បុរស​ពិការ​ថា ពេល​មិន​ស្រួលខ្លួន រក​អង្ករ​​ច្រក​ឆ្នាំង​ពុំ​បាន មាន​តែ​អង្គុយយំ​ (វី​ដេ​អូ​)


ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឲ្យ​អាណិតអាសូរ​ណាស់ បុរស​ពិការ​ជើង​ម្ខាង​ក្នុង​សម័យ​សង្គ្រាម​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​មិន​លើកដៃ​ដើរ​សុំទាន​គេ​នៅ​តាម​ទីប្រជុំ​ន​ជន​នោះ​ទេ គឺ​សុខចិត្ត​ពិបាក​គ្រប់​បែប​យ៉ាង​ជាមួយនឹង​កូនប្រុស​ពៅ​វ័យ​១៣​ឆ្នាំ ដើរ​រើស​អេ​ត​ចាយ​តាម​ផ្លូវ​នានា​ក្នុង​ក្រុង​កំពង់​ចាម ដើម្បី​លក់​គ្រាន់​និង​បាន​លុយ​ដោះស្រាយ​ជីវភាព​គ្រួសារ​ទាំង​ត្រដាបត្រដួស​។

បុរស​ពិការ​ជើង​ឆ្វេង​ខាងលើ​នេះ​ឈ្មោះ ហេង ម៉ៃ អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរ​មាស ក្រុង​កំពង់ចាម បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៨ តុលា ឆ្នាំ​២០១៩​នេះ រូប​គាត់​និង​កូន​ប្រុស​ពៅ​ឈ្មោះ ម៉ៃ វ​ណ្ណី បាន​ចេញពីផ្ទះ​តាំងពី​ព្រឹក​ព្រលឹម ដោយ​មាន​ម៉ូតូ​កញ្ចាស់​១​គ្រឿង​សណ្តោង​រ៉ឺ​ម៉ក ដោយ​កូនប្រុស​ជា​អ្នក​បើក ដើម្បី​ចេញ​ទៅ​រើស​អេ​ត​ចាយ​តាម​ផ្លូវ​នានា​ក្នុង​ក្រុង​កំពង់​ចាម រហូត​ដល់​ម៉ោង​ជិត​១០​ព្រឹក បាន​មក​ឈប់​ត្រង់​ចំណុច​ក្បាលស្ពាន​កោះ​ប៉ែន រើស​សំបក​​ដប​ទឹកបរិសុទ្ធ​បាន​ជិត​កន្លះ​បាវ រួម​នឹង​ឡាំង​ក្រដាស​ចាស់​ៗ​ដែល​គេ​បោះចោល​នៅ​មុខ​ផ្ទះ។

បុរស​ពិការ​ជើង​ក្នុង​ជីវិត​កំសត់​ប្រាប់​បន្ត​ថា របរ​ដើរ​រើស​អេ​ត​ចាយ​នេះ រហូត​មក​ដល់​សព្វថ្ងៃ គឺ​ជិត​១៥ឆ្នាំ​មក​ហើយ សូ​ម្បី​តែ​ដី និង​ផ្ទះ​ក៏​មិន​មាននៅ គឺ​បាន​ត្រឹម​សុំ​ដី​គេ​ធ្វើ​ផ្ទះ​ឈើ​តូច​ល្មម​ទំហំ​ប្រហែល​​៣​គុណ​៤​ម៉ែត្រ ជញ្ជាំង​ដែក​ប្រក់​ស័ង្កសី​ស្នាក់​នៅ​ជា​បណ្តោះអាសន្ន ប្រសិនបើ​នៅ​ថ្ងៃ​ណាមួយ​ម្ចាស់​គេ​ដេញ​ចេញ គាត់​មិនដឹង​ជា​ទៅ​រក​លុយ​មកពីណា​ទិញ​ដី​សម្រាប់​សង់ផ្ទះ​នៅ​នោះ​ទេ​។ ហើយ​មាន​ថ្ងៃ​ណាខ្លះ គាត់​មិន​ស្រួលខ្លួន គឺ​មិន​បាន​ចេញ​មក​រើស​អេ​ត​ចាយ រកតែ​អង្ករ​ច្រក​ឆ្នាំង​ស្ទើរ​មិន​បាន មាន​តែ​អង្គុយ​បង្ហូរទឹកភ្នែក​ក៏​មាន ។ បើសិនជា​រើស​បាន​ពេញ​បាវ គឺ​លក់​បាន​៣​ម៉ឺន​រៀល ជួនកាល​រើស​សំបក​ដប​បាន​កន្លះ​បាវ លក់​បាន​ជាង​១​ម៉ឺន​រៀល​ក៏​មាន​ដែរ​។

បុរស​ពិការ​ជើង​ខាងលើ​បន្ត​ថា សព្វ​ថ្ងៃនេះ គាត់​មានកូន​ចំនួន​៥​នាក់ ក្នុង​នោះ​ស្រី​៣​នាក់​តែ​មាន​ប្តី​អស់ហើយ និង​ប្រុស​២​នាក់ ចំណែក​ប្រពន្ធ​បាន​ចេញ​ទៅ​ស៊ី​ឈ្មួ​ល​គេ​ខាង​អនាម័យ​នៅ​រាជធានី​ភ្នំពេញ ជួនកាល​២​ទៅ​៣​ខែ​ទើប​មក​លេង​ផ្ទះ​ម្តង​។ ហើយ​នៅ​លើ​ផ្ទះ​ឈើ​ដ៏​តូច​ចង្អៀត​នេះ គឺ​គាត់​រស់នៅ​តែ​២​នាក់​កូនពៅ​ប៉ុណ្ណោះ មិន​ត្រឹមតែ​ប៉ុណ្ណោះ​មាន​ពេល​ខ្លះ​គាត់​ត្រូវ​បើក​ម៉ូតូឌុប​កូន​ទៅ​រៀន​នៅ​សាលា​បឋម​សិក្សា​អង្គរ នៅ​ក្នុងស្រុក​កំពង់សៀម តែ​ពេល​ខ្លះ​កូន​គាត់​ទៅ​រៀន​ដោយ​ដើរ​ក៏​មាន ហើយ​ក្នុង​វ័យ​១៣​ឆ្នាំ​នេះ គឺ​កូនពៅ​របស់​គាត់​ទើប​រៀន​ថ្នាក់​ទី​១​ប៉ុណ្ណោះ ខុស​ពី​កូន​របស់​អ្នក​ផ្សេង កត្តា​នេះ​មក​ពី​ជីវភាព​របស់​គាត់​។

បើ​តាម​លោក​មឿង យ៉ា​ន មេ​ភូមិ​បឹង​ស្នាយ​វិញ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា បុរស​ពិការ​ជើង​ឈ្មោះ​ហេង ម៉ៃ ខាងលើ​នេះ រស់នៅ​លើ​ដី​របស់​គេ​ជា​បណ្តោះអាសន្ន​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​មាន​ជីវភាព​លំបាក​ណាស់​ដើរ​រើស​អេ​ត​ចាយ​ជាមួយនឹង​កូនប្រុស​ពៅ នៅ​តាម​ផ្លូវ​នានា​ក្នុង​ក្រុង​កំពង់ចាម ដើម្បី​លក់​បាន​លុយ​ដោះស្រាយ​ជីវភាព​គ្រួសារ ហើយ​ជើង​ពិការ​ដោយសារ​សង្គ្រាម​នៅ​ព្រំដែន​កម្ពុជា​-​ថៃ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ បើ​តាម​តាម​ការ​សង្កេត​របស់​លោក​ផ្ទាល់ បុរស​ពិការ​ជើង​រូប​នេះ រាល់ថ្ងៃ​រស់​ដោយ​ការ​ដើរ​រើស​អេ​ត​ចាយ​មែន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ