ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ដឹង​បន្ត​ទៀត ​ភ្នំ​ណាខ្លះ​មាន​ប្រវត្តិ​ពាក់ព័ន្ធ​រឿងព្រេងនិទាន​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

(ភាគ​បន្តព្រេង​និទាន​ពី​ប្រវត្តិ​ភ្នំ)មូលហេតុ​ដែល​ឈ្មោះ​ភ្នំ​ដំរី​រមៀល គ្រា​ដែល ក្បួន​ដំរី​បាន​រអិល​ជើង​ធ្លាក់​ចូល​ទឹកស្រះ​សម្រាប់​ទ័ព​ប្រើ​ប្រាស់ ទើប​ជាប់​ឈ្មោះ​ដល់​បច្ចុប្បន្ន ។ ចន្លោះ​ភ្នំ​ទាំង​២​នេះ ក៏​មានឈ្មោះ​ភូមិ​មួយទៀត គឺ​ភូមិ​បាត​ឡា​ង ។ ឈ្មោះ​ភូមិ​បាត​ឡា​ង…

(ភាគ​បន្តព្រេង​និទាន​ពី​ប្រវត្តិ​ភ្នំ)
មូលហេតុ​ដែល​ឈ្មោះ​ភ្នំ​ដំរី​រមៀល គ្រា​ដែល ក្បួន​ដំរី​បាន​រអិល​ជើង​ធ្លាក់​ចូល​ទឹកស្រះ​សម្រាប់​ទ័ព​ប្រើ​ប្រាស់ ទើប​ជាប់​ឈ្មោះ​ដល់​បច្ចុប្បន្ន ។ ចន្លោះ​ភ្នំ​ទាំង​២​នេះ ក៏​មានឈ្មោះ​ភូមិ​មួយទៀត គឺ​ភូមិ​បាត​ឡា​ង ។ ឈ្មោះ​ភូមិ​បាត​ឡា​ង គឺជា​កន្លែង​ប្រមូលផ្តុំ​របស់ «​អ្នកងារ​» (​អ្នក​ជាប់​ងារ​គឺជា​ទាស​ករ​ដាច់​ថ្លៃ​របស់​ស្តេច​) ។ ភាគី​ទី​១​ពី​លេខ​មុន ៖ ដឹង​អត់​! ខេត្តកំពង់ឆ្នាំង​មាន​ភ្នំ​ប៉ុន្មាន ? ភ្នំ​ណាខ្លះ​មាន​ប្រវត្តិ​ពាក់ព័ន្ធ​រឿងព្រេង

កាល​ណោះ​អ្នកងារ​ត្រូវ​បាន​ស្តេច​ប្រ​មួល​ផ្តុំ​យក​ឱ្យ​នៅ​ផ្តុំ​គ្នា ដើម្បី​ងាយស្រួល​ក្នុង​ការ​ប្រើ​ឱ្យ​ដឹក​ជញ្ជូន ស្បៀងអាហារ​ទៅ​ឱ្យ​កង​ព័​ទ​នៅ​សមរភូមិ​មុខ ។ អ្នកងារ ឬ​អ្នកស្រុក​បាត​ឡា​ង បាន​ប្រកាន់​ខ្ជាប់​ប្រពៃណី​ទំនៀមទម្លាប់​បាន​ល្អ​ដល់​សព្វថ្ងៃ ដូច​ជា​ការ​មិន​បរិភោគ​សាច់សត្វ​ព្រៃ​ជាដើម ។

មិន​​​ឆា្ង​យ​ពី​ភ្នំ​នោះ​មាន​ភ្នំ​តា​រូង​តា​រាជ (​ភ្នំ​២​ជាប់​គ្នា​) ភ្នំ​នេះ​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​ព្រ​ង ។ មិន​មាន​ប្រវត្តិ​ពាក់ព័ន្ធ​ដល់​ភ្នំ​នេះ​ទេ ។ ប៉ុន្តែ​ភ្នំ​នេះ​ត្រូវ​បាន​កងទ័ព​ខ្មែរក្រហម​យក​ប្រជាជន​ខ្មែរ​ដែល​មាន​ទោស​ជាប់​ខ្លួន​មក​បង្ខំ​ជីក​ភ្នំ​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​គោលបំណង​ធ្វើ​ជា​លេណដ្ឋាន​យ៉ាង​ធំ​សម្រាប់​លាក់​ស្បៀងអាហារ គ្រាប់រំសេវ ក្នុង​ការ​ធ្វើសឹក​សង្គ្រាម ។

ភ្នំ​នេះ​មាន​រូង​ចូល​ទៅ​ខាងក្នុង​ធ្លាយ​ទៅ​ដល់​កណ្ដាល​ភ្នំ​ហើយ​ឡើង​ត្រង់​ចេញ​ទៅ​លើ​ដល់​កំពូលភ្នំ ដែល​មាន​ទំហំ​ប្រមាណ​៤​ម៉ែត្រ​បួន​ជ្រុង ។ នៅ​ក្នុង​រូងភ្នំ​នេះ​ក៏​មាន​ជីក​ជា​បន្ទប់សម្ងាត់​សម្រាប់​ដាក់​​កងទ័ព វិទ្យុទាក់ទង​ផង​ដែរ ។ បច្ចុប្បន្ន​រូង​នេះ​ត្រូវ​បាន​ទឹក​លិច​ពាក់កណ្ដាល​រូង​ទៅ​ហើយ មិនសូវ​មាន​អ្នក​ណា​ហ៊ាន​ចូល​ទៅ​នោះ​ទេ ។ កាលសម័យ​ខ្មែរក្រហម​គេ​ប្រើ​ម៉ាស៊ីនភ្លើង​អូស​ខ្យែ​ភ្លើង​បំភ្លឺ​ចូល​ទៅ​ក្នុង ដោយ​មាន​អំ​ពូ​ល​ភ្លើង​គ្រប់​ទីកន្លែង មាន​ខ្យល់​អុកស៊ីហ្សែន​ចេញចូល​ទៀត​ផង សព្វ​ថ្ងៃនេះ​ត្រូវ​បាន​គេ​បោះបង់​ចោល ។ នៅ​ជិត​ផ្លូវជាតិ​លេខ​៥ ហួស​ផ្សារ​ព្រៃ​ខ្មែរ​បន្តិច​មក​គេ​ឃើញ​មាន​ភ្នំ​មួយ​ឈ្មោះ​ថា ភ្នំ​ចំពុះ ។ ភ្នំ​នេះ​ស្ថិត​ក្នុងភូមិ​អណ្តូង​ស្នាយ ឃុំ​អណ្តូង​ស្នាយ ។

បច្ចុប្បន្ន​មួយ​នេះ​ត្រូវ​បាន​សាងសង់​វត្ត និង​មាន​ព្រះ​វិហា​រលើ​កំពូលភ្នំ អ្វី​ជាទី​ចាប់អារម្មណ៍​នោះ វត្ត​លើ​ភ្នំ​នេះ​មាន​ព្រះសង្ឃ​មួយ​អង្គ​ល្បីល្បាញ​ស្រោច​ទឹក​ពូកែ​សក្តិ​សិទ្ធិ​ណាស់ រៀងរាល់ថ្ងៃ​សីល មាន​ប្រជាពលរដ្ឋ​ដែល​មាន​ជំនឿ​បាន​នាំ​គ្នា​សំរុក ទៅ​ស្រោច​ទឹក​លើ​ភ្នំ​នេះ​យ៉ាងច្រើន​កុះករ ។ ដោយឡែក​នៅ​ក្នុងភូមិ​ព្រែក​សាលា ឃុំ​ទឹក​ហូត​វិញ ក៏​មាន​ភ្នំ​មួយទៀត​ឈ្មោះ ភ្នំ​ព្រះ ។ ភ្នំ​ព្រះ​ជា​ភ្នំ​មួយ​ដែល​កាលពីដើម​ល្បី​មាន​បារមី​សក្តិ​សិទ្ធិ​ណាស់ និង​ជា​ភ្នំ​ជាប់​ពាក់ព័ន្ធ​ដល់​ប្រ​វ​តិ្ត​សាស្ត្រ​ទៀត​ផង ។ តាម​ពិត​ភ្នំ​នេះ ឈ្មោះ​ពិត​គឺ​ឈ្មោះ «​ភ្នំ​ឥន្ទ​ប៉ាត់​បុរី​» ។

តាម​ចាស់​ៗ​តំណាល​ថា ភ្នំ​នេះ​កាលពីដើម​មាន​គម្ពីរ​ក្បួនតម្រា​ធ្វើសឹក​សង្គ្រាម និង​មាន​វត្ថុ​សក្តិ​សិទ្ធិ​ជា​ច្រើន​បាន​លាក់​នៅ​លើ​ភ្នំ​ទៀត​ផង ។ កាលសម័យ​សៀម​ឈ្លានពាន​ចូល​ដល់​ក្រុង​លង្វែក ដោយសារ​ខ្លាច​បាត់​របស់​ដ៏​មាន​តម្លៃ​និង​សក្តិ​សិទ្ធិ​ទាំងនេះ បុព្វបុរស​ខ្មែរ​យើង​បាន​ប្តូរ​ឈ្មោះ​ភ្នំ​ពី «​ភ្នំ​ឥន្ទ​ប៉ាត់​បុរី​» មក​ឈ្មោះ​ភ្នំ​ព្រះ​ជំនួស​វិញ ហើយ​កាល​ណោះ​ទ័ព​សៀម​បាន​មក​ភ្នំ​ឥន្ទ​ប៉ាត់​បុរី​រក​មិនឃើញ គឺ​ឃើញ​តែ​ភ្នំ​ព្រះ​ក៏​ហួស​ទៅ​លង្វែក និង​ក្រុង​ឧត្ត​ង្គ​ទៅ ។

បច្ចុប្បន្ន​ភ្នំ​ព្រះ ឬ​ភ្នំ​ឥន្ទ​ប៉ាត់​បុរី នៅ​តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ គោរព​បូជា និង​មក​បន់ស្រន់​ដើម្បី​សុំ​សេចក្តីសុខ និង​សុំ​ប៉ង​ប្រា​ថា្ន អ្វី​ៗ​តាម​សេចក្តី​ត្រូវការ ព្រោះតែ​ភ្នំ​នេះ មាន​បារមី​សក្តិ​សិទ្ធិ​ណាស់ ។ ជាមួយ​គ្នា​នេះ​ក៏​មាន​ដូនជី​តាជី ស្នាក់​ធម៌​នៅ​តាម​អាស្រម​លើ​ភ្នំ​នេះ​ជា​ច្រើន​ផង​ដែរ ។ ប៉ុន្តែ​ថ្វីបើ​គេ​ឃើញ​ដូនជី​តាជី​ច្រើន​បែប​នេះ​មែន តែ​តាម​ការ​សង្កេត​របៀប​សូត្រធម៌​គឺ​ខុស​ៗ​គ្នា ដែល​អាច​ស្តាប់​បាន​ថា មាន​អ្នក​កាន់សាសនា​ព្រះពុទ្ធ និង​សាសនា​ព្រា​ហ្ម ។ លើស​ពី​នេះ​ទៀត​ភ្នំ​នេះ​មាន​វត្ត​ដល់​ទៅ​២ ។

ភ្នំ​ក្នុងស្រុក​ទឹកផុស ៖ ស្រុក​ទឹកផុស​គឺជា​ស្រុក​មួយ​មាន​ចម្ងាយ​ប្រមាណ​៣០​គឺ​ឡូ​ម៉ែត្រ​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង ។ ផ្លូវ​គមនាគមន៍​ត​ភ្ជាប់​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង​ទៅ​ស្រុក​ទឹកផុស គឺ​ផ្លូវជាតិ​លេខ​៥៣ ជា​ផ្លូវ​ក្រាល​កៅស៊ូ ។ ស្រុក​មួយ​នេះ​មាន​ភ្នំ​ច្រើន​ជាងគេ គឺ​ជួរ​ភ្នំ​ឱ​រ៉ា​ល់​លាតសន្ធឹង ត​ភ្ជាប់​ដល់​ជួរ​ភ្នំ​ក្រ​វ៉ា​ញ​ខេត្តពោធិ៍សាត់ ដែល​តាម​ពិនិត្យ​ទៅ​មាន​ភ្នំ​ច្រើន​ណាស់​គ្មាន​ឈ្មោះ​ទេ ជា​ជួរ​ភ្នំ​វែង​អន្លាយ​រាប់​សិប​ភ្នំ ។ ភ្នំ​ជើង​លាង គឺជា​ភ្នំ​មួយ​មាន​ទីតាំង​ស្ថិត​ក្នុង ភូមិ​កោះ​ខ្ទុ​ម ឃុំ​ជៀប ។ ភ្នំ​នេះ​តាម​ចាស់​ៗ​នៅ​តំបន់​នោះ​បាន​ដំណាល​ត​ៗ​គ្នា​ថា ភ្នំ​ជើង​លាង​ជា​ភ្នំ​មួយ ដែល​មាន​បារមី​កាន់​និង​អ្នក​សច្ចំ​ថែរក្សា​ផង​ដែរ រាល់​ការ​បន់ស្រន់ សុំ​សេចក្តីសុខ​សប្បាយ​ជាដើម ។

កាល​ដើម​ឡើយ​ប្រជាពលរដ្ឋ​ត្រូវការ ចាន ឆ្នាំង កែវ ស្លាបព្រា​សម្រាប់​ប្រើប្រាស់​ក្នុង​ពិធីបុណ្យ​ទាន​ផ្សេង​ៗ គ្រាន់តែ​ទៅ​បន់​សុំ​ខ្ចី​របស់​ទាំងនោះ ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី ឬ​អ្នក​សច្ចំ ដែល​ថែរក្សា​នៅ​ទីនោះ​និង​បាន​ដូច​បំណង និង​យក​មក​ប្រើប្រាស់​បាន​ហើយ ។ ជា​រៀង​រាល់​មួយ​ឆ្នាំ​ម្ដង អ្នក​ស្រុក​តែងតែ​ទៅ​ធ្វើ​ពិធីបុណ្យ​លៀងអារក្ស អ្នកតា​នៅ​ទីនោះ​ម្ដង ទើប​ក្រោយមក​បាន​ក្លាយទៅជា​ឈ្មោះ​ភ្នំ​ជើង​លាង ។ ប៉ុន្តែ​ដោយ​ការ​អំពើ​លោភលន់​របស់​មនុស្ស ក្រោយមក​បារមី​ទាំងនោះ​ចេះ​តែ​សាបរលាប​បន្តិច​ម្តង​ៗ ដល់​បច្ចុប្បន្ន​នេះ ក៏​ព្រោះតែ​អ្នក​ដែល​បាន​យក​របស់​មក​ប្រើប្រាស់​ហើយ ពេល​យក​ទៅ​សង​វិញ​មិន​គ្រប់​ចំនួន ឬ​បែកបាក់​មិន​ព្រម​ទិញ​ដាក់​សង​វិញ ក៏​ខ្ចី​លែង​បាន​ទៅ ។

ស្រុក​ទឹកផុស​មាន​ភ្នំ​ជា​ច្រើន​ទៀត ដែល​រៀបរាប់​មិន​អស់ តែ​តាម​អាជ្ញាធរ​ស្រុក​ប្រាប់​ថា បាន​ស្គាល់ឈ្មោះ​ភ្នំ​មួយ​ចំនួន​ដែរ​ដូច​ជា ភ្នំ​របង​, ភ្នំ​កញ្ជើ​បាយ​, ភ្នំ​ពាម​លោក​,​ភ្នំ​តា​សាំ​, ភ្នំ​អង្គ​, ភ្នំ​គ្រេច​, ភ្នំ​សូ​រិ​យា​, ភ្នំ​ក្បាល​ខ្លា និង​ភ្នំ​រលាប​គុយ​ជាដើម ។ ភ្នំ​ទាំងនេះ​សុ​ទ្ឋ​តែ​ជា​ភ្នំ​ធំ​ៗ ដែល​អម​ដោយ​ឈ្មោះ​ភ្នំ​តូច​ជា​ច្រើន​ទៀត រាប់​មិន​អស់​ទេ ហើយ​ក៏​ចាំ​មិន​អស់​ដែរ សូ​ម្បី​អ្នកស្រុក​ក៏​មិន​អាច​ទៅ​ដល់​ភ្នំ​ទាំងនោះ​ដែរ ។

ភ្នំ​នៅ​ស្រុក​ជល​គី​រី ៖ នៅ​ស្រុក​មួយ​នេះ​មិនសូវ​មាន​ភ្នំ​ច្រើន​ប៉ុន្មាន​ទេ តែ​ក៏​មានឈ្មោះ​ភ្នំ​មួយ​ដែល​មាន​បារមី​ពូកែ​សក្តិ​សិទ្ធិ​ដែរ​គឺ​ភ្នំ​ស្តេច​ស៊ី​ដោះ ។ ភ្នំ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​មាន​ជំនឿ​បាន​ធ្វើ​ពិធីបួងសួង​ជា​រៀង​រាល់​ឆ្នាំ និង​ពិសេស​ពេល​អត់​ទឹកភ្លៀង​ជាដើម ។ ភ្នំ​នេះ​នៅ​ខាងក្រោយ​ជាប់​សាលាស្រុក​ជល​គី​រី​តែ​ម្តង ។ ក្រៅពី​ភ្នំ​ស្តេច​ស៊ី​ដោះ ស្រុក​ជល​គី​រី​មាន​ភ្នំ​ជា​ច្រើន​ទៀត​ដែរ ដូច​ជា​ភ្នំ​ដោះ​ក្រមុំ ភ្នំ​ដង ភ្នំ​ក្ងោកមាស ភ្នំ​ព្រៃ​គ្រី​ជើង និង​ភ្នំ​ព្រៃ​គ្រី​ត្បូង ជាដើម ។

ស្រុក​សាមគ្គី​មាន​ជ័យ ៖ មាន​ភ្នំ​មិន​ច្រើន​ប៉ុន្មាន​ទេ ស្រុក​នេះ​មាន​ភ្នំ​មួយ​ដែល​ធំ​ជាងគេ គឺ​ភ្នំ​ជំ​រាយ មាន​ព្រំប្រទល់​ច្រើន​ឃុំ និង​ជាប់​ជាមួយ​ស្រុក​ទឹកផុស​ទៀត​ផង ។ បច្ចុប្បន្ន​មួយ​ផ្នែក​នៃ​ជើងភ្នំ​ជំ​រាយ​បាន​ក្លាយជា​សាលា​ហ្វឹកហាត់​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។ នៅ​មិន​ឆ្ងាយ​ពី​ទី​នោះ​​ក៏​មាន​ផ្ទៃដី​សម្បទាន​សង្គមកិច្ច និង​បាន​សង់ផ្ទះ​រាប់​ពាន់​ខ្នង​ជូន​ដល់​អតីត​យុទ្ធ​ជន​ផង​ដែរ ។

ក្រៅពី​ភ្នំ​ជំ​រាយ ស្រុក​ដាច់​ស្រយាល​មួយ​នេះ នៅ​មាន​ភ្នំ​ផ្សេង​ទៀត​ដូច​ជា​ភ្នំ​ព្រះ​ធាតុ​ក្រោម ភ្នំ​ព្រះ​ធាតុ​លើ ភ្នំ​រមៀត​តូច ភ្នំរ​មៀតធំ និង​ភ្នំ​មួយ​ចំនួន​ទៀត​ដ៏​ច្រើន​មិន​អាច​ចាំ​ឈ្មោះ​អស់​ទេ គេ​ឱ្យឈ្មោះ​ទៅ​តាម​លំនាំ​នៃ​ភ្នំ​តែ​ប៉ុណ្ណោះ ។ ដោយឡែក​សម្រាប់​ស្រុក​កំពង់ត្រឡាច ស្រុក​បរិបូរ​ណ៌ និង​ក្រុង​កំពង់ឆ្នាំង​មិន​មាន​ភ្នំ​ទេ គឺជា​វាលរាប ។

សម្រាប់​ការ​រៀបរាប់​មក​ខាងលើ ដោយ​សង្ខេប​នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​របស់​ភ្នំ​ក្នុង​ខេត្តកំពង់ឆ្នាំង​តែ​ប៉ុណ្ណោះ ដែល​យើង​គ្រាន់តែ​រៀបរាប់​ត្រួស​ៗ ក្នុង​គោលបំណង​ជា​ការ​កម្សាន្ត​និង​ចំណេះដឹង​ខ្លះ​សម្រាប់​ប្រិ​យ​មិត្ត ទស្សនិកជន​អ្នក​អាន ដែល​មាន​បំណង​ស្រាវជ្រាវ និង​ដែល​តែងតែ​គាំទ្រ​សារ​ព័ត៌មាន​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ