ដឹកគោ​ទៅ​ស៊ី​ស្មៅ ស្រាប់តែ​ធុំក្លិន​ស្អុយ ក៏​អើត​មើល​ក្នុង​អណ្តូង​…​ផ្អើល​ឆោឡោ (​មាន​វី​ដេ​អូ​)


រាជធានី​ភ្នំពេញ ៖ សាកសព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដែល​មាន​សភាព​ហើម​ស្អុយរលួយ ព្រមទាំង​មាន​ដង្កូវ​ចោះ​ទៅ​ហើយ​នោះ ត្រូវ​បាន​បុរស​ដែល​ជា​អ្នកយាម​ដី​ម្នាក់​ដឹកគោ​ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ ហើយ​បាន​ប្រទះ​ឃើញ​សព​នៅ​ក្នុង​អណ្ដូងទឹក​មួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ។

បន្ទាប់​មក​បុរស​ជា​អ្នកយាម​ដី​ម្នាក់​នោះ​ក៏​បាន​រាយការណ៍​ជូន​ដល់​កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​ឱ្យ​ចុះ​មក​ពិនិត្យ​មើល​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​នគរបាល​បាន​សន្និដ្ឋាន​ថា​ជា​ករណី​ឃាតកម្ម ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​កើតហេតុ​នៅ​ទីនោះ ឬ​មួយ​ក៏​ជន​រង​គ្រោះ​ត្រូវ​គេ​សម្លាប់​នៅ​កន្លែង​ផ្សេង រួច​ដឹក​យក​ទៅ​ទម្លាក់​ចោល​ក្នុង​អណ្ដូងទឹក​នោះ​នៅឡើយ​ទ​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៩ នៅ​ក្នុង​ដី​ឡូ​ត៍មួយ​កន្លែង ស្ថិត​ក្នុងភូមិ​គោក​ព្រិច សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

សព​បុរស​រង​គ្រោះ​ម្នាក់​ខាងលើ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​ក៏​មិនដឹង​ថា​មាន​អាយុ​ប៉ុន្មាន​នោះ​ឡើយ តែ​តាម​ការ​សន្និដ្ឋាន​ប្រហែល​ជាង​អាយុ​៤០​ឆ្នាំ​។

តាម​ប្រភព​ពី​បុរស​ម្នាក់​ជា​អ្នកយាម​ដី​ខាងលើ​ឈ្មោះ​សោ សា​រ៉ា់ត់ អាយុ​៣២​ឆ្នាំ មានស្រុក​កំណើត នៅ​ក្នុងភូមិ​បឹង​ស្ដុក ឃុំ​បរ​សេដ្ឋ ស្រុក​បរ​សេដ្ឋ ខេត្ត​កំ​ពង​ស្ពឺ បាន​និយាយ​ថា នៅ​មុន​ពេល​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​កើតឡើង គឺ​គាត់​បាន​ដឹកគោ​ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​ក្នុង​បរិវេណ​ដី​ឡូ​ត៌​ខាងលើ​នេះ ។ លុះ​ពេល​ទៅ​ដល់​ជិត​អណ្ដូងទឹក​ខាងលើ ស្រាប់តែ​ធុំក្លិន​ស្អុយ​ចម្លែក​ខុស​ពី​ធម្មតា ពេល​នោះ​គាត់​មានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​ក៏​បាន​ទៅ​អឺត​មើល ក្នុង​អណ្ដូង ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​មនុស្ស​ម្នាក់​ហើម​ស្អុយរលួយ និង​មាន​ដង្កូវ​ចោះ​បាត់​ទៅ​ហើយ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​គាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ហើយ​ក៏​បាន​រត់​ត្រឡប់​ទៅ​ផ្ទះ​ប្រាប់​ដល់​ម្ដាយ​បានដឹង បន្ទាប់​មក​ម្ដាយ​របស់​គាត់​បាន​ទូរស័ព្ទ​ប្រាប់​ពូ​របស់​គាត់​ម្នាក់​ដែល​ជា​មន្ត្រី​យោធា​ឱ្យ​បានដឹង​ពី​ហេតុការណ៍​ខាងលើ ។ បន្ទាប់​មក​ពូ​របស់​គាត់​បាន​រាយការណ៍​បន្ត​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ភ្លាម​ៗ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​នាំ​គ្នា​ទៅ​ចោមរោម​មើល ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​បាន​ស្គាល់​ជន​រង​គ្រោះ​ឡើយ ម្យ៉ាងទៀត​សព​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ ទោះបី​មើល​យ៉ាងណា​ក៏​មិន​ស្គាល់​ដែរ​។ ដោយឡែក​អណ្ដូងទឹក​នេះ​ជ្រៅ​ណាស់ ហើយ​កាល​មុន​ត្រូវ​បាន​អ្នក​ភូមិ​ដងទឹក​ប្រើប្រាស់​ជា​ប្រចាំ ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​បោះបង់​ចោល​វិញ និង​មាន​រយៈពេល​ប្រហែល​៥​ឆ្នាំ​កន្លង​មក​ហើយ​។

តាម​ប្រភព​ពី​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​នោះ​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ឃើញ​សព​ជន​រង​គ្រោះ​មាន​សភាព​ហើម​ស្អុយរលួយ​ទៅ​ហើយ ដែល​សង្ស័យ​ថា បាន​ស្លាប់​រយៈពេល​១​អាទិ​ត្យ​មក​ហើយ ។ បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ធ្វើការ​សាកសួរ​សាក្សី​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​សង្ស័យ​ថា​ជា​អំពើ​ឃាតកម្ម តែ​ពុំ​ដឹង​ថា​កើតហេតុ​នៅ​ទីនោះ​ផ្ទាល់ ឬ​ក៏​នៅ​កន្លែង​ផ្សេង ហើយ​សព​ត្រូវ​បាន​គេ​នាំ​យក​ទៅ​ទម្លាក់​ចោល​ក្នុង​អណ្ដូង​នោះ​ឡើយ​។ ប៉ុន្តែ​ទោះបីជា​បែប​ណា នេះ​គ្រាន់តែ​ជា​ការ​សង្ស័យ​ប៉ុណ្ណោះ ពុំ​មែន​ជា​ការ​សន្និដ្ឋាន​ទេ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ កម្លាំង​នគរបាល​ប៉ុស្តិ៍​និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ក៏​បាន​រាយការណ៍​ជូន​ថ្នាក់លើ​និង​សុំ​កម្លាំង​នគរបាល​ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​សុំ​ឲ្យ​កម្លាំង​នគរបាល​ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​ដើម្បី​ឱ្យ​ដឹង​ថា​តើ​ជា​អំពើ​ឃាតកម្ម​ពិតប្រាកដ​ឬ​បែប​ណា ។

គិត​មក​ត្រឹម​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ដដែល​នេះ​ដែរ​ ​ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​ក្នុង​អណ្ដូងទឹក​នៅ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ ​បន្ទាប់​ពី​ទទួល​ដំណឹង​ថា មានករណី​​ប្រទះ​ឃើញ​សាក​សព​ខាងលើ ក៏​មាន​អ្នក​បាត់​សាច់ញាតិ​​មកមើល​ដែរ ​ប៉ុន្តែ​ពេល​ទៅ​មើល​ផ្ទាល់​សុទ្ធតែ​ថា​ពុំ​មែន​ជា​សាច់ញាតិ​បស់​ខ្លួន​ដែល​បាត់​ឡើយ​។​

ចំណែកឯ​កម្លាំង​នគរបាល​ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ​គ្រូពេទ្យ​ផ្នែក​ពិនិត្យ​សាកសព​បាន​​ស្រង់​សាកសព​ឡើងគោក ​រួច​ពិនិត្យ​កោសល្យវិច័យ ​ជា​លទ្ធផល​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​តែ​លង់ទឹក​ មិន​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ឃាតកម្ម​ឡើយ ។​

តាម​ប្រភពពី​នគរបាល​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​អាច​រត់​ពេល​យប់​ងងឹត​ហើយ​ធ្លាក់ចូល​​ក្នុង​​អណ្ដូងទឹក​នេះ ហើយ​ក៏​សង្ស័យ​ថា​ជា​ជាជនសង្ស័យ​លួច​មាន់​ផង​ដែរ ដោយ​កាលពី​មួយ​អាទិត្យ​មុន​មាន​ក្រុមជនសង្ស័យ​លួច​មាន់​១​ក្រុម​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​មាន់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ដែរ​ ហើយ​ត្រូវ​បាន​អ្នក​ភូមិ​ដេញ​តាម​ចាប់​ ។​ ខណៈនោះ​ក្រុម​ជនសង្ស័យ​​បាន​នាំ​គ្នា​រត់គេច​ខ្លួន ​ហើយ​អ្នក​ភូមិ​ចាប់​មិន​បាន​នោះ​ទេ ហើយ​អ្នកភូមិ​សង្ស័យ​ថា​ ដោយសារ​ជនសង្ស័យ​ភ័យ​ពេក​ក៏​រត់​ធ្លាក់​អណ្ដូងទឹក​ជម្រៅ​ជិត​៣០​ម៉ែត្រ​នោះ​បណ្ដាល​ឲ្យ​លង់​ស្លាប់​បែប​នេះ​តែ​ម្ដង ។​

តាមប្រភពដដែល​បាន​បន្ត​ថា ប៉ុន្តែ​ទោះបីជា​បែប​ណា​នេះក្តី ​គឺ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​ប៉ុណ្ណោះ ​ប្រសិនបើ​បងប្អូន​ណា​មាន​បាត់​សមាជិកគ្រួសារ ​សូម​ទំនាក់ទំនង​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​ឬ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ដឹង​ព័ត៌មាន ​។

​ក្រោយការ​ពិនិត្យ​រួចរាល់​ សព​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​បូជា​នៅ​ឈាបនដ្ឋាន​វត្ត​ស្ទឹង​មាន​ជ័យ​​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ហើយ​៕​ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ