បុគ្គល​៦​រូប​ធ្វើបុណ្យ​ភ្លាម​ទទួលផល​ភ្លាម


នៅ​សម័យ​ពុទ្ធកាល​មាន​បុរស​ស្ត្រី​៦​រូប​ជា​អ្នក​បាន​បំពេញ​បុណ្យ​កុសល​ដោយ​ចិត្ត​ជ្រះថ្លា​ពិត​ៗ ហើយ​ហុច​ផល​ឱ្យ​ឃើញ​ភ្លាម​ៗ​នឹង​ភ្នែក​ស្រស់​ៗ​គឺៈ

១- នាង​មល្លិកា បាន​ថ្វាយ​នំ​សណ្ដែក​មួយ​ដុំ ដល់​ព្រះ​មាន​ព្រះ​ភាគ ក៏​បាន​ផល​ភ្លាម​ៗ​ឃើញ​ជាក់ច្បាស់​នឹង​ភ្នែក គឺ​បានជា​អគ្គមហេសី​របស់​ព្រះបាទ​កោសល​ក្នុង​ថ្ងៃ​ថ្វាយ​ទាន​នុះឯង​ ។

២- នាយ​សុ​មន​មាលាការ បាន​ផ្កាម្លិះ​៨​ក្ដាប់​រោយរាយ​បូជា​ព្រះ​បរមលោក​នាថ ក៏​បាន​ផល​ឃើញ​ជាក់ច្បាស់​ភ្លាម​ៗ​គឺ​បាន​សម្បត្តិ​យ៉ាងច្រើន​ដែល​ជា​របស់​ព្រះរាជា​ប្រទាន ។

៣- ឯក​សាដក​ព្រាហ្មណ៍ មាន​សំពត់​ដណ្ដប់​មួយ​ផ្ទាំង យក​សំពត់​ដណ្ដប់​មួយ​ផ្ទាំង​នោះ​ទៅ​បូជា​ដល់​ព្រះសម្មាសម្ពុទ្ធ ព្រះរាជា​ក៏​ទ្រង់​ព្រះ​រាជទាន​របស់ទ្រព្យ​ទាំងឡាយ​ទាំងពួង​ម្ដង ៨​មុខ​ៗ​ក្នុង​ថ្ងៃ​ថ្វាយ​ទាន​នុះឯង ។ (​ពីរ​នាក់​ប្ដី ប្រពន្ធ មាន​សំពត់​ដណ្ដប់​តែ​មួយ​ផ្ទាំង សំពត់​ស្លៀក​មួយ​ផ្ទាំង បើ​នឹង​ថ្វាយ​បាន​ក៏​ជា​វេលា​យូរ រមែង​ត្រូវ​ទូន្មាន​ចិត្ត​កំណាញ់ រហូត​កាត់​ចិត្តបាន​ក៏​យូរ​ដែរ​) ។

៤- នាង​បុ​ណ្ណ​ទាសី បាន​ថ្វាយ​ភត្តាហារ​ដល់​ព្រះ​សារីបុត្ត​ត្ថេ​រ ក៏​បានជា​ភរិយា​របស់​បុ​ណ្ណ​ក​សេដ្ឋី​ក្នុង​ថ្ងៃ​ថ្វាយ​ភត្តាហារ​នុះឯង ។

៥- ព្រះ​នាង​គោបាល​មាតា ប្រកបដោយ​សទ្ធា យក​សក់​ទៅ​លក់​បាន ៨ កហាបណៈ​ហើយ​ក៏​យក​ទ្រព្យ​៨​កហាបណៈ​នោះ​ទៅ​ទិញ​អាហារបិណ្ឌបាត ថ្វាយ​ដល់​ព្រះ​មហាកច្ចាយន​ត្ថេ​រ ក៏​បាន​ផល​ជា​អគ្គមហេសី​របស់​ព្រះបាទ​ចណ្ឌ​ប្ប​ជ្ជោ​ត ក្នុង​ថ្ងៃ​ដែល​ថ្វាយ​អាហារបិណ្ឌបាត​នោះ ។ តម​ក​ព្រះ​អគ្គមហេសី​មាន​ព្រះ​រាជឱរស​មួយ​ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​គោបាល​កុមារ ព្រះ​រាជទាន​ព្រះ​នាម​នេះ​ឲ្យ​ដូច​ជា​លោក​មហាសេដ្ឋី​ដែល​ជាតា ។ តាំង​អំពី​នោះ​មក​ព្រះ​អគ្គមហេសី​ក៏​មាន​ព្រះ​នាម​ថ្មី​ថា ព្រះ​នាង​គោបាល​មាតា ។

៦- នាង​សុ​ប្បិ​យា​ឧបាសិកា បាន​កាត់​យក​សាច់​ភ្លៅ​របស់​ខ្លួនឯង​ធ្វើ​ជា​អាហារ​ថ្វាយ​ដល់​ភិក្ខុ​ដែល​មាន​អាពាធ ក៏​បាន​ផល​ជា​អស្ចារ្យ​គឺ​នៅ​ព្រឹក​ឡើង​ថ្ងៃ​ទី​ពីរ​ដំបៅ​ដែល​កាត់​នោះ​ក៏​ជា​សះ​ភ្លាម​អត់​មាន​ស្លាកស្នាម​អ្វី​សូ​ម្បី​បន្តិច​ឡើយ ។

បុគ្គល​ទាំង​៦​រូប​នេះ​លុះ​អស់​អាយុសង្ខារ បាន​ទៅ​សោយសុខ​នៅ​ឋានសួគ៌​ទេវលោក​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ