ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​ហ្វូងគោ​ស៊ី​បំផ្លាញ​ដំណាំ​រាល់​ឆ្នាំ​…​តវ៉ា​ឱ្យ​ដក​តំណែង​មេ​ប៉េ​អឹ​ម​ស្រុក​ប​វេ​ល

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​ប្រមាណ​៤០នាក់ មក​ពី​ភូមិ​ត្រពាំង​ក្បាលស្វា ឃុំ​ឃ្លាំង​មាសស្រុក​ប​វេ​ល បាន​លើកគ្នា​មក​តវ៉ា​ដល់​ខាង​មុខ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត កាលពី​វេលាម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៧ខែតុលា ដើម្បី​ស្នើ​សុំ​លោក​មេបញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្ត ជួយ​អន្តរាគមន៍​ដក​លោក…

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​ប្រមាណ​៤០នាក់ មក​ពី​ភូមិ​ត្រពាំង​ក្បាលស្វា ឃុំ​ឃ្លាំង​មាសស្រុក​ប​វេ​ល បាន​លើកគ្នា​មក​តវ៉ា​ដល់​ខាង​មុខ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត កាលពី​វេលាម៉ោង​ប្រមាណ​១០​និង​
៣០​នាទី​ព្រឹក ថ្ងៃ​ទី​៧ខែតុលា ដើម្បី​ស្នើ​សុំ​លោក​មេបញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្ត ជួយ​អន្តរាគមន៍​ដក​លោក សុខ​ជា សំណាង ចេញពី​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ប​វេ​ល ដោយសារ​តែ​មន្ត្រី​រូប​នេះ បាន​លែងគោ​ទាំង​ហ្វូង​ឲ្យ​ស៊ី​ដំណាំ​ពួក​គាត់​ស្ទើរ​រាល់ថ្ងៃ និង​រាល់​ឆ្នាំ ហើយ​ថែម​ទាំង​គំរាមកំហែង និង​ធ្វើទុក្ខបុក​ម្នេញ​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ស្ទើរតែ​មិន​អាច​រស់នៅ​កើត ។

អ្នក​តវ៉ា​ម្នាក់​គឺ​លោក ទិ​ត ម៉ុ​ន អាយុ​៧០​ឆ្នាំ និយាយ​ថា គោ​រាប់រយ​ក្បាល​របស់​លោក សុខ​ជា សំណាង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ប​វេ​ល ត្រូវ​បាន​លែង​យ៉ាង​អនាធិបតេយ្យ ហើយ​បាន​ចូលលុក​លុយ​ស៊ី​ដំណាំ​របស់​ពលរដ្ឋ​នៅ​ភូមិ ឃុំ​ខាង លើ​ស្ទើរ​រាល់ថ្ងៃ និង​ជា​រៀង​រាល់​ឆ្នាំ ។ មិនតែប៉ុណ្ណោះ លោក សុខ​ជា សំណាង និង​កូនប្រុស ថែម​ទាំង​គំរាមកំហែង​ម្ចាស់​ដំណាំ​ទៀត​ផង នៅ​ពេល​គេ​នាំ​គ្នា​ដេញគោ ឬ​តវ៉ា​ពី​រឿង​គោ​ស៊ី​ដំណាំ​នេះ ។

គាត់​បញ្ជាក់​ថា ដោយសារ​មិន​អាច​ស៊ូទ្រាំ​នឹងហ្វូងគោ​លោក សុខ​ជា សំណាង នេះ​បាន​អ្នក​ភូមិបាន​នាំ​គ្នា​ផ្តិត​មេដៃ​ដាក់​ពាក្យ​ប្តឹង​ទៅ​អាជ្ញាធរ​ឃុំឃ្លាំង​មាស ឲ្យ​ជួយ​រក​ដំណោះស្រាយ ។ ពាក្យបណ្ដឹងបាន​ដាក់​តាំងពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ តែរហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ដំណោះស្រាយពី​លោក​មេឃុំ​នៅឡើយ​ទេ ។ ដូច្នេះ​ហើយ ទើប ពួក​គាត់​លើកគ្នា​មក​តវ៉ា​ដល់​មុខ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សុំ​ឲ្យ​លោក មាស សុវណ្ណ មេបញ្ជាការ​ខេត្ត​ជួយ​អន្តរាគមន៍ ។

ពលរដ្ឋ​ម្នាក់​ទៀត​គឺ​អ្នកស្រី ឈិ​ន អាំ អាយុ៣១​ឆ្នាំ ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​តវ៉ា​នេះ​និយាយ​ថា កូនប្រុស​គាត់​ម្នាក់​អាយុ​១១​ឆ្នាំ ធ្លាប់​ត្រូវបានកូន​ប្រុស​លោក សុខ​ជា សំណាង មេ​បញ្ជាការ​ប៉េ​អឹ​ម​ស្រុក​ប​វេ​ល បាញ់​នឹង​ចំពាមកៅស៊ូ ដោយសារ​កូន​គាត់​ដេញគោ​លោក​ប៉េ​អឹ​ម​នោះ​មិនឲ្យ​ស៊ី​ស្រូវ ។ គាត់​និយាយ​ទៀត​ថា មាន​អ្នក​ភូមិ​ច្រើន​គ្រូ​សារ​ណាស់​ដែល​រង​គ្រោះ​ដោយសារ​ហ្វូងគោ​រាប់រយ​ក្បាល​របស់​លោក សុខ​ជា សំណាង ចូលលុក​លុយដំណាំ ។

ដោយនៅ​នឹង​ចង្កេះ​ជាប់​ពកូន​តូច​ផង អ្នកស្រី ឈិ​ន អាំ បាន​និយាយ​ទាំង​កំហឹង​ថា «​មេ​ប៉េ​អឹ​ម​ស្រុក​ប​វេ​ល​ឈ្មោះ សំណាង នេះ កំពុង​ធ្វើបាប​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ក្បាលស្វា ះ​ខ្លាំង​ណាស់ ។ មេ​ប៉េ​អឹ​ម​រូប​នេះ បាន​បណ្ដែតបណ្ដោយ​ឲ្យ​គោ​របស់​ខ្លួន​ទាំង​ហ្វូង​ចូល​ស៊ី​ស្រូវ ស៊ី​ដំឡូង​ពលរដ្ឋ​រាល់ថ្ងៃ រាល់​ឆ្នាំ ហើយ​ថែម​ទាំង
គំរាមកំហែង និង​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​មិន​ឲ្យ​រស់​សុខ​ស្រួល​ទៀត​» ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ មេឃុំ​ឃ្លាំង​មាស លោក ចាន់ នី បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាមទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា​ថា រឿង​ហ្វូងគោ​លោក សុខ​ជា សំណាង មេបញ្ជាការ​កង​រាជអាវុធហត្ថ​ស្រុក​ប​វេ​ល ចូល​ស៊ី​ដំណាំ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ ឃុំ​ខាងលើ​នេះ ធ្លាប់​កើតឡើង​ច្រើន​ឆ្នាំ​មក​ហើយ ។

លោក​មេឃុំ​ថ្លែង​ថា ឆ្នាំ​នេះ​ក៏​ដូច​ឆ្នាំ​មុន​ៗ​ដែរ គឺ​ហ្វូងគោ​នេះ​នៅ​តែ​បន្ត​បំផ្លិចបំផ្លាញ​ដំណាំ​ស្រូវនិង​ដំឡូង​របស់​ពលរដ្ឋ​ដដែល រហូត​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ ដាក់​ពាក្យ​ប្តឹង​មក​អាជ្ញាធរ​របស់​លោក ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ទៀត​ផង។ លោក​មេឃុំ​រូប​នេះ​បញ្ជាក់​ថា គ្រួសារ​ខ្លះ​អស់​ស្រូវ ឬ​ដំណាំ​ដំឡូង​កន្លះ​ហិ​កតា ខ្លះ​អស់​មួយ​ហិ​កតា និង​ខ្លះ​ទៀត​អស់​មួយ​រ៉ៃ​ក៏​មាន ។

លោក​បន្ថែម​ថា ក្រោយ​ពី​ទទួល​បណ្ដឹង​ពលរដ្ឋ លោក​បាន​ចេញ​លិខិត​អញ្ជើញលោក សុខ​ជា សំណាង មេបញ្ជាការ​ប៉េ​អឹ​ម​ស្រុក​ប​វេ​ល ឲ្យ​ចូលមក​ដោះស្រាយ តែ​រហូត​មក​ដល់​ពេល​នេះ​លោក​មេ​ប៉េ​អឹ​ម​រូប​
នេះ មិន​បាន​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ទេ ។ ទំនង​ដោយសារ​តែ​ពួក​គាត់​ស៊ូទ្រាំ​មិន​បាន​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ទាំង​ម្ចាស់ ទាំង​ហ្វូងគោ​បែប​នេះ​ហើយ ទើប​ពលរដ្ឋ​លើកគ្នា​ទៅ​តវ៉ា​ដល់ទី​បញ្ជាការ​ខេត្ត​បែប​នេះ ។

កោះសន្តិភាព មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពីលោក សុខ​ជា សំណាង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ប​វេ​ល​បាន​ភ្លាម​ៗ​ទេ នៅ​ក្នុងអំឡុងពេល​ដែល​ពលរដ្ឋ​កំពុង​ប្រមូលផ្ដុំ​គ្នា​តវ៉ា នៅ​ខាង​មុខ​ទីបញ្ជាការ​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា ។ ប៉ុន្តែ​ពលរដ្ឋ​ដែល​តវ៉ា​បាន​ប្រាប់​ថា ខាង​កងរាជអាវុធហត្ថ​ខេត្ត បាន​អនុញ្ញាត​ឲ្យ​តំណាង​ពលរដ្ឋ​ប៉ុន្មាន​នាក់​ចូល​ជួប និង​ដាក់​បណ្ដឹងតវ៉ា​នោះ ។

តំណាង​ម្នាក់​គឺ​លោក ម៉ា​ន់ សុ​គុន ដែល​បាន​ចូល​ជួប​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា «​ការ​ជួប​នោះ​គ្មាន​បានការ​អ្វី​ទេ​» ។ គាត់​និយាយ​ថា «​មន្ត្រី​អាវុធហត្ថ បាន​ទទួលយក​ពាក្យ​បណ្ដឹង​ពី​ពួក​ខ្ញុំតែ​មិន​បាន​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​ទេ ដោយគ្រាន់តែ​ប្រាប់​ពួក​ខ្ញុំ​ថា លោក​មេ​បញ្ជាការ​ខេត្ត​នឹង​ធ្វើការ​ប្រជុំ​ដោះស្រាយ​បញ្ហា​នេះ​នៅ​ពេល​ខាង​មុខ តែ​មិន​បាន​បញ្ជាក់​ពី​ពេលវេលា​ឲ្យ​ជាក់លាក់​នោះ​ទេ​» ។

តំណាង​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ការ​ជួប​គ្នា​រវាង​ពួក​គាត់​និង​មន្ត្រី​អាវុធហត្ថ​នេះ មើលទៅ​ហាក់ដូច​គេ​មិន​សូវ​យកចិត្តទុកដាក់​អំពី​កង្វល់​ពួកគាត់​ទេ ។ ប៉ុន្តែ​ក្រុម​អ្នក​តវ៉ា​ទាំងនោះ​បាន​បញ្ជាក់ដូច​ៗ​គ្នា​ថា ពួក​គាត់​បាន​ដាក់​ពាក្យ​ប្ដឹង​នេះ គឺ​ទាមទារ​សំណង​ការ​ខូចខាត​ផលដំណាំ​ពី​លោក សុខ​ជា សំណាង និង​សុំ​ឲ្យ​លោក​មេ​បញ្ជាការ​ខេត្ត ដកលោក សុខ​ជា សំណាង នេះ​ចេញពី​មេបញ្ជាការកងរាជអាវុធហត្ថ​ស្រុក​ប​វេ​ល​ទៀត​ផង ព្រោះលោក សុខ​ជា សំណាង និង​កូនប្រុស បាន​និង​កំពុងធ្វើទុក្ខបុកម្នេញ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​សម្បើម​ដៃ​ណាស់ ។ ពលរដ្ឋ​ទាំងនោះ​ បាន​ព្រមានថា ប្រសិនបើ​លោក​មេបញ្ជាការ​ខេត្ត មិន​អាច​រក​ដំណោះ​ស្រាយ​បាន​ទេ ពួក​គាត់​នឹង​លើកគ្នា​ទៅ​សុំ​អន្តរាគមន៍​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន ដល់​រាជធានី​ភ្នំពេញ​បន្ត​ទៀត ៕​

អត្ថបទសរសេរ ដោយ