ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនិពន្ធ និង​ដឹកនាំ​រឿង​ខ្មែរ​និយាយ​អ្វី​ខ្លះ បន្ទាប់​ពី​រឿង «​ពិស​ស្នេហ៍​» ចម្លង​ពី​ថៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ សំឡេង​នៃ​ការ​រិះគន់​ពី​សំណាក់​ទស្សនិកជន​ខ្មែរ​ចំពោះ​ភាពយន្ត​រឿង «​ពិស​ស្នេហ៍​» ដែល​ត្រូវ​បាន​ផលិត​ដោយ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ ដោយ​បាន​ចម្លង​សាច់​រឿង​ទាំងស្រុង​ពី​រឿង​ថៃ ហើយ​ត្រូវ​ភាគី​ថៃ​បាន​ចោទប្រកាន់​នោះ​នៅ​មិន​ទាន់​អស់កំ​ដៅ​នៅឡើយ​ទេ ។…

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ សំឡេង​នៃ​ការ​រិះគន់​ពី​សំណាក់​ទស្សនិកជន​ខ្មែរ​ចំពោះ​ភាពយន្ត​រឿង «​ពិស​ស្នេហ៍​» ដែល​ត្រូវ​បាន​ផលិត​ដោយ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ ដោយ​បាន​ចម្លង​សាច់​រឿង​ទាំងស្រុង​ពី​រឿង​ថៃ ហើយ​ត្រូវ​ភាគី​ថៃ​បាន​ចោទប្រកាន់​នោះ​នៅ​មិន​ទាន់​អស់កំ​ដៅ​នៅឡើយ​ទេ ។

ទស្សនិកជន​ខ្លះ​បាន​ស្នើ​សុំ​ឲ្យ​ម្ចាស់​ផលិតករ​នៃ​រឿង​នេះ ចេញ​មុខ​មក​បកស្រាយ និង​ពន្យល់​ជា​សាធារណៈ​មួយ​ជុំវិញ​បញ្ហា​ខាងលើ​នេះ ខណៈ​ពេល​រហូត​មក​ដល់​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៩​នេះ គេ​នៅ​មិន​ទាន់​បានឃើញ​ការ​ចេញ​មុខ​បកស្រាយ​ណាមួយ​ពី​តំណាង​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ នៅឡើយ​ទេ ។

យ៉ាងណា​ក៏​ដោយ​ជុំវិញ​បញ្ហា​ខាងលើ​នេះ អ្នកនិពន្ធ និង​អ្នកដឹកនាំ​ភាពយន្ត​ខ្មែរ​មួយ​ចំនួន​បាន​នាំ​គ្នា​បញ្ចេញ​នូវ​គំនិត និង​យោបល់​ជុំវិញ​បញ្ហា​ទាំងនេះ ដោយនៅ​ក្នុង​នោះ​ពួក​គេ​សុទ្ធតែ​យល់​ឃើញ​​ស្រ​ដៀង​គ្នា​ថា បញ្ហា​នេះ​មក​ពី​ប៉ុស្តិ៍​លេខ ៥ មាន​អ្នកគ្រប់គ្រង​ជា​ជនជាតិ​ថៃ ចំណែក​ផលិត​ករ​ភាគច្រើន​ក៏​ជា​ជនជាតិ​ថៃ ។

ផលិតករ​លោក មុត ថា​រី បាន​លើក​ឡើង​ថា រឿង​នេះ​និយាយ ឬ​សរសេរ​ថើ​ៗ​មិន​បាន​ទេ ព្រោះ​គេ​កំពុង​តែ​ចោទប្រកាន់​ថា អ្នកដឹកនាំ​រឿង​ខ្មែរ​លួច​ចម្លង​របស់​ថៃ​យក​មក​បកប្រែ​ថត សូ​ម្បី​តែ​ការ​ពិត គឺ​អ្នកគ្រប់គ្រង​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ ខេមរភូមិន្ទ ដែល​កំពុង​ដឹកនាំ នឹង​ថត​សព្វថ្ងៃ​ក្រោម​ការ​គ្រប់គ្រង​របស់​ជនជាតិ​ថៃ​ក៏​ដោយ ។ ម្យ៉ាងទៀត​បើ​គេ​ឱ្យ​ខ្មែរ​ផលិត​វិញ គឺ​គេ​យក​សេណា​រី​យូរ​រឿង​ថៃ​មក​ឱ្យ​ខ្មែរ​បកប្រែ​ថត​ក្នុង​តម្លៃ​ថោក​ៗ ថត​មិន​បាន​ល្អ គេ​ថា​ខ្មែរ​ថត​អន់​ជាង​កាល​ថៃ​ថត ។

លោក​បញ្ជាក់​ថា អស់លោក​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ផ្នែក​នេះ​ត្រូវ​តាមដាន​ឲ្យ​ច្បាស់ ដើម្បី​កុំឱ្យ​គេ​ប្រមាថ​មើល​ស្រាល​ផលិតករ​ដឹកនាំ​រឿង​ខ្មែរ​ដ៏​មហា​កំសត់​តទៅ​ទៀត ។

ក្នុង​នោះ​ផង​ដែរ ក៏​មាន​អ្នកនិពន្ធ​រឿង​ជើង​ចាស់​មួយ​រូប​គឺ​លោក នួន សង្វាត ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា លោក​ធ្លាប់​ទាក់ទង​ទៅ​ខាង​ប៉ុស្តិ៍​លេខ ៥ ដើម្បី​ដាក់​រឿង​ភាគ​របស់​លោក តែ​គេ​មិន​យក គេ​យក​តែ​រឿង​ថៃ​មក​បក​ដើម្បី​ថត​ឡើង​វិញ​ប៉ុណ្ណោះ ។

លោក​ថា​៖ «​ខ្ញុំ​ក៏​ធ្លាប់​ទាក់ទង​ទៅ​ខាង​ប៉ុស្តិ៍​ខ្មែរ​មួយ​ហ្នឹង ដើម្បី​ដាក់​រឿង​ភាគ​មួយ​របស់ខ្ញុំ​ដែរ ប៉ុន្តែ​ត្រូវ​អ្នក​ការងារ​នៅ​ទីនោះ​ប្រាប់​មក​វិញ​ថា គេ​មិន​យក​រឿង​ខ្មែរ​ទេ ព្រោះ​អ្នកដឹកនាំ​នៅ​ទីនោះ​ជា​ជនជាតិ​ថៃ ដូចនេះ​គេ​យក​តែ​រឿង​ថៃ​មក​បក​ដើម្បី​ថត​ឡើង​វិញ​ប៉ុណ្ណោះ ។ ដូចនេះ​រឿង​នេះ វា​អត់​មាន​ចម្លែក​ទេ ដែល​ជនជាតិ​ថៃ​ទើបតែ​ភ្ញាក់ផ្អើល​រឿង​ទូរទស្សន៍​ខ្មែរ​មួយ​យក Scripts រឿង​ថៃ មក​ឲ្យ​ខ្មែរ​ថត​ឡើង​វិញ​នោះ វា​មិន​ខុស​អី​ទេ បើសិនជា​ម្ចាស់​ដើម​ខាង​ថៃ​គេ​ព្រម​ឲ្យ​យើង​ចម្លង​មែន។

តែ​អ្វី​ដែល​សំខាន់ តើ​គុណភាព​យើង​អាច​ទៅ​រួច​ជាមួយ​គេ ឬ​អត់? តែ​ក៏​សុំ​ចិត្ត បើជា​ប៉ុស្តិ៍​នៅ​ស្រុក​យើង គួរតែ​ជំរុញ​រឿង​របស់​ខ្មែរ​ខ្លះទៅ​ហ្អី? តែ​សំខាន់​ក្រសួង​យើង​អនុញ្ញាត​ដែរ​ហ្នុ​ង​ណា៎​…​ទ្រាំ​ធ្វើ​អន់​ទៀត​ទៅ​ន៎ ។

ចំណែក​អតីត​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា និង​ជា​ចាងហ្វាង​ផលិតកម្ម​ដើម​ត្នោត លោក ឆាយ បូ​រ៉ា ក៏​បាន​បញ្ជាក់​ថា ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ ដែល​ជា​ម្ចាស់​គឺ​ជនជាតិ​ថៃ ។ គាត់​អាច​ឆ្លើយ​សំណួរ​របស់​អ្នក ។ រឿង​ភាគច្រើន​ដែល​ផលិត​នៅ​ក្នុង​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ គឺ​យក Scripts មក​ពី​ថៃ ។ គាត់​អាច​ឆ្លើយ​ទៅ​ទំព័រ​នេះ ។ ខ្ញុំ​ធ្លាប់​លឺ TV5 ទិញ​សិទ្ធិ Scripts ថៃ​ជា​ផ្លូវការ ។

លោក​បញ្ជាក់​ថា ខ្ញុំ​ជា​អ្នក​ផលិត​ខ្សែភាពយន្ត និង​ជា​អ្នកដឹកនាំ​រឿង​ជនជាតិ​កម្ពុជា ខ្ញុំ​គោរព​សិទ្ធិ​ថតចម្លង និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លួច​ចម្លង ។

គួ​រំលឹក​ថា រឿង «​ពិស​ស្នេហ៍​» របស់​ទូរទស្សន៍​ប៉ុ​សិ៍​លេខ ៥ ដែល​យក​លំនាំ​តាម​រឿង​ថៃ បន្ទាប់​ពី​រឿង​នេះ​ចាក់​បញ្ចាំង​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង​នោះ ស្រាប់តែ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ទស្ស​និកជន​ខ្មែរ​នៅ​ពេល​ដែល​រឿង​នេះ​បាន​យក​លំនាំ​ស្ទើរ​ទាំងស្រុង​ពី​រឿង​ថៃ ។

រលក​នា​ការ​រិះគន់​នេះ បាន​កើតឡើង​បន្ទាប់​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ថៃ​មួយ​បាន​ធ្វើការ​ប្រៀបធៀប​រឿង «​ពិស​ស្នេហ៍​» របស់​ខ្មែរ​ដូច​គ្នា​ទៅ​នឹង​រឿង​ថៃ​របស់​គេ ក្នុង​ន័យ​ចំអក ។ បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ទស្សនិកជន​ខ្មែរ​ជា​ច្រើន​បាន​ចេញ​មក​នាំ​គ្នា​រិះគន់​ចំពោះ​ផលិតករ​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ ដែល​បាន​ធ្វើ​រឿង​នាំ​ឱ្យ​អាប់ឱន​ដល់​មុខមាត់​ប្រទេស​កម្ពុជា ។

គួររំលឹក​ទៀតថា  ៖ ផ្ទុះ​ការ​រិះគន់​រឿង ​«​ពិស​ស្នេហ៍​»​ ក្រោយ​ដាក់​បញ្ចាំង​មិន​​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ