ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​រឿង​ស្អុយ​អាចម៍​ជ្រូក​…​ធ្លាយ​​រហូត​ឃើញ​​​ឈើ​រាប់រយ​ដុំ​របស់​ម្ចាស់​តែ​​មួយ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ​នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូកនិង​គោ​នោះ គឺ​សមត្ថកិច្ច​ចម្រុះ​ដែល​ចុះ​ទៅ​បាន​សង្ស័យ​ថា ទីតាំង​ខាងលើ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​ ដែល​ច្បាប់​ហាមឃាត់​ផង​ដែរ។ សូមរំលឹកថា រឿង​ស្អុយ​អាចម៍​ជ្រូក​ ក៏ត្រូវ​បាន​ពលរដ្ឋ​នៅ​ជុំវិញ​ប្តឹង​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ត្រួត​ពិនិត្យ បែរជា​បែកធ្លាយ​រឿង​លាក់​ឈើ​ជា​ច្រើន​រយ​ដុំ…

ខេត្តសៀមរាប ៖ ​នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូកនិង​គោ​នោះ គឺ​សមត្ថកិច្ច​ចម្រុះ​ដែល​ចុះ​ទៅ​បាន​សង្ស័យ​ថា ទីតាំង​ខាងលើ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​ ដែល​ច្បាប់​ហាមឃាត់​ផង​ដែរ។ សូមរំលឹកថា រឿង​ស្អុយ​អាចម៍​ជ្រូក​ ក៏ត្រូវ​បាន​ពលរដ្ឋ​នៅ​ជុំវិញ​ប្តឹង​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ត្រួត​ពិនិត្យ បែរជា​បែកធ្លាយ​រឿង​លាក់​ឈើ​ជា​ច្រើន​រយ​ដុំ ខណៈ​សមត្ថកិច្ច​ចម្រុះ​រួច​មាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​មូលដ្ឋាន ដឹកនាំ​ដោយ​តំណាង​អយ្យការ​ចំនួន​២​រូប បានឱ្យ​កម្លាំង​ចម្រុះ​ចុះ​ធ្វើការ​ហ៊ុម​ព័ន្ធ​អស់​រយៈពេល​២​ថ្ងៃ មាន​៣​ទីតាំង​ផ្សេង​គ្នា ក្នុង​សង្កាត់​ស្ល​ក្រាម និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ។ ចំណែក​ឈើ​ដែល​ខុសច្បាប់​ទាំង​អស់នោះ​ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ រឹបអូស​យក​ទៅ​ដាក់​នៅ​ទីស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រះ​ដាក់ ក្នុងស្រុក​បន្ទាយស្រី​បណ្តោះអាសន្ន រង់ចាំ​ឱ្យ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ ដើម្បី​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ ។

ហេតុការណ៍​ត្រួតពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​រហូត​បែកធ្លាយ​រឿង​ឈើ​នោះ បាន​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ នៅ​៣​ទីតាំង​ផ្សេង​គ្នា មាន​ម្ចាស់​តែ​មួយ គឺ​ថ្ងៃ​ទី​៤ និង​ទី​៥ តុលា ស្ថិត​នៅ​ពី​ខាងកើត​ស្ទឹង​សៀមរាប ម្តុំ​ស្ពាន​រោក​រាក ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​នៅ​កន្លែង​កើតហេតុ នា​ល្ងាច​ថ្ងៃ​ទី​៥ តុលា​ថា ដោយ​មានការ​ចង្អុល​បង្ហាញ​ពី​លោកស្នងការ និង​លោក​ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បានឱ្យ​ចុះ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​ពី​លោក ជួន សុ​បញ្ញា និង​លោក ថេ​ង សំណាង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប ចុះ​បង្ក្រាប និង​ធ្វើការ​ឆែកឆេរ​ទីតាំង​លាក់​ឈើ​៣​កន្លែង​ផ្សេង​គ្នា ដែល​មាន​ម្ចាស់​តែ​មួយ​គឺ​ឈ្មោះ លៀម មុំ ភេទ​ស្រី អាយុ​៤៤​ឆ្នាំ មុខរបរ​រកស៊ី​ឈើ និង​ប្តី​ជា​អ្នកធ្វើការ​ធំដុំ​ម្នាក់​ប្រចាំ​នៅ​ខេត្តសៀមរាប តែ​មន្ត្រី​នៅ​ទីនោះ​បាន​លាក់​ឈ្មោះ រស់នៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។ ឈើ​ទាំងអស់​ដែល​កម្លាំង​សមត្ថកិច្ច​រក​ឃើញ​ក្នុង​នោះ​មានច្បាប់​មួយ​ចំនួន ។

ប្រភព​បាន​បញ្ជាក់​ថា ក្នុង​កិច្ច​ប្រតិបត្តិការនោះ កម្លាំង​ចម្រុះ​បាន​ចុះ​ត្រួតពិនិត្យ និង​ដកហូត​វត្ថុ​តាង​រួម​មាន​ទី​តាំងទី​១​និង​ទី​២ ដែល​មាន​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​និង​គោ ឈ្មោះ លឿម មុំ បាន​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​៤ តុលា រក​ឃើញ​ឈើ សរុប​ជាង​២០​ម៉ែត្រគូប ក្នុង​នោះ​ឈើ​ប្រភេទ​លេខ​១ សុ​ក្រំ ចំនួន​៣២២​ដុំ​ស្មើ​ជាង​១៩​ម៉ែត្រគូប ឈើ​ប្រណីត​(​ធ្នង់​)​ប្រភេទ​លេខ​២​ចំនួន​១២០​ដុំ ជាង​១​ម៉ែត្រគូប ។ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​វាស់វែង និង​ផ្ទៀងផ្ទាត់​វិក្កយបត្រ​ទិញ​ឈើ​ពី​ដេប៉ូ​លក់​រួច​មក​ឃើញ​ថា មាន​ឈើ​លើស​ជាង​៦​ម៉ែត្រគូប ។ ប្រភព​បាន​បញ្ជាក់​ទៀត​ថា ទីតាំង​ទី​៣ ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​៥ តុលា ដែល​មាន​ម្ចាស់​ឈ្មោះ អេ​ង សុ​ម៉ា​លី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រក​ឃើញ​ឈើ ប្រភេទ​លេខ​១ សុ​ក្រំ ចំនួន​៥៥​ដុំ ជាង​៤​ម៉ែត្រគូប ដែល​ជា​ដី​ឡូត៍​ស្នាក់​នៅ​បណ្តោះអាសន្ន លើ​ដី​របស់​ឈ្មោះ លឿម មុំ ដើម្បី​ទុកដាក់​ឈើ​បណ្តោះអាសន្ន​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​នៅ​ប្រទេស​ជិតខាង ។

សូម​បញ្ជាក់​ទៀត​ថា ចំពោះ​ចំនួន​ឈើ ដែល​កម្លាំង​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​រក​ឃើញ ឈើ​ខុសច្បាប់​ដែល​លើស​ទាំងអស់​ចំនួន​១០,៤០​ម៉ែត្រគូប ហើយ​ឈើ ដែល​គ្មាន​លិខិត​ស្នាម នោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​មន្ត្រី​ជំនាញ​ធ្វើ​កំណត់ហេតុ​ដកហូត​នឹង​ដឹក​ជញ្ជូន​យក​ទៅ​រក្សា​ទុក នៅ​ស្នាក់​ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយ​ស្រី ដើម្បី​អនុវត្ត​ទៅ​តាម​និ​តិ​វិធី​នៃ ច្បាប់​ស្តី​ពី​ព្រៃឈើ ហើយ​តម្រូវ​ឱ្យ​ម្ចាស់​ទីតាំង​ខាងលើ ចូលខ្លួន​ដោះ​ស្រាយ ដើម្បី​ធ្វើការ​ផាកពិន័យ ។ ប្រសិនបើ​ម្ចាស់​ទីតាំង​ទាំងនោះ មិន​ចូលខ្លួន​ដោះស្រាយ​ទៅ​តាម​និ​តិ​វិធី​នៃ​ច្បាប់​ស្តី​ពី​ព្រៃឈើ​ទេ​នោះ មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។

អត្ថបទសរសេរ ដោយ