ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រាប់​ពាន់​នាក់​ភ័យ​ស្លន់ស្លោ​រត់​ប្រសាច​មក​ខាងក្រៅ​រោងចក្រ​ព្រោះតែ​រឿង​នេះ​…​នៅ​បង្ខំ​ឲ្យ​ធ្វើការ​ទៀត

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ក្រុមហ៊ុន «​ស្កា​យ​ឡាញ អឹ​ភែ​រឹល​» (​អគារ​០៣) នៃ​សួន​ឧស្សាហកម្ម​សំរោង​ធំ ស្ថិត​ក្នុងភូមិ​ព្រែក​ត្រែង​០២ ឃុំ​សំរោង​ធំ…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ក្រុមហ៊ុន «​ស្កា​យ​ឡាញ អឹ​ភែ​រឹល​» (​អគារ​០៣) នៃ​សួន​ឧស្សាហកម្ម​សំរោង​ធំ ស្ថិត​ក្នុងភូមិ​ព្រែក​ត្រែង​០២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល កម្មករ​បាន​ដួល​សន្លប់ ចំនួន​០៣​នាក់ និង​បាន​ដួល​សន្លប់​បន្តបន្ទាប់​គ្នា កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ ខែតុលា​នេះ ត្រូវ​បាន​គេ​ដឹក​បញ្ជូន​យក​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​គគីរ​ធំ ។

បើ​តាម​កម្មករ​ជា​ច្រើន​ដែល​បំរើ​ការងារ​នៅ​ក្នុង​រោងចក្រ​មួយ​នេះ​បាន​លើក​ឡើង​ដូច​ៗ​គ្នា​ថា​កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​០៥ ខែតុលា ឆ្នាំ​២០១៩ មេឃ​ធ្លាក់​ភ្លៀងរលឹម​លាយឡំ​ជាមួយ​ខ្យល់​ក​ន្ទ្រា​ក់ បណ្តាល​ឲ្យ​រោង​ដែក​កម្មករ​ហូប​បាយ​រោង​ដែក​ផ្ញើ​កង់ ម៉ូតូ ឡាន បាន​បាក់​រៀប​ដល់​ដី និង​ដំបូល​ពិ​ដាន​អគារ​កាត់ដេរ​ប៉ើង​របើក​អស់​មួយ​កំណាត់​ក្រោយ ។ លុះដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​០៧ ខែតុលា កម្មករ​បាន​មក​ដល់​រោងចក្រ បំណង​ចូល​ធ្វើការ​ងារ​វិញ ស្រាប់តែ​ឃើញ​មាន​ពិ​ដាន​ខ្សែភ្លើង​ធ្លាក់​រញ៉េរញ៉ៃ និង​សម្នើម​ទឹកភ្លៀង​នៅ​កន្លែង​ខ្លួន​អង្គុយ​កាត់ដេរ​ផង​នោះ ក៏​នាំ​គ្នា​សំណូមពរ​ប្រាប់​ទៅ​ខាង​រោងចក្រ​ថា កម្មករ​មិន​ចូល​ធ្វើការ​ទេ​ព្រោះ​ខ្លាច​ឆ្លង​ចរន្តអគ្គិសនី​ឆក់​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ចាំ​ខាង​ជាង​ជួសជុល​រួចរាល់ ទើប​កម្មករ​ចូល​ធ្វើការ​វិញ ។

ប៉ុន្តែ​ខាង​រោងចក្រ នៅ​តែ​ចង់​ឲ្យ​កម្មករ​ធ្វើ​ការងារ តែ​កម្មករ​មិន​ធ្វើ​បាន​នាំ​គ្នា​ទៅ​ផ្ទះ​អស់​ទៅ ។ រហូត​ដល់​ថ្ងៃ​ទី​០៨ ខែតុលា​នេះ ខាង​ជាង​ក៏​នៅ​តែ​ជួសជុល​មិន​ទាន់​រួចរាល់​ដដែល ហើយ​តំណាង​រោងចក្រ​ចេះ​តែ​បង្ខំ​ឲ្យ​កម្មករ​ចូល​ធ្វើការ កម្មករ​គ្មាន​ជំរើស​ក៏​បង្ខំចិត្ត​ចូល​ធ្វើ​តាម​ក្រុមហ៊ុន​ទៅ ។ ស្រាប់តែ​កំពុងធ្វើការ​បាន​មួយសន្ទុះ ក៏​ឮ​សំឡេង​ប្រព័ន្ធ​ប្រកាស​អាសន្ន​ពន្លឺ​ឡើង​ធ្វើ​ឲ្យ​កម្មករ​រាប់​ពាន់​នាក់ ភ័យ​ស្លន់ស្លោ​រត់​ប្រសាច​ចេញ​មក​ខាងក្រៅ​រោងចក្រ ហើយ​ធ្វើ​ឲ្យ​កម្មករ​ដែល​ទើប​សម្រាលកូន​រួច​០៣​នាក់ ភ័យ​ដួល​សន្លប់​ក្នុង​រោងចក្រ​ត្រូវ​គេ​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​គគីរ​ធំ​តែ​ម្តង ។

រឿង​ដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ ខណៈ​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​តក់​ស្លត់​ភ័យ​ខ្លាច និង​មាន​កម្មករ​ដួល​សន្លប់​រហូត​ដល់​ទៅ​០៣​នាក់​ក៏​ដោយ​ក្រុមហ៊ុន​រោងចក្រ​មួយ​នេះ​មិន​ខ្វល់​ដែរ នៅ​តែ​បង្ខំ​ចង់​ឲ្យ​កម្មករ​ចូល​បំរើ​ការងារ​ដូច​ដើម តែ​កម្មករ​ទាំងអស់​មិន​ព្រម​ចូល​ធ្វើ​នៅ​ឈរ​ហាលថ្ងៃ​ក្តៅ​នៅ​ពីមុខ​អគារ​រោងចក្រ ព្រោះ​ខាង​រោងចក្រ​បិទទ្វារ​ខាង​មុខ​មិន​ឲ្យ​កម្មករ​ចេញ​ក្រៅ​នោះ​ទេ​។ រហូត​ទាល់តែ​ព័ត៌មាន​នេះ​ដឹង​ដល់​លោក អ៊ូ ឈាង អភិបាលស្រុក​កៀនស្វាយ​ចាត់​ឲ្យ​អភិបាលរង​មន្ត្រី​ជំនាញ និង​កម្លាំង​ប៉ូលិស​ប៉េ​អឹ​ម ប្រជា​ការពារ​ភូមិ​ចុះ​ពិនិត្យ និង​សម្របសម្រួល​ជាមួយ​តំណាង​ភាគី​រោងចក្រ​ចិន មួយ​សន្ទះ​រហូត​ដល់​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ដដែល ទើប​គេ​ឃើញ​ខាង​កម្មករ​ទាំងអស់​បាន​ចេញ​ទៅ​ផ្ទះ​មួយ​ថ្ងៃ​ទៀត ដោយ​កាត់​លុយ​៥០% តែ​ថ្ងៃស្អែក​ទី​០៩ ខែតុលា​តំណាង​ក្រុមហ៊ុន​គំរាម​ឲ្យ​កម្មករ​ត្រូវ​តែ​ចូល​ធ្វើការ​វិញ បើ​មិន​ដូច្នោះ​ទេ ក្រុមហ៊ុន​នឹង​បញ្ឈប់​ការងារ ។

ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ លោក ពៅ គឹ​ម​លី អភិបាលរង​ស្រុក​កៀនស្វាយ​បាន​ប្រាប់​អោយ​ដឹង​ថា ដោយសារ​តែ​អ្នក​កាន់​ឡ​កំ​ដៅ​អ៊ុត​គាត់​មក​ថ្មី​មិន​ទាន់​មាន​បច្ចេកទេស​ណាមួយ​ដោយសារ​ខ្វះ​ទឹក​ទើប​ធ្វើ​អោយ​ឡើង​កំ​ដៅ​ខ្ពស់​ខុស​ប្រក្រតី បណ្តាល​ឲ្យ​ប្រព័ន្ធ​ប្រកាស​អាសន្ន​ឲ្យ​សញ្ញា​ស៊ី​រ៉ែ​ន​រោ​ទិ៍​ឡើង កម្មករ​ឮ​ដូចនេះ​មានការ​ភិតភ័យ​ស្លន់ស្លោ​រត់​ចេញ​មក​ក្រៅ បណ្តាល​ឲ្យ​ដួល​សន្លប់​កម្មការិនី​០៣​នាក់ ឥឡូវ​បានដឹង​ខ្លួន​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ​អស់ហើយ ។

​ចំពោះ​កម្មករ​ទាំង​អស់គេ​អោយ​សម្រាក ដោយ​ខាង​ក្រុមហ៊ុន​កាត់​លុយ​៥០% រង់ចាំ​ខាង​ក្រុមហ៊ុន​ជួសជុល​រួចរាល់ ទើប​ឲ្យ​កម្មករ​ចូល​ធ្វើការ​វិញ​តែបើ​គេ​ធ្វើ​មិន​ទាន់​ហើយ​ទេ​កម្មករ​ក៏​មិន​ទាន់​ចូល​ធ្វើការ​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ