ខេត្តស្វាយរៀង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនដៃដល់ដែលជាឃាតករក្នុងករណីធ្វើឃាតកម្មដ៏សាហាវដោយបាញ់សម្លាប់២នាក់ប្ដីប្រពន្ធនៅស្រុកកោះញែកខេត្តមណ្ឌលគិរី កាលពី១ខែមុននោះ ឥឡូវនេះត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ តាមចាប់ខ្លួនបានហើយនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ។
សេចក្តីរាយការណ៍បន្តទៀតថា ជនដៃដល់ដែលត្រូវចាប់បានខាងលើឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិអូគគី ឃុំអូតាយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគីរី រីឯប្រពន្ធឈ្មោះ យាយ អាន ភេទស្រី មុខរបរកសិករ ។ ចំណែកជនរងគ្រោះឈ្មោះ រ៉ា ហៅ ម៉ៅ អាយុ៣៧ឆ្នាំ ជាប្ដី ប្រពន្ធមានឈ្មោះ អុល អាយុ៣៣ឆ្នាំ។ សពអ្នកទាំង២នាក់ជាជនជាតិខ្មែរ ហើយទើបមកពីខេត្តកំពង់ធំ ធ្វើចំការនៅចំណុចខាងលើបាន៩ខែ មានកូនតូចៗ៣នាក់ ដោយកូនប្រុសច្បងអាយុ៧ឆ្នាំ កូនទី២ស្រីអាយុ៥ឆ្នាំ និងប្អូនទី៣ស្រី អាយុ៤ឆ្នាំ។
បើតាមលោកវរសេនីយ៍ឯក ជាវ វិបុល បានប្រាប់ឲ្យដឹងថា ក្រោយការទទួលបទបញ្ជា និងការចង្អុលបង្ហាញ លោកបានដឹកនាំកម្លាំងនាយកដ្ឋានសហការជាមួយកម្លាំងនគរបាលខេត្តស្វាយរៀង និងកំណត់អត្ដសញ្ញាណជនដៃដល់ ទើបឈានដល់ការចាប់ខ្លួនបាននៅម៉ោង៤ល្ងាច ថ្ងៃទី៧ តុលានេះ នៅចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
លោកវរសេនីយ៍ឯក បញ្ជាក់ថា ជនដៃដល់ដែលកម្លាំងជំនាញចាប់ខ្លួនបាននោះគឺបានរត់គេចមកធ្វើជាកម្មករសំណង់ក្នុងការដ្ឋានមួយកន្លែង ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។ ក្រោយពេលឃាត់ខ្លួនហើយ បច្ចុប្បន្ននេះជនសង្ស័យកំពុងបញ្ជូនមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសួរនាំ និងបញ្ជូនបន្ដទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីវិញដែលជាម្ចាស់ករណី។
គួររំលឹកផងដែរថា កាលពីថ្ងៃទី៧ កញ្ញា ២០១៩ ពោលគឺមួយខែមុនមានករណីឃាតកម្មបាញ់សម្លាប់២នាក់ប្ដីប្រពន្ធនៅចំណុចថ្មដារ ស្ថិតនៅភូមិរវាក់ ឃុំរ៉យ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្រោយមកក៏ឃាត់ខ្លួនជនសង្ស័យជាប្រពន្ធបាន ចំណែកបុរសជាប្តីរត់ខ្លួន។ ហើយដើមចមដែលនាំឲ្យមានអំពើឃាតកម្មនេះ សមត្ថកិច្ចសង្ស័យផ្ដើមចេញពីរឿងទំនាស់ដីធ្លី ។
គួររំលឹកបន្តថា ៖ មូលហេតុនៅពីក្រោយករណីបាញ់សម្លាប់២នាក់ប្តីប្រពន្ធយ៉ាងសាហាវ។
គួររំលឹកទៀតថា ៖ ពេលនេះ ខ្មាន់កាំភ្លើងបាញ់សម្លាប់២នាក់ប្តីប្រពន្ធ ត្រូវបានវែកមុខហើយ ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ