ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ខេប​ពេញមួយដំណើរ​ជីវិត​របស់​ព្រះសម្មាសម្ពុទ្ធ

4 ឆ្នាំ មុន

សិទ្ធត្ថៈ ជា​ព្រះ​នាម​ដើម​របស់​ព្រះ​បរម​សាស្តា និង​ព្រះ​គោត្តនាម គឺ​គោតម ទ្រង់​គង់នៅ​ក្នុង​ប្រទេស​ឥណ្ឌា ភាគ​ខាងជើង​ក្នុង​សតវត្ស​ទី​៦ មុន​គ្រឹ​ស្ដ​សករាជ ចំណែក​ព្រះរាជ​បិតា​របស់​ទ្រង់មាន​ព្រះ​នាម សុទ្ធោទនៈ ជា​ក្សត្រ​នៃ​នគរ​សាក្យ…

សិទ្ធត្ថៈ ជា​ព្រះ​នាម​ដើម​របស់​ព្រះ​បរម​សាស្តា និង​ព្រះ​គោត្តនាម គឺ​គោតម ទ្រង់​គង់នៅ​ក្នុង​ប្រទេស​ឥណ្ឌា ភាគ​ខាងជើង​ក្នុង​សតវត្ស​ទី​៦ មុន​គ្រឹ​ស្ដ​សករាជ ចំណែក​ព្រះរាជ​បិតា​របស់​ទ្រង់មាន​ព្រះ​នាម សុទ្ធោទនៈ ជា​ក្សត្រ​នៃ​នគរ​សាក្យ បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ប្រទេស​នេ​ប៉ា​ល់​, ព្រះរាជ​មាតា​របស់​ព្រះ​អង្គ​ព្រះ​នាម សិរិ​មហាមាយា ព្រះ​អង្គជា​បុត្រ​ទោល ។

ព្រះ​អង្គ​ទ្រង់​បាន​រៀប​អភិសេក​ទាំង​ដែល​ទ្រង់​នៅ​មាន​វ័យក្មេង​នៅឡើយ ពោល​គឺ​នៅ​ព្រះ​ជន្ម​១៦​ឆ្នាំ​ជា​មួយនឹ​ង​ព្រះ​នាង​យសោធរា​ពិម្ពា ដែល​មាន​សម្រស់​ស្រស់​ស្អាត​និង​ពោរពេញ​ទៅ​ដោយ​ស្វាមី​ភ័ក្ត្រ​រក​ស្រី​ប្រដូច​គ្មាន​។ ព្រះ​សិទ្ធត្ថ​ទ្រង់​គង់​ប្រថាប់​នៅ​ក្នុង​ព្រះរាជវាំង​របស់​ព្រះ​អង្គ ព្រម​ជាមួយ​ស្រីស្នំ​និង​រាជបរិវារ​រាប់​ម៉ឺន​នាក់ ដែ​ល​​នៅ​រង់ចាំ​គាល់​បម្រើ​និង​បំពេញ​ទៅ​តាម​គ្រប់​តម្រូវការ​របស់​ព្រះ​អង្គ​។ ប៉ុន្តែ​ដោយ​នឹក​ស្មាន​មិន​ដល់ ព្រះ​អង្គ​ទ្រង់​បាន​ជួប​ប្រទះ​នូវ​ទេវទូត​ទាំង​៤​ធ្វើ​ឱ្យ​ព្រះ​អង្គ​នឿយណាយ​នឹង​ជីវិត និង​សេចក្ដី​ទុក្ខ​របស់​មនុស្សជាតិ ទើប​ទ្រង់​សម្រេច​ព្រះ​ទ័យ​ចេញ​ចាក​នគរ ។ ក្នុង​ព្រះ​ជន្មាយុ​២៩​ឆ្នាំ បន្ទាប់​ពី​ការ​ប្រសូត​នៃ​ព្រះរាជ​បុត្រា​មួយ​ព្រះ​អង្គ​គត់​គឺ​ព្រះរាជ​កុមារ​រាហុល​ទ្រង់​បាន​ចាកចោល​អាណាចក្រ​របស់​ព្រះ​អង្គ ហើយ​ទៅ​ទ្រង់​ផ្នួស​ជា​បព្វជិត​បែប​ឥសី ដើម្បី​ស្វែងរក​ផ្លូវ​រំលត់ទុក្ខ ។

​ព្រះ​ឥសី​គោតម​បាន​ធ្វើ​ដំណើរ​ត្រាច់ចរ​ទៅ​តាម​តំបន់​ផ្សេង​ៗ​នៃ​ជ្រលង​ទន្លេ​គង្គា​អស់​រយៈពេល​៦​ឆ្នាំ គឺ​ទ្រង់​បាន​ជួប​ជាមួយ​គ​ណា​ចា​រ្យ​ផ្នែក​សាសនា ដែល​មានឈ្មោះ​បោះ​សំឡេង​ជា​ច្រើន ទ្រង់​បាន​សិក្សា​និង​បដិបត្តិ​តាម​បែបផែន និង​វិធីសាស្ត្រ​ផ្សេង​ៗ​របស់​គ្រូ​ទាំងនោះ ដោយ​ទ្រង់​ថែម​ទាំង​បាន​ដាក់​ព្រះ​កាយ​ទទួលយក​នូវ​វត្ត​បដិបត្តិ​បែប​ទុក្ករកិរិយា ដ៏​សែន​តឹងតែង​ក្រៃ​លែង​។ ប៉ុន្តែ​វត្ត​បដិបត្តិ​របស់​គ្រូ​សាសនា​ទាំងនោះ មិន​បាន​ធ្វើ​ឲ្យ​ព្រះ​អង្គ​ទ្រង់​ពេញ​ព្រះ​ទ័យ​ឡើយ ដោយ​ទ្រង់​យល់​ឃើញ​ថា​មិនមែន​ជា​ផ្លូវ​ដែល​អាច​នាំ​បុគ្គល​ឲ្យ​រួច​ចាក​ផុត​ពី​សេចក្ដី​ទុក្ខ​បាន ។ ហេតុ​នោះ​ទើប​ទ្រង់​បោះបង់​ចោល​នូវ​លទ្ធិ​សាសនា​ទាំងឡាយ​នោះ ហើយ​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​របស់​ព្រះ​អង្គ​ផ្ទាល់​ ។

នៅ​យប់​មួយ​ព្រះ​អង្គ​ទ្រង់​បាន​គង់នៅ​ក្រោម​ដើមឈើ​ធំ​មួយ​ដើម ចាប់ពី​ពេល​នោះ​មក​ដើមឈើ​នោះ​ក៏​ត្រូវ​បាន​គេ​ហៅ​ថា​ដើម​ពោធិ៍ ឬ​មាន​ន័យ​ថា​ដើមឈើ​នៃ​ការ​ត្រាស់​ដឹង ។ ស្ថិត​ក្នុង​រាត្រី​នោះ​ឯង​ព្រះ​អង្គ​ទ្រង់​សម្រេច​បាន​នូវ​ព្រះ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ ត្រាស់​ដឹង​នូវ​លោកុត្តរធម៌​ក្នុង​ព្រះ​ជន្មាយុ ៣៥​ឆ្នាំ ដែល​បន្ទាប់​ពី​នោះ​មក​ព្រះ​អង្គ​ត្រូវ​បាន​គេ​ស្គាល់​ក្នុង​ព្រះ​នាម​ថា ព្រះពុទ្ធ​ជា​ម្ចាស់ ឬ​អ្នក​ត្រាស់​ដឹង​ព្រះធម៌​ក្នុង​លោក ។

បន្ទាប់​ពី​ការ​ត្រាស់​ដឹង ព្រះពុទ្ធ​ជា​ម្ចាស់​ក៏​បាន​ទ្រង់​ប្រទាន​នូវ​បឋម​ទេសនា​ដល់​បញ្ច​វ​គ្គិ​យ ដែល​ជា​មិត្ត​រួម​បដិ​​ប​ត្តិ​​ធម៌​ជាមួយ​ព្រះ​អង្គ​តាំង​តែ​ពី​គ្រា​ដំបូង​ស្ថិត​ក្នុង​ព្រៃ ឥសិបតនៈ ជិត​នគរ​ពារាណសី ។ រាប់​តាំង​អំពី​នោះ​មក​អស់​រយៈពេល​៤៥​ព្រះ​វស្សា ព្រះ​អង្គ​ទ្រង់​បាន​ទេសនា​ទូន្មាន​មនុស្ស​ប្រុស​ស្រី​គ្រប់​ជាន់ថ្នាក់​រួម​មាន ក្សត្រ ព្រា​ហ្មណ៍ មន្ត្រីរាជការ គហបតី ពាណិជ្ជករ កសិករ អ្នក​សុំទាន បព្វជិត ចោរ ដោយ​ទ្រង់​ពុំ​បាន​រើសមុខ​ឬ​បែង​ចែក​វណ្ណៈ​ជាន់ថ្នាក់​ក្នុង​ចំណោម​ជន​ទាំងនោះ​ឡើយ​។ ព្រះ​អង្គ​ទ្រង់​មិន​ទទួលស្គាល់​ផង​ដែរ​នូវ​ភាព​ខុស​ប្លែក​គ្នា​នៃ​វណ្ណៈ ក៏​ដូច​ជា​ការ​បែងចែក​ក្រុម​ជន​នៅ​ក្នុង​សង្គម តែ​ព្រះ​អង្គ​មិន​អាច​កែប្រែ​វប្បធម៌​ទាំងនេះ​បាន​ឡើយ ព្រោះ​ជា​ប្រពៃណី​របស់​ប្រទេស​ជាតិ​ទៅ​ហើយ ។ ចំពោះ​មាគ៌ា​ដែល​ព្រះ​អង្គ​ទ្រង់​ទូន្មាន​នោះ គឺ​ទ្រង់​បើក​ទទួល​មនុស្ស​គ្រប់​ៗ​គ្នា​ដែល​ស្ម័គ្រចិត្ត​ទទួលយក​នូវ​ឱវាទ​របស់​ព្រះ​អង្គ ដោយ​ពុំ​មានការ​បង្ខិតបង្ខំ​អ្វី​ឡើយ ។

លុះ​ព្រះ​ជន្មា​យុគ​ម្រា​ប់​៨០​ឆ្នាំ ព្រះពុទ្ធ​ក៏​ទ្រង់​រំលត់​ខន្ធ​បរិនិព្វាន​នៅ​នា​នគរ​កុសិនារា បច្ចុប្បន្ន​នៅ​ក្នុង​តំបន់​ឧត្ដរ​ប្រទេស​របស់​ឥណ្ឌា ។

ទោះជា​យ៉ាងណា​បច្ចុប្បន្ន​នេះ​ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​គោរព​និង​ប្រកាន់ខ្ជាប់​នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន​ដូច​ជា កម្ពុជា សិរី​លង្កា ភូមា ថៃ ឡាវ វៀតណាម ទី​បេ ចិន ជប៉ុន ម៉ុង​ហ្គោ​លី កូរ៉េ កោះ​តៃវ៉ាន់ និង​តំបន់​ខ្លះ​នៃ​ប្រទេស​ឥណ្ឌា ប៉ា​គី​ស្ថាន នេ​ប៉ា​ល់ ផង​ដែរ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ