ខេត្តកំពង់ធំ ៖ ឪពុកនិងកូនប្រុសនាំគ្នាយកម៉ូទ័រទៅបូមទឹកស្ទឹង លុះរៀបចំម៉ូទ័រ និងរាយខ្សែភ្លើងរួច ឪពុកប្រើកូនឱ្យទៅដោតឌុយភ្លើងដើម្បីបូមទឹកស្ទឹង តែកូនបានប្រាប់ឪពុកឱ្យឡើងពីទឹកសិនមក ពេលប្រាប់រួច កូនប្រុសក៏ដើរទៅផ្ទះដោតឌុយភ្លើងដើម្បីបូមទឹក លុះមួយសន្ទុះមិនឃើញឪពុកមកផ្ទះ កូនប្រុសក៏ដើរទៅមើលឃើញឪពុកស្លាប់អណ្តែតទឹកបាត់ទៅហើយ ។ ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចសន្និដ្ឋានថា បុរសជាឪពុកស្លាប់ដោយសារចរន្តអគ្គសិនីឆក់ ។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងស្ទឹងនៅភូមិគោកទ្រា ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ សូទ្រ សឹម ភេទប្រុស អាយុ៦១ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ
តាមការបំភ្លឺពីឈ្មោះ សឹម ចិត្រា ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាកូនបង្កើតរបស់បុរសរងគ្រោះ បានអោយដឹងថា នៅមុនពេលកើតហេតុ គាត់និងឪពុកបានយកម៉ូទ័រទៅបូមទឹកស្ទឹង ។
តាមប្រភពដដែលបានបន្តថា លុះរៀបចំម៉ូទ័រ និងរាយខ្សែភ្លើងរួច ឪពុកបានប្រាប់គាត់អោយទៅដោតឌុយភ្លើងនៅឯផ្ទះ ។ ពេលនោះគាត់បានប្រាប់ឪពុកវិញថា «ពុកឡើងពីទឹកសិនមក» ថារួច គាត់ក៏ដើរមកផ្ទះ ហើយបានដោតឌុយភ្លើងនោះបូមទឹកបានបន្តិចក៏ដាច់ភ្លើងវិញ ។ ឃើញដូច្នេះ គាត់ក៏បានដកឌុយចេញវិញ ចាំមើលឪពុកមកផ្ទះ លុះចាំអស់មួយសន្ទុះនៅតែមិនទាន់ឃើញឪពុកមកផ្ទះទៀត គាត់ក៏ដើរទៅមើលនៅកន្លែងម៉ូទ័របូមទឹកឯស្ទឹង ក៏ឃើញឪពុកស្លាប់អណ្តែតទឹកបាត់ទៅហើយ ។ បន្ទាប់មក គាត់ក៏រាយការណ៍ជូនសមត្ថកិច្ចដើម្បីឱ្យចុះមកពិនិត្យកន្លែងកើតហេតុ ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម កំលាំងប៉ុស្តិ៍ និងជំនាញស្រុក រួមទាំងអាជ្ញាធរភូមិ-ឃុំបានចុះមកដល់កន្លែងកើតហេតុ និងធ្វើការពិនិត្យសពជនរងគ្រោះ រកពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងករណីឃាតកម្មនោះឡើយ ទើបសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារចរន្តអគ្គីសនីឆក់ ។
ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ