ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តល់ថវិកាលើកទឹកចិត្តដល់សមត្ថកិច្ច​… ប្រឹង​បង្ក្រាប​ពួកចិនដ៏កំណាចទាំង៧

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​ លោក គួ​ច ចំរើន ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​ដល់​កងកម្លាំង​អាវុធហត្ថ​ខេត្ត​ ក្នុង​កិច្ច​បង្ក្រាប​​ករណី​ចាប់​បង្ខាំង​មនុស្សនៅ​រសៀល​ថ្ងៃ​ទី​៦ តុលា លោក…

ខេត្តព្រះសីហនុ ៖ ​ លោក គួ​ច ចំរើន ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​ដល់​កងកម្លាំង​អាវុធហត្ថ​ខេត្ត​ ក្នុង​កិច្ច​បង្ក្រាប​​ករណី​ចាប់​បង្ខាំង​មនុស្សនៅ​រសៀល​ថ្ងៃ​ទី​៦ តុលា លោក ម៉ាង ស៊ី​នេ​ត អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ តំណាង​ឲ្យ​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​ដល់​ជន​រង​គ្រោះជា​ជន​ជាតិ​ចិន ភេទ​ប្រុស ចំនួន​១០​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត (​ពេទ្យ​ចំការ​ចេក​) ក្រោម​ការ​យកចិត្ត​ដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ បន្ទាប់​ពី​បាន​ជួយ​សង្គ្រោះ​ដោយ​កម្លាំង​កង​អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ក្រោម​ការ​ដឹក​នាំ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត។

ក្នុង​ឱកាស​នេះ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​កងកម្លាំង​អាវុធហត្ថ​ខេត្ត ដែល​បាន​យកចិត្ត​ទុក​ខ្ពស់​ក្នុង​កិច្ច​ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់​ក្នុង​ខេត្ត លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួនទឹកប្រាក់​ចំនួន​៣​លាន​រៀល​ ។

សូមរំលឹកថា ជនជាតិ​ចិន​៧​នាក់ សង្ស័យ​ជា​ក្រុម​សង្គម​ងងឹត​ដែល​ខ្លះ​ហៅ​ថា ក្រុម​ម៉ា​ហ្វ៊ី​យ៉ា ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​គួរ​ឱ្យ​រន្ធត់​ទៅ​លើ​ជនជាតិ​ចិន​ដូច​គ្នា​ជា​ចំណាប់ខ្មាំង​ចំនួន​១០​នាក់ ។ ពួក​គេ​ត្រូវ​បានកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ពួក​គេ​បាន​ចាប់ជំរិត​ទារប្រាក់​ដោយ​ធ្វើ​ទារុណកម្ម​យ៉ាង​សាហាវ ទៅ​លើ​ជនជាតិ​ចិន​ដូច​គ្នា​នៅ​ក្នុងផ្ទះ​ល្វែង​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។

លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មាន​ប្រសាសន៍​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៦ តុលា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ ជា​ជនជាតិ​ចិនពាក់ព័ន្ធ​នឹង​ករណី​ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់ ។ ការ​បង្ក្រាប​នេះ ​ក្រោម​ការ​ដឹកនាំ​ពី​លោក ម៉ាង ស៊ី​ណេ​ត អភិបាល​ស្តីទី​ខេត្ត ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ច្បាប់​ពី​លោក ហួត វិចិត្រ​ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្ត ដោយ​រូប​លោក​ផ្ទាល់ បាន​ចុះ​ឡោម​ព័ទ្ធ​ផ្ទះល្វែង​មួយ​កន្លែង ។

លោក​ថ្លែង​ថា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់​ជំរិត​ទារប្រាក់​ចំនួន​៧​នាក់ ដែល​បាន​ប្រើ​ទារុណកម្ម​យ៉ាង​សាហាវឃោរឃៅ​ទៅ​លើ​ចំណាប់ខ្មាំង​១០​នាក់ ។ ផ្ទះល្វែង​ដែល​ពួក​ជន​កំណាច​ចាប់​មនុស្ស​ទៅ​លាក់​ទុក​នោះ នៅ​ម្តុំ​ផ្លូវ​បេតុង​រោងចក្រ RCI ស្ថិត​ក្នុង​ក្រុម​១២ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ដែល​តាម​ប្រភព​ថា ត្រូវ​ពួក​ចិន​នេះ​បាន​ជួល​ចំនួន​២​ខែ​មក​ហើយ ។

លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី បានឱ្យ​ដឹង​ជាបឋម​ខ្លះ​ៗ​ថា សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៧​នាក់ តែ​អាច​មាន​មេខ្លោង​បន្ថែម​ទៀត​ដែល​សមត្ថកិច្ច​របស់​លោក​បន្ត​ស្រាវជ្រាវ ។ ក្នុង​ការ​រំដោះ​ចំណាប់​ខ្មាំង​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មានទូរស័ព្ទ​៦​គ្រឿង ខ្នោះដៃ​ចំនួន​១០ ខ្នោះជើង​ចំនួន​៤ ស្រោម​ខ្នោះ​ចំនួន​៤ ក្រណាត់​រុំ​មុខ​ចំនួន​២ កាំបិត​បុ័ងតោ​ចំនួន​១ កំប៉ុង​ហ្គា​ស​ចំនួន​២៥ លិខិតឆ្លងដែន​កិច្ចសន្យាជួល​ផ្ទះ​១ អត្តសញ្ញាណប័ណ្ណ​ជនជាតិ​ចិន​១​ច្បាប់ ។

ចំពោះ​ចំណាប់ខ្មាំង ក្រោយ​ពី​បាន​រំដោះ​ចេញពី​កន្លែង​ឃុំខ្លួន ក៏​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ព្រោះ​ម្នាក់​ៗ​មាន​ស្នាម​របួស​ចាស់​ថ្មី​ពេញ​ខ្លួន ហើយ​ម្នាក់​ៗ​ទ្រម​ខ្លួន​ខ្លាំង​ណាស់ ។ រី​ឯ​ជន​សង្ស័យ ​និង​វត្ថុ​តាំង​ប​ញ្ចូ​ន​ទៅ​អាវុធហត្ថ​ខេត្ត ដើម្បី​បន្ត​នីតិវិធី ។ ពិតជា​ញាក់សាច់ ​ខណៈ​ដែល​សមត្ថកិច្ច​សំរុកចូល​ទៅ​នោះ ឃើញ​ពួក​ចំណាប់ខ្មាំង​ដែល​ចាប់​បង្ខាំង បាន​រង​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​គ្រប់​រូបភាព ដែល​នេះ​ជា​ការ​កត់សម្គាល់​លើក​ដំបូង​ហើយ​ដែល​ពួក​ចំណាប់ខ្មាំង ជនជាតិ​ចិន​ទាំងនោះ​ត្រូវ​បាន​ទទួល​រង​ការ​ធ្វើ​ទារុណកម្ម​យ៉ាង​សាហាវព្រៃផ្សៃ​បំផុត​បែប​នេះ ។

អត្ថបទសរសេរ ដោយ