ខេត្តបន្ទាយមានជ័យ ៖ រថយន្តធុនធំប្រភេទសណ្តោងកុងតឺន័រមួយគ្រឿង ខណៈកំពុងបើកបរសុខៗស្រាប់តែធ្លាក់ចេញពីផ្លូវ ត្រូវបានគេសង្ស័យថា ទំនងជាអ្នកបើកបរងោក ឬនិយាយទូរស័ព្ទ ។ ក្នុងហេតុការណ៍នេះដែរ មិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិកូប ឃុំគុត្តសោធ ស្រុកអូរជ្រៅ។
រថយន្តធុនធំមួយខាងលើ ផ្នែកខាងក្បាលពាក់ស្លាក់លេខ ភ្នំពេញ ៣E-៩២៩៨ សណ្តោងកន្ទុយកុងទីន័រ ពាក់ស្លាកលេខ បាត់ដំបង ៤A-០០១៦ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។
តាមប្រភពពីអ្នកឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថា រថយន្តធុនធំប្រភេទសណ្តោងកុងតឺន័រមួយគ្រឿងខាងលើ បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែធ្លាក់ចេញពីផ្លូវដោយក្បាលធ្លាក់ចូលប្រឡាយ រីឯកន្ទុយនៅលើផ្លូវជាតិ តែមិនបណ្តាលអោយក្រឡាប់ ហើយក៏មិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរឡើយ។
បន្ទាប់ពីកើតហេតុ គេឃើញប្រជាពលរដ្ឋនាំគ្នារត់មកមើល ហើយក៏មានក្រុមអ្នកបើកបររថយន្តធុនធំដែលដឹកកុងតឺន័រដូចគ្នាបានចុះមកមើលព្រោងព្រាតនៅកន្លែងកើតហេតុផងដែរ ។
លោក សេស វីបុល អធិការនគរបាលស្រុកអូរជ្រៅបានបញ្ជាក់ថា ក្រោយពេលទទួលបានព័ត៌មានគ្រោះថ្នាក់ខាងលើនេះភ្លាម សមត្ថកិច្ចបានចុះមកពិនិត្យមើលកន្លែងកើតហេតុឃើញថា ពេលកំពុងធ្វើដំណើរទំនងជាអ្នកបើកបរងោក ឬនិយាយទូរស័ព្ទ ទើបបណ្តាលឱ្យបើកធ្លាក់ផ្លូវបែបនេះ។
លោកបានបន្តថា នៅពេលកំពុងបើកបរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវធ្វេសប្រហែសនោះឡើយ ជាក់ស្តែងដូចករណីខាងលើនេះ សំណាងហើយមិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនោះ ។ លោកបានបន្តថា នៅពេលកំពុងបើកបរមិនត្រូវនិយាយទូរស័ព្ទទេ គឺត្រូវប្រុងប្រយ័ត្នខ្ពស់៕ (កែសម្រួលដោយ ៖ ធីតា)