ប្រទេសថៃ៖ បន្ទាប់ពីការសម្រេចដោះលែងមនុស្ស៥នាក់ ដែលជាប់ចោទពីបទសម្លាប់មនុស្សនិងកាន់អាវុធខុសច្បាប់ ចៅក្រមថៃ១រូបលោក KHANAKORN PIANCHANA បានប៉ងសម្លាប់ខ្លួន ដោយបាញ់នឹងកាំភ្លើងខ្លីចំដើមទ្រូងមួយគ្រាប់បណ្តាលឱ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ ហេតុការគួរឱ្យភ្ញាក់ផ្អើលនេះបន្ទាប់ពីសវនាការមួយបានបញ្ចប់ ដោយចោទចៅក្រមឯទៀតថា ធ្វើការគាបសង្កត់លើរូបលោកដើម្បីឲ្យលោកប្ដូរចិត្តលើសាលក្រមដែលលោកចេញ ។
ក្នុងសវនាការដែលប្រព្រឹត្តទៅក្នុងតុលាការខេត្តយ៉ាឡាភាគខាងត្បូងថៃ ចៅក្រមរូបនេះបានតស៊ូមតិថា ដាក់ទោសមនុស្សម្នាក់មិនត្រឹមអ្នកនោះជាប់ទោសម្នាក់ឯងទេ តែគ្រួសារគេទាំងមូលក៏ជាប់ទោសដែរ។ ប្រសិនបើយើងមិនច្បាស់ពីបទល្មើសរបស់គេ នោះយើងមិនត្រូវដាក់ទោសគេទេ។ ទោះបែបនេះក្តីពុំមានន័យថា ខ្ញុំធានាដែលជនជាប់ចោទទាំង៥នាក់ ពុំបានប្រព្រឹត្តបទឧក្រិដ្ឋឡើយ។ ពួកគេអាចប្រព្រឹត្ត តែនីតិវិធីតុលាការត្រូវតែមានតម្លាភាពនិងសុពលភាព ដើម្បីកុំឲ្យគេនិយាយថាយើងចេះតែកាត់ទោសមនុស្សទាំងទទឹងទិស។
ក្នុងចំណោមមនុស្សត្រូវដោះលែងទាំង៥នាក់ ម្នាក់អាចមានទោសប្រហារជីវិត ហើយ២នាក់ទៀតអាចមានទោសជាប់គុក ពីបទរួមគំនិតសម្លាប់មនុស្ស។ ចៅក្រមបានដោះលែងពួកគេដោយលើកហេតុផលពុំមានភស្ដុតាងគ្រប់គ្រាន់។ មុនដំណើរការកាត់សេចក្ដីលើសំណុំរឿង នេះចៅក្រមលោក KHANAKORN PIANCHANA ធ្លាប់បរិហារពីការប៉ុនប៉ងជ្រៀតជ្រែកពីសំណាក់បណ្ដាចៅក្រមជាន់ខ្ពស់ ។
លោកអះអាងក្នុងរបាយការណ៍ដ៏វែងមួយថា ប្រពន្ធ័តុលាការថៃរងសម្ពាធនៃការរំលោភបំពានអំណាច របស់បណ្ដាចៅក្រមជាន់ខ្ពស់ដែលចាប់បង្ខំឲ្យចេញសាលក្រមដាក់ទោស ស្របទៅតាមគោលដៅនយោបាយ។ ចាប់តាំងពីខែកញ្ញាមកចៅក្រមរូបនេះបានបង្កើនការចេញផ្សាយសេចក្ដីថ្លែងការណ៍ស្ដីពីសភាពនៃប្រព័ន្ធតុលាការថៃ ដែលលោករិះគន់ថាលម្អៀង៕
ចែករំលែកព័តមាននេះ