រាជធានីភ្នំពេញ ៖ តារាចម្រៀងវ័យក្មេង នាយ ចឺម បានចេញមកអះអាងក្រឡាស់ខ្លួនចេញពីការចោទប្រកាន់ដែលថា ខ្លួនបានឈោងចាប់ភាពល្បីស្មើកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ដោយប្រើពេលត្រឹមតែមួយឆ្នាំ ។
ការចេញមុខបដិសេធបញ្ចៀសពីការចោទប្រកាន់របស់ នាយ ចឺម នាពេលនេះ គឺបន្ទាប់ពីមានសារព័ត៌មានអេត្រូឡិចមួយបានធ្វើការចុះផ្សាយជុំវិញប្រធានបទខាងលើនេះ ដែលព័ត៌មាននេះ ត្រូវបានគេចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុកជាមួយនឹងពាក្យរិះគន់ដូចទឹកបាក់ទំនប់ ។
ចាត់ទុកថា នេះជាលើកទីពីរហើយ ដែលតារាចម្រៀងដែលមានប្រភពពីអ្នកកំប្លែង នាយ ចឺម បានចេញការពារខ្លួនពីការលើកឡើងដូចសារព័ត៌មាននេះបានចុះផ្សាយ បន្ទាប់ពីតារាចម្រៀងរូបនេះ ធ្លាប់បានបកស្រាយម្តងរួចមកហើយ ។
ជាថ្មីម្តងទៀត នាយ ចឺម បានចេញវីដេអូឃ្លីបថ្មីមួយកាលពីពេលថ្មីៗនេះ ដោយបានបកស្រាយជុំវិញរឿងរ៉ាវខាងលើនេះថា រហូតមកទល់ពេលនេះ ខ្លួនមិនបាននិយាយនូវពាក្យពេចន៍ទាំងអស់នេះឡើយ ដូច្នេះសុំទស្សនិកជនកុំមានការភាន់ច្រឡំ ។ លោកបញ្ជាក់ថា ព័ត៌មានមួយនេះ គ្រាន់តែចុះផ្សាយ ដើម្បីទាមទារការចាប់អារម្មណ៍ពីអ្នកចូលអានប៉ុណ្ណោះ ក្នុងពេលដែលលោកមិនបាននិយាយអ្វីទាល់តែសោះ ។
ទោះជាយ៉ាងណា នាយ ចឺម ក៏បានលើកដៃសុំទោសទៅដល់តារាចម្រៀងលោក ខេមរៈ សិរីមន្ត ចំពោះបញ្ហាមួយនេះផងដែរ ខណៈពេលដែលលោកមិនបាននិយាយអ្វីដែលធ្វើឲ្យប៉ះពាល់ដល់តារាចម្រៀងរូបនេះឡើយ ព្រោះលោកតែងចាត់ទុកជារៀមច្បង ។
បើតាម នាយ ចឺម មានទស្សនិកជនខ្លះដែលគាត់មិនបានអានព័ត៌មានលម្អិត ហើយឃើញតែចំណងជើង គាត់ក៏បានធ្វើការរិះគន់ និងសន្មតអាក្រក់មកលើរូបលោកទាំងមិនដឹងខ្លួន ។ លោកថា រហូតមកដល់ពេលនេះ លោកមិនដែលមានបំណងចង់ទៅប្រកួតប្រជែងជាមួយតារារៀមច្បងរបស់លោកឡើយ ព្រោះសមត្ថភាពរបស់លោកនៅមានកម្រិត ក្នុងពេលដែលលោកត្រឹមមានចិត្តសប្បាយរីករាយនៅពេលមានអ្នកគាំទ្រដល់រូបលោកកន្លងមក ។
ទោះជាយ៉ាងណា នាយ ចឺម បានស្នើសុំឲ្យប្រិយមិត្តគាំទ្រទាំងអ ស់មេត្តាឈប់មានការយល់ច្រឡំ និងម៉ៃរូបលោកក្នុងផ្លូវអាក្រក់បន្តទៀត ព្រោះលោកគ្រាន់ជាតារាចម្រៀងជំនាន់ក្រោយប៉ុណ្ណោះ ។
ជាការកត់សម្គាល់តារាចម្រៀង នាយ ចឺម បានឈោងចាប់ភាពល្បីល្បាញលើផ្នែកចម្រៀងជាងលេងកំប្លែងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ។ បន្ទាប់ពីមានភាពល្បីល្បាញ និងមានទីផ្សារខ្ពស់បានធ្វើឲ្យតារាចម្រៀងរូបនេះបានហក់ឡើងយ៉ាងខ្លាំងនូវភាពហ៊ឺហាជាមួយផ្ទះវីឡា និងមានរថយន្តទំនើបជិះផងដែរ ។
ភាពល្បីល្បាញរបស់ នាយ ចឺម នាពេលនេះ ក៏បានផ្តល់ឱកាសឲ្យលោកបានចេញទៅច្រៀងជាលើកដំបូងផងដែរ នៅសហរដ្ឋអាមេរិកដែលគ្រោងចេញដំណើរនៅក្នុងពេលឆាប់ខាងមុខនេះ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ