បើយើងមិនទាន់បានប្រតិបត្តិតាមទ្រឹស្តីព្រះពុទ្ធសាសនា និងមិនទាន់ធ្វើដំណើរតាមមាគ៌ាដែលព្រះពុទ្ធទ្រង់បានសម្ដែងទេ នោះព្រះនិព្វានអាចគ្រាន់តែជាទស្សនៈដ៏លំបាកក្នុងការកាន់យក ឬឈ្វេងយល់ណាស់សម្រាប់មនុស្សទូទៅ វាមិនខុសពីការព្យាយាមពន្យល់អំពីពណ៌ដល់មនុស្សពិការភ្នែកនោះទេ យ៉ាងណាយើងមិនអាចពន្យល់រៀបរាប់ដោយសព្វគ្រប់អំពីព្រះនិព្វានក៏យ៉ាងនោះដែរ ។
ទោះជាយ៉ាងណាទ្រឹស្តីព្រះពុទ្ធសាសនាបានពន្យល់ដោយសង្ខេបខ្លីអំពីព្រះនិព្វានថា គឺជាការអវត្តមាននៃតណ្ហា និងសេចក្ដីទុក្ខទាំងឡាយ។ អ្នកសម្រេចនូវព្រះនិព្វានគឺជាបុគ្គលដែលបានកម្ចាត់បង់នូវសេចក្ដីលោភ (លោភៈ) សេចក្ដីក្រោធ (ទោសៈ) និងសេចក្ដីវង្វេង (មោហៈ) ។ ព្រះនិព្វានជាសភាពនៃបរមសុខតែម្យ៉ាងគត់ ដោយមិនមានបដិសន្ធិតទៅទៀតបានឡើយ ។
ព្រះសម្មាសម្ពុទ្ធទ្រង់បានសម្ដែងប្រាប់យើងនូវរបៀបកាត់បន្ថយ និងបញ្ចប់នូវសេចក្ដីលោភលន់ សេចក្ដីក្រោធខឹង និងសេចក្ដីវង្វេងបន្តិចម្ដងៗនៅគ្រប់ទម្រង់ផ្សេងៗរបស់វា។ រឿងនេះអាចធ្វើទៅបាន មានតែតាមរយៈការចម្រើននូវសប្បុរសធម៌ សេចក្ដីអាណិតអាសូរ ខន្តី និងករុណាធម៌ ធ្វើសីល សមាធិឱ្យប្រាកដឡើង ។
ឆ្លងកាត់ការប្រតិបត្តិនូវព្រះធម៌ដោយប្រពៃ គង់មានបុគ្គលណាមួយអាចសម្រេចនូវសេចក្ដីស្ងប់ និងសេចក្ដីសុខនៃព្រះនិព្វាននៅក្នុងជីវិតបច្ចុប្បន្ននេះបាន ។ ចូរព្យាយាមប្រតិបត្តិនូវព្រះពុទ្ធវចនៈក្នុងជីវិតកំពុងរស់នៅប្រចាំថ្ងៃរបស់អ្នកតាមលទ្ធភាពដែលអាចធ្វើទៅបានហើយ រឿងជាតិមុខជាតិក្រោយជារឿងផ្សេង ព្រោះវាជារឿងដែលយើងដឹងមិនដល់ ។
ចូរសោយនូវសេចក្ដីសុខក្នុងឋានសួគ៌ ខណៈពេលដែលអ្នកនៅរស់ហ្នឹងចុះ មិនចាំបាច់រង់ចាំដល់ថ្ងៃស្លាប់នោះទេ ឯរសនៃព្រះនិព្វានក៏នៅក្នុងជាតិនេះដែរឱ្យតែយើងប្រព្រឹត្តសប្បុរសធម៌រឿយៗ ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ