ខេត្តស្វាយរៀង ៖ ដើម្បីធានាឲ្យបានសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋមន្ត្រីសាខាកាំកុងត្រូល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៧ ខែតុលានេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំក្រុមការងារបន្តចុះពិនិត្យមុខទំនិញជាច្រើនមុខ នៅក្នុងផ្សារដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានរកឃើញចាហ៊ួយដំណាប់ដូង «យីហោថាញ់ប៊ីញ» ដែលនាំចូលពីវៀតណាមជាប្រភេទទំនិញហាមឃាត់ គ្មានមន្ត្រីជំនាញនៅតាមព្រំដែនត្រួតពិនិត្យនិងពិនិត្យឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រើនមុខបន្ថែមទៀត ដែលដាក់តាំងលក់នៅក្នុងផ្សារមួយនេះ ។
បើតាមលោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តបានឲ្យដឹងថា ដោយមានការណែនាំពីលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូលក្នុងនោះកាំកុងត្រូលខេត្តស្វាយរៀង តែងតែចុះពិនិត្យមុខទំនិញបានជាច្រើនលើក ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ។
ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នាទាំងស្ថាប័នជំនាញទាំងអ្នកនាំចូលអ្នកផលិតអ្នកចែកចាយ និងអ្នកទាំងអស់គ្នា ជាអ្នកប្រើប្រាស់ផងដែរព្រោះសុខភាព គឺជាកត្តាចំបងនៃភាពរស់រាននៃជីវិតរបស់មនុស្ស ។
លោកផឹង និល បានបញ្ជាក់ថា ក្រោយធ្វើកាពិនិត្យមុខទំនិញជាច្រើនមុខក្នុងផ្សារដូនសនេះបានរកឃើញទំនិញខូចគុណភាព និងហួសកាបរិច្ឆេទក្នុងនោះបានដកហូតដំណាប់ចាហ៊ួយ ដូចម៉ាកថាញ់ប៊ី ចំនួន២៩កេស ដែលជាទំនិញហាមឃាត់ និងតែប៉ៃតង២៤ដប ទឹកក្រូច cocacola១៣ដប ,នំធុង១ធុង , ទឹកស៊ីអ៊ីវ១៧ដប ,ទឹកត្រីមច្ឆាមាស១៧ដប ,នំចំរុះកញ្ចប់៣១.៥គីឡូក្រាម ដកហូតយកទៅដុតកម្ទេចចោល ។
ចំណែកអ្នកលក់ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញដែលខូចគុណភាពហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់គ្នាបានយល់ដឹងនូវផលប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ ។
លោកបានបញ្ជាក់ថា ចាហ៊ួយដំណាប់ដូងដែលមានស្លាកសញ្ញាថាញ់ប៊ីញនេះ ជាទំនិញហាមឃាត់ ព្រោះវាបានបំផ្លាញសុខមាលភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ជាពិសេសក្មេងៗសិស្សសាលា ខណៈដែលបានបរិភោគបង្កផលប៉ះពាល់ដល់ក្រពះរលាកពោះវៀន និងរាករុសជាដើម ព្រោះវាមានជាតិរឹងដូចកៅស៊ូ ពិបាកក្រពះកិនរំលាយអាហារ និងឈានទៅរកមហារីកក្រពះ ។
លោកផឹង និល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទឲ្យបានច្បាស់លាស់មុននឹងទិញយកទៅបរិភោគ ។ ជាពិសេសចំណីអាហារក្មេងៗនិយមបរិភោគត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវ មុននឹងបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូលនឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានានៅក្នុងខេត្តស្វាយរៀងឲ្យបានជាបន្តបន្ទាប់បន្ថែមទៀតផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ