែង​ហ្វឹកហាត់​បង្កើន​សមត្ថភាព​ឲ្យ​អស់​លទ្ធភាព ដើម្បី​នាំ​យកជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ហ្វ៊ី​លី​ពី​ន​នា​ពេល​ខាង​មុខ​មក​ជូន​ប្រទេស​ជាតិ ។

គោល​បំណ​ង​ដែល​រូបគេ​ចូល​រួម​លេង​កីឡា ទូកក្តោង គឺ​ចង់​នាំ​ជ័យជម្នះ​ជូន​ជាតិ និង​ធ្វើ​ឲ្យ ប្រទេស​លើ​ពិភពលោក​ស្គាល់​កម្ពុជា​​ថា កម្ពុជា​ក៏​មាន​កីឡា​ប្រភេទ​នេះ​រីក​ចម្រើន​ដែរ ដោយ​មិនមែន​គ្រាន់តែ​លេង​ដើម្បី​សុខភាព និង​បាន​អាជីព​តែ​មួយ​មុខ​ទេ ។

សូត្រ មេ​សា និយាយ​ថា រូបគេ​ប្រឡូក​ក្នុង​វិស័យ​កីឡា​ទូកក្តោង​តាំងពី​ឆ្នាំ​២០១៥ ដោយ​បាន​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​ផ្លូវការ​ពីរ​លើក គឺ​នៅ​ស៊ី​ហ្គេ​ម​លើក​ទី​២៩ នៅ​ម៉ា​ឡេ​ស៊ី និង Asian Games ឆ្នាំ​២០១៨ នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី តែ​មិន​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ទេ​។ ក្រោយ​ប្រឡូក​ក្នុង​វិស័យ​នេះ​ប្រមាណ​៤​ឆ្នាំ រូប​គេ​ក៏​ធ្លាប់​បាន​សាង​ស្នាដៃ​ជា​ច្រើន​ដែរ តាម​រយៈ​ការ​ទទួល​បាន​មេដាយ​ថ្នាក់​អន្តរជាតិ​កម្រិត អាស៊ាន និង​អាស៊ី​នៅ​ថៃ និង​សិង្ហ​បុរី​ជាដើម ។

លោក សោម សិទ្ធិ​ពង្ស ជា​គ្រូបង្វឹក​ប្រកាស​ថា សម្រាប់​ឆ្នាំ​នេះ​កីឡា​ទូកក្ដោង​ត្រៀមខ្លួន​បាន​ល្អ​​ជាង​មុន ។ ក្រៅពី​ហ្វឹកហាត់​ពង្រឹងសមត្ថភាព ក្រុម​កីឡាករ​កម្ពុជា​នឹង​ចូលរួម​ការ​ប្រកួត​ជើងឯក​អាស៊ី​មួយ​នៅ​ប្រទេស​ចិន​នា​អំឡុង​ខែតុលា ឆ្នាំ​២០១៩​ផង​ដែរ ។ នេះ​ជា​ឱកាស​ឲ្យ​កីឡាករ​កម្ពុជា​វាស់​ស្ទង់​ពី​កម្រិត​បច្ចេកទេស និង​សិក្សា​ពី​ចំណុចខ្សោយ​របស់​ខ្លួន ហើយ​ក៏​ជា​បទ​ពិសោធន៍​ដ៏​ល្អ​សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ហ្វ៊ី​លី​ពី​ន ។

ការ​ប្រកួត​នេះ នឹង​មាន​ប្រទេស​ចូលរួម​ពី២០​ទៅ​៣០​ប្រទេស ហើយ​លោក​រំពឹង​ថា កីឡា​ករ​កម្ពុជា​​នឹង​ទទួល​បាន​លទ្ធផល​ល្អ និង​បទ​ពិសោធន៍​ល្អ​ៗ​ពី​កីឡាករ​ដែល​ចូលរួម​ការ​ប្រកួត​​មុន​ការ​ប្រកួត​ស៊ី​ហ្គេ​ម ។

លោក សោម សិទ្ធិ​ពង្ស ថ្លែង​ទៀត​ថា នេះ​ជា​លើក​ទី​៣​ហើយ​ដែល​សហព័ន្ធ​កីឡា​ទូក​ក្តោង​កម្ពុជា បញ្ជូន​កីឡាករ​របស់​ខ្លួន​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ។ សមាសភាព​ដែល​កំពុង​ហ្វឹកហាត់​នៅ​ចិន​ក្មុ​ង​ពេល​នេះ​រួម​មាន​រូប​លោក​ជា​គ្រូបង្វឹក កីឡាករ សូត្រ មេ​សា កីឡាករ ប៉ា​ល់ សីលា និង​កីឡាករ កែវ ភា​រុណ ។

ការ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​នេះ ទទួល​បាន ការ​ឧបត្ថម្ភ​ពី​លោក ថា​ង ហ្គោ​ដុន អនុប្រធាន​ ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា និង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម (CAMSOC) លើក​ទី ៣២ ឆ្នាំ​២០២៣ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ