ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំងមួកខៀវកម្ពុជា204រូប…ចេញ​​បំពេញបេសកកម្ម​នៅអាហ្វ្រិកកណ្តាល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​កងកម្លាំង​វិស្វកម្ម​មួក​ខៀវ​កម្ពុជា​ចំនួន​២០៤​នាក់ ក្នុង​នោះ​មាន​កម្លាំង​នារី​ចំនួន​១០​នាក់ នឹង​បញ្ជូន​ទៅ​ចូលរួម​បំពេញបេសកកម្ម របស់​អង្គការសហប្រជាជាតិ នៅ​សាធារណៈរដ្ឋ​អាហ្វ្រិក​កណ្តាល នៅ​ចុងខែ​តុលា​នេះ ដើម្បី​ប្តូ​វេន​កម្លាំង​ចាស់​ដែល​បាន​បញ្ចប់​រយៈពេល​១​ឆ្នាំ​។ ការ​បញ្ជូន​កងកម្លាំង​វិស្វកម្ម​មួក​ខៀវ​ទៅ​កាន់​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល…

រាជធានីភ្នំពេញ ៖ ​កងកម្លាំង​វិស្វកម្ម​មួក​ខៀវ​កម្ពុជា​ចំនួន​២០៤​នាក់ ក្នុង​នោះ​មាន​កម្លាំង​នារី​ចំនួន​១០​នាក់ នឹង​បញ្ជូន​ទៅ​ចូលរួម​បំពេញបេសកកម្ម របស់​អង្គការសហប្រជាជាតិ នៅ​សាធារណៈរដ្ឋ​អាហ្វ្រិក​កណ្តាល នៅ​ចុងខែ​តុលា​នេះ ដើម្បី​ប្តូ​វេន​កម្លាំង​ចាស់​ដែល​បាន​បញ្ចប់​រយៈពេល​១​ឆ្នាំ​។

ការ​បញ្ជូន​កងកម្លាំង​វិស្វកម្ម​មួក​ខៀវ​ទៅ​កាន់​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ក្នុង​បេសកកម្ម​របស់​អង្គ​ការ​សហប្រជាជាតិ​នេះ​លោក នាយ​ឧត្តមសេនីយ៍ សែ​ម សុវណ្ណ​នី អនុប្រធាន​គណៈកម្មាធិការ​ជាតិ និង​ជា​អគ្គ​នាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព នៅ​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៩​នេះ មាន​ប្រសាសន៍​ថា “​កម្លាំង​ទាំង​២០៤​នាក់​នេះ ត្រូវ​បំពេញបេសកកម្ម​រយៈពេល​១​ឆ្នាំ ដែល​មានការ​ចល័ត​កម្លាំង ទៅ​ឈរជើង​ក្នុង​តំបន់​ចំនួន​២​ទីតាំង គឺ​មាន នៅ​ក្រុង​ប្រៀ (Bria) និង​ក្រុង​បាំ​បារី (Bambari) ដើម្បី​ចូលរួម​ស្ថាបនា​ផ្លូវ សាងសង់​ទីបញ្ជាការ​ទៅ​កងកម្លាំង​រក្សា​សន្តិភាព​មក​ពី​បណ្តា ប្រទេស​ផ្សេង​ៗ​ទៀត ដែល​មក​ចូលរួម​បេសកកម្ម​នៅ​អាហ្វ្រិក​កណ្តាល​ដូច​គ្នា​”​។

លោក​បញ្ជាក់​បន្ថែម​ថា ការ​ដែល​កម្ពុជា​បញ្ជូន​កងកម្លាំង​មួក​ខៀវ​ក្នុង​បេសកកម្ម​នេះ គឺ​បង្ហាញ​អោយ​ឃើញ​ថា កម្ពុជា​អនុវត្ត​បាន​១០០% តាម​អ្វី​ដែល​កម្ពុជា​បាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​ជាមួយ​អង្គការ​សហ​ប្រជាជាតិ ហើយ​ក៏​បង្ហាញ​អោយ​ឃើញ​ថា​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​សន្តិភាព​ពេញលេញ ​។

ក្នុង​វិស័យ​រក្សា​សន្តិភាព រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ពី​ចក្ខុវិស័យ ក្នុង​គោលដៅ​ធានា​និរន្តរភាព នៃ​ការ​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព ដោយ​ប្តេជ្ញា​យ៉ាង​មុតមាំ​បន្ត​វិភាគទាន​ចូលរួម​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​រួមចំណែក​ជាមួយ​សហ​គម​អន្តរជាតិ ក្នុង​កិច្ច​ប្រឹងប្រែង​ស្វែងរក​សន្ត​យិ​ភាព​ជូន​ប្រទេស​ដទៃ​នៅ​លើស​កល លោក តាម​សំណូមពរ​របស់​អង្គការសហប្រជាជាតិ​។

កាលពី​ពេល​កន្លង​ទៅ លោកស្រី Paulin Tamesis អ្នកសម្របសម្រួល​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ថ្លែង​ថា “​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ គឺជា​គំរូ​ជាក់ស្តែង​មួយ បង្ហាញ​ពី​សកម្មភាព ក្នុង​លក្ខណៈ​ពហុភាគី ហើយ​រដ្ឋាភិបាល​នៃ​សហ​គម​អាស៊ាន ក៏​បាន​ផ្តល់​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ផង​ដែរ ។

សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស​បាន​ចុះហត្ថលេខា​លើ​គំនិត​ផ្តួចផ្តើម​នេះ​គឺ​សកម្មភាព ដើម្បី​សន្តិភាព ជា​ពិសេស​ប្រទេស​កម្ពុជា​ភាព​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ ដែល​បាន​ទទួល​ចំណា​ច់​ថ្នាក​ល្អ​គឺ​លេខ​២៩ លើ​១២២​ប្រទេស នៃ​ការ​បរិ​ច្ឆា​គ​កងកម្លាំង​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​។

អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព លោកស្រី កុសល ម៉ា​លី​ន​ដា បាន​ប្រាប់​ហង្ស​មាស​នៅ​ថ្ងៃនេះ​ថា គិត​ចាប់តាំងពី​ឆ្នាំ​២០០៦ រហូត​ដល់​បច្ចុប្បន្ន​នេះ កម្ពុជា​បញ្ជូន​កងកម្លាំង​សរុប​ចំនួន​៦៣០០​នាក់ ក្នុង​នោះ​មាន​កម្លាំង​នារី​ជិត​៣០០​នាក់ លើ​ជំនាញ បោសសម្អាត​មីន​, វិស្វកម្ម​សំណង់​ផ្តេក​-​បញ្ឈរ​, តម្រួត​សណ្តាប់​ធ្នាប់​, មន្ទីរពេទ្យ​កម្រិត​២ វិស្វកម្ម​ព្រ​លាន​យន្តហោះ និង​កង​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ ទៅ​ក្នុង​បេសកកម្ម​ចំនួន​១០ ក្នុង​ប្រទេស​ចំនួន​៨ រួម​មាន ស៊ូ​ដង់​, ស៊ូ​ដង់​ខាងត្បូង​, ឆា​ដ​, ស៊ី​រី​, សាយ​ប្រឹស​, អាហ្វ្រិក​កណ្តាល​, លី​បង់​, និង​ម៉ា​លី​។

បច្ចុប្បន្ន​កម្លាំង​មួក​ខៀវ​កម្ពុជា កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​ចំនួន​៥ រួម​មាន អ​ហ្វ្រិ​ក​កណ្តាល​, លី​បង់​, ម៉ា​លី​,​ស៊ូ​ដង់​ខាងត្បូង​, និង​ស៊ូ​ដង់ ដែល​មាន​កម្លាំង​ចំនួន​ជាង​៨០០​នាក់ ក្នុង​នោះ​មាន​កម្លាំង​នារី​ចំនួន​ជាង​៦០​នាក់​៕​