ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៩​ខែ ឆ្នាំ​២០១៩​នេះ តួលេខ​គ្រោះថ្នាក់​ចរាចរ​នៅ​ខេត្តព្រះវិហារ​កើនឡើង

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​បាន​បង្ហាញ​ថា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៩​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តព្រះវិហារ មានការ​កើនឡើង​ជាង​ឆ្នាំ​មុន ។ ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ​ប្រមាណ​៣៥​ភាគរយ ខណៈ​អ្នក​រង​របួសធ្ងន់​ស្រាល​បាន​កើនឡើង​២៥​ភាគរយ​។…

ខេត្តព្រះវិហារ ៖ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​បាន​បង្ហាញ​ថា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៩​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តព្រះវិហារ មានការ​កើនឡើង​ជាង​ឆ្នាំ​មុន ។ ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ​ប្រមាណ​៣៥​ភាគរយ ខណៈ​អ្នក​រង​របួសធ្ងន់​ស្រាល​បាន​កើនឡើង​២៥​ភាគរយ​។

លោក​វរសេនីយ៍ឯក ស៊ី​សុគន្ធរ​ដ្ឋា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តព្រះវិហារ​នៅ​តែ​ជា​កត្តា​ចម្បង​មួយ​ដែល​សមត្ថកិច្ច និង​អាជ្ញាធរ​នៅ​គ្រប់​មូលដ្ឋាន​យកចិត្តទុកដាក់ ក្នុង​ការ​អប់រំ​ផ្សព្វផ្សាយ​និង​អនុវត្ត​វិធានការ​ច្បាប់ ចំពោះ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ ។

លោក​បន្ត​ថា កត្តា​ដែល​បាន​ធ្វើ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​គឺ​ដោយសារ​តែ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង បើកបរ​ទោចក្រយានយន្ត​មិន​ពាក់មួក​សុវត្ថិភាព ការ​បត់​ឬ​ជែង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជាដើម ។

លោក​បន្ត​ទៀត​ថា ជាក់ស្ដែង​គិត​ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០១៩​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តព្រះវិហារ​មានការ​កើនឡើង​បន្តិច ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​បាន​ថយ​ចុះ​ប្រមាណ​៣៥​ភាគរយ រីឯ​អ្នក​រង​របួសធ្ងន់​ស្រាល​កើនឡើង​២៥​ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ដូច្នេះ​ហើយ​លោក​បាន​ព្រមាន​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ជា​ធរមាន ដោយ​គ្មាន​ការ​លើកលែង​ឡើង ចំពោះ​ជន​ណា​ដែល​បើកបរ​យានជំនិះ​គ្រប់​ប្រភេទ​មិន​គោរព​ច្បាប់​ចរាចរណ៍ ។

យោង​តាម​របាយការណ៍​របស់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ គិត​ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០១៩​នេះ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តព្រះវិហារ​បាន​កើតឡើង​ចំនួន​៦៣​ករណី ក្នុង​នោះ​កើនឡើង​៣​លើក ស្មើនឹង​៥​ភាគរយ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៣២​នាក់ (​ក្នុង​នោះ​ស្រី​៤​នាក់​) ថយ​ចុះ​១៧​នាក់ ស្មើនឹង​៣៥​ភាគរយ ដោយឡែក​អ្នក​របួសធ្ងន់​ស្រាល​មាន​សរុប​ចំនួន​១១៤​នាក់ កើនឡើង​២៣​នាក់​ស្មើនឹង​២៥​ភាគរយ ក្នុង​នោះ​គ្រោះថ្នាក់​ដែល​មិន​ពាក់មួក​សុវត្ថិភាព​មាន​ចំនួន​១០១​នាក់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ