ប្រទេសថៃ ៖ បន្ទាប់ពីសម្រេចដោះលែងមនុស្ស៥នាក់ដែលជាប់ចោទពីបទសម្លាប់មនុស្ស និងកាន់អាវុធខុសច្បាប់ ចៅក្រមថៃម្នាក់លោក KHANAKORN PIANCHANA បានប៉ងបាញ់សម្លាប់ខ្លួនត្រង់ដើមទ្រូងមួយគ្រាប់ បន្ទាប់ពីសវនាការបញ្ចប់ ដោយចោទប្រកាន់ចៅក្រមឯទៀតៗថា ធ្វើការគាបសង្កត់លើរូបលោក ដើម្បីឲ្យលោកប្ដូរចិត្តលើសាលក្រមដែលលោកចេញ។
នៅក្នុងសវនាការដែលប្រព្រឹត្តទៅក្នុងតុលាការខេត្តយ៉ាឡា ភាគខាងត្បូងថៃ ចៅក្រមរូបនេះថ្លែងថា ដាក់ទោសមនុស្សម្នាក់ មិនត្រឹមអ្នកនោះជាប់ទោសម្នាក់ឯងទេ តែគ្រួសារគេទាំងមូលក៏ជាប់ទោសដែរ។ ប្រសិនបើយើងមិនច្បាស់ពីបទល្មើសរបស់គេនោះ យើងមិនត្រូវដាក់ទោសគេទេ។ ប៉ុន្តែបែបនេះពុំមានន័យថា ខ្ញុំធានាដែលជនជាប់ចោទទាំង៥នាក់ ពុំបានប្រព្រឹត្តបទឧក្រិដ្ឋឡើយ។ ពួកគេអាចប្រព្រឹត្ត តែនីតិវិធីតុលាការត្រូវតែមានតម្លាភាព និងសុពលភាព ដើម្បីកុំឲ្យគេនិយាយថា យើងចេះតែកាត់ទោសមនុស្សទាំងទទឹងទិស។
ក្នុងចំណោមមនុស្សត្រូវដោះលែងទាំង៥នាក់ ម្នាក់អាចមានទោសប្រហារជីវិត ហើយ២នាក់ទៀតអាចមានទោសជាប់គុក ពីបទរួមគំនិតសម្លាប់មនុស្ស។ ចៅក្រមបានដោះលែងពួកគេដោយលើកហេតុផលពុំមានភស្ដុតាងគ្រប់គ្រាន់។
មុនដំណើរការកាត់សេចក្ដីលើសំណុំរឿងនោះ ចៅក្រមលោក KHANAKORN PIANCHANA ធ្លាប់បរិហារពីការប៉ុនប៉ងជ្រៀតជ្រែកពីសំណាក់បណ្ដាចៅក្រមជាន់ខ្ពស់។ លោកអះអាងក្នុងរបាយការណ៍ដ៏វែងមួយថា ប្រព័ន្ធតុលាការថៃ រងសម្ពាធនៃការរំលោភបំពានអំណាច របស់បណ្ដាចៅក្រមជាន់ខ្ពស់ដែលចាប់បង្ខំឲ្យចេញសាលក្រមដាក់ទោស ស្របទៅតាមគោលដៅនយោបាយ។
ចាប់តាំងពីខែកញ្ញាមក ចៅក្រមរូបនេះបានបង្កើនការចេញផ្សាយសេចក្ដីថ្លែងការណ៍ស្ដីពីសភាពនៃប្រព័ន្ធតុលាការថៃ ដែលលោករិះគន់ថា លម្អៀង៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ