វី ស្រី​ខួច ស្នើ​ឱ្យ​កីឡាករ​កីឡា​រិ​នី​ហ្វឹក​ហាត់​​ឱ្យ​បាន​ច្រើន​មុន​ទៅ​ប្រកួត​ស៊ីហ្គេម


រាជធានី​ភ្នំពេញ ៖ ខុស​ពី​ការ​លើក​ឡើង​របស់​កីឡាករ​កីឡាការិនី​មួយ​ចំនួន ដែល​ទទូចកុំ​ឲ្យ​កីឡា​ករ​​ដែល​មានឈ្មោះ​ទៅ​ស៊ី​ហ្គេ​ម​ប្រើ​ប្រាស់​កម្លាំង​ច្រើន ដើម្បី​សន្សំ​កម្លាំង​ទៅ​ស៊ី​ហ្គេ​មនោះ សម្រាប់​​​កីឡាការិនី​ប្រដាល់​សាកល កញ្ញា វី ស្រី​ខួច បែរជា​ស្នើ​ឲ្យ​មានការ​បើក​ប្រកួត​ឲ្យ​បាន​ញឹក​សម្រាប់​កីឡាករ​កីឡាការិនី​ដែល​ត្រូវ​ទៅ​ស៊ី​ហ្គេ​ម​ទៅ​វិញ​។ នាង​អះអាង​ថា ការ​ឡើង​ប្រកួត​ញឹក​មិនមែន​បំបាក់កម្លាំង​នោះ​ទេ តែ​ជា​ការ​បង្វឹក​សមត្ថភាព​ឲ្យ​កាន់តែ​រឹង​មាំ​ទៅ​វិញ ។

កីឡាការិនី​ប្រដាល់សកល​ជម្រើសជាតិ​លេច​ធ្លោ​រូប​នេះ ដែល​មានបទពិសោធន៍​មិនធម្មតា​នៅ សង្វៀន ONE CHAMPIONSHIP បញ្ជាក់​ថា ការ​ប្រកួត​ផ្លូវការ​ឲ្យ​បាន​ញឹក​សម្រាប់​កីឡាករ​កីឡាការិនី​ដែល​ត្រូវ​ទៅ​ស៊ី​ហ្គេ​ម​គឺ ដើម្បី​ស្ទាបស្ទង់​ពី​ការ​ហ្វឹកហាត់​តើ​នៅ​ខ្វះខាត​ចំណុច​ណាខ្លះ ។ បើ​ពឹង​ត​លើ​ការ​ហ្វឹកហាត់​តែ​ម្យ៉ាង ហើយ​ទៅ​ប្រកួត​ធំ​ៗ​ដូច​ជា​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេ​ម គឺ​មិន​ខុស​ពី​បាន​តែ​ហ្វឹកហាត់​ហើយ​មិនបាន​សាកមើល​សិន​ថា តើ​ខ្លួន​ទទួល​បាន​អ្វីខ្លះពី​ការ​ហ្វឹកហាត់​នោះ​ទេ ។

វី ស្រី​ខួច និយាយ​ទៀត​ថា សម្រាប់​រូប​នាង​បាន​ត្រឹមតែ​ប្រើ​ពាក្យ​ថា នឹង​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព​ប៉ុណ្ណោះ ប៉ុន្តែ​បើ​បាន​ប្រកួត​កាន់​ញឹក​គឺ​ពិតជា​ល្អ ។ នាង​សង្ឃឹមថានឹង​ទទួល​លទ្ធផល​ល្អ​នៅ​ស៊ី​ហ្គេ​ម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន នា​ចុងឆ្នាំ​នេះ ។

ការ​រំពឹង​បែប​នេះ គឺ​បន្ទាប់​ពី​នាង​ចេញ​ទៅ​ហ្វឹកហាត់ និង​ប្រកួត​សមជា​ញឹកញាប់​នៅ​ប្រទេស​ជប៉ុន​តាំងពី​ដើម​ខែកញ្ញា​មក ដើម្បី​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ស៊ី​ហ្គេ​ម ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩។

វី ស្រី​ខួច បាន​និយាយ​ពី​ប្រទេស​ជប៉ុន ប្រាប់​អ្នក​សារព័ត៌​ក្នុងស្រុក​មួយ​ថា ៖ «​ការ​ហ្វឹក​ហាត់​នៅ​ជប៉ុន​នេះ គឺ​បំពេញ​រាល់​ចំណុច​ខ្វះខាត ហើយ​យើង​ដឹង​តែ​ផ្ដោត​លើ​ការ​ហ្វឹកហាត់​តែ​ម្ដង ។ វា​ជា​រឿង​ល្អ​ច្រើន ព្រោះ​គ្រូបង្វឹក​ក៏​គាត់​ប្រាប់​ពី​ចំណុច​មិនល្អ​របស់​យើង​ដើម្បី​កែប្រែ​ដែរ និង​វាយ​សម​ជា​ប្រចាំ ។ គ្រូបង្វឹក និង​ក្លិប​នៅ​ជប៉ុន តែងតែ​រក​ដៃគូ ឲ្យ​ឡើង​ប្រកួត​សម​គ្នា​នៅ​សង្វៀន​នានា និង​ឆ្លង​ទៅ​តាម​ខេត្ត​ផ្សេង​ក៏​មាន​» ។

ទន្ទឹម​នឹង​នោះ នាង​ក៏​បាន​បង្ហាញ​អំពី​ការ​តាំង​ចិត្ត​មោះមុត​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នា​ចុងឆ្នាំ​នេះ ។

នាង​និយាយ​ថា សម្រាប់​ការ​ហ្វឹកហាត់​នៅ​ក្នុង​ស្រុក​រមែង​ជួប​ការ​លំបាក​បន្តិច ជា​ពិសេស​លើ វិញ្ញាសា​ប្រដាល់សកល​ជម្រើសជាតិ ដោយសារ​តែ​អត់​មាន​ដៃគូ​ប្រកួត​ឬ​សម​គ្រប់គ្រាន់ ។ វី ស្រី​ខួច រំឭក​ថា ពេល​ហ្វឹកហាត់​នៅ​ស្រុក​ខ្មែរ​មាន​តែ​ការ​សមជា​មួយ​កីឡាករ​គ្នា​ឯង​ប៉ុណ្ណោះ​ដែល​ពិបាក​រក​ចំណុចខ្សោយ និង​បច្ចេកទេស​ពិត ។ ប៉ុន្តែ​ការ​ហ្វឹកហាត់​នៅ​ជប៉ុន​លើក​នេះ​មាន​កីឡា​ការិនី​សម​គ្នា​គ្រប់គ្រាន់ និង​បំប៉ន​ផ្នែក​ចង្វាក់​ប្រយុទ្ធ​ឲ្យ​ល្អ​ថែម​ទៀត​ផង ។

ការ​លើក​ឡើង​របស់​នាង គឺ​ស្របគ្នា​នឹង​ពេល​កន្លង​ទៅ​ដែល​វិញ្ញាសា​ប្រដាល់សកល​នៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០១៩ ត្រូវ​បាន​គេ​បង្ហើប​គម្រោង​ជាបឋម ថា នឹង​បញ្ជូន​កីឡាករ​៤​នាក់​និង​កីឡាការិនី​២​នាក់​ទៅ​ចូលរួម​ប្រកួត ដោយ​កីឡាករ​៣​នាក់ កំពុង​ហ្វឹកហាត់​នៅ​កម្ពុជា និង​៣​នាក់​ទៀត​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​ដូច​ជា វី ស្រី​ខួច​, នៅ ស្រី​ពៅ និង​ណាត សៀ​ក​និ​ន ។

ការ​លើក​ឡើង​របស់ វី ស្រី​ខួច ត្រូវ​បាន​កីឡាករ​កីឡាការិនី​ភាគច្រើន​ទទួលយក ដោយ​សារ​តែ​ការ​ហ្វឹកហាត់​ហើយ​មិន​បាន​បញ្ចេញ​សមត្ថភាព​ប្រកួត​ផ្លូវការ គឺ​មិន​អាច​មើល​ដឹង​ពី​ការ​រីក​ចម្រើន​នៃ​សមត្ថភាព​ឡើយ ។

គួរ​បញ្ជាក់​ថា ស្រី​ខួច ជា​កីឡាការិនី​លេចធ្លោ​ម្នាក់​ដែល​ទទួល​បាន​ឈ្មោះ​ចូល​ហ្វឹកហាត់​ជម្រើស​ជាតិ​តាំងពី​ស៊ី​ហ្គេ​ម​ឆ្នាំ​២០១៧ ដែល រៀប​ចំ​ឡើង​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​បាន​ចេញ​ទៅ​ប្រកួត​នៅ​ស៊ី​ហ្គេ​ម​លើក​ទី​២៩​ផង​ដែរ ។

មុន​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន កីឡា​ការិ​នី​រូប​នេះ និង​មិត្ត​រួម​ក្រុម​គឺ នៅ ស្រី​ពៅ បាន​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​ដែល​ប្រមូលផ្ដុំ ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ពហុ​កីឡដ្ឋាន​ជាតិប្រមាណ​ជា​៥​ខែ​មក​ហើយ ។ គ្រូបង្វឹក​ដែល​ស្រី​ខួច ទទួល​ការ​ហ្វឹកហាត់​មាន​ដូច​ជា Rolando Castellano Rodriquez ជនជាតិ​គុយ​បា លោក វ៉ែន សុផល លោក ជ័យ ណា​រ៉ា និង លោក ឡុ​ង សាលី​ន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ