រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសអំពីប្រតិទិនសម្រាប់ថ្ងៃឈប់សម្រាករបស់កម្មករនិយោជិត ក្នុងវិស័យការងាររបស់ខ្លួន នៅក្នុងឆ្នាំ២០២០ ។ ក្រសួងការងារបានចេញសេចក្តីប្រកាសចេញផ្សាយ កាលពីថ្ងៃទី០៤ ខែតុលានេះ បានឲ្យដឹងថា ត្រូវបានអនុញ្ញាតឱ្យកម្មករនិយោជិតនៃសហគ្រាស គ្រឹះស្ថាន ទាំងអស់ ដែលមានចែងក្នុងមាត្រា១ នៃច្បាប់ស្តីពីការងារបានឈប់សម្រាកការងារដោយមានប្រាក់ឈ្នួលតាមប្រតិទិនដូចខាងក្រោមនេះ ៖
ថ្ងៃទី០១ មករា ទិវាចូលឆ្នាំសកល សម្រាក០១ថ្ងៃ ។ ថ្ងៃទី០៧ មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ សម្រាក០១ថ្ងៃ ។ ថ្ងៃទី០៨ មីនា ទិវាអន្តរជាតិនារី សម្រាក០១ថ្ងៃ ។ ថ្ងៃទី១៣-១៤-១៥-១៦ មេសា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូតទោស័ក សម្រាក០៤ថ្ងៃ ។ ថ្ងៃទី០១ ឧសភា ទិវាពលកម្មអន្តរជាតិ សម្រាក០១ថ្ងៃ ។ ថ្ងៃទី០៦ ឧសភា ពិធីបុណ្យវិសាខបូជា សម្រាក០១ថ្ងៃ ។ ថ្ងៃទី១០ ឧសភា ព្រះរាជពិធីច្រត់ព្រះនង្គ័ល សម្រាក០១ថ្ងៃ ។ ថ្ងៃទី១៤ ឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រាក០១ថ្ងៃ ។ ថ្ងៃទី១៨ មិថុនា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្រាក០១ថ្ងៃ ។
ថ្ងៃទី១៦-១៧-១៨ កញ្ញា ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាក០៣ថ្ងៃ ។ ថ្ងៃទី២៤ កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ សម្រាក០១ថ្ងៃ ។ ថ្ងៃទី១៥ តុលា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» សម្រាក០១ថ្ងៃ ។ ថ្ងៃទី២៩ តុលា ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រាក០១ថ្ងៃ ។ ថ្ងៃទី៣០ -៣១តុលា និង០១វិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាក០៣ថ្ងៃ ។ ថ្ងៃទី០៩ វិច្ឆិកា ពិធីបុណ្យឯករាជ្យជាតិ សម្រាក០១ថ្ងៃ ។
ក្រសួងក៏បានលើកឡើងថា ចំពោះថ្ងៃឈប់សម្រាកបុណ្យទាំងឡាយណាដែលត្រូវបានឈប់សម្រាកត្រូវចំលើថ្ងៃអាទិត្យនោះ កម្មករនិយោជិតនឹងត្រូវបានឈប់សម្រាកមួយថ្ងៃបន្តទៀត ។ ជាមួយគ្នានោះដែរ ក្រសួងបានលើកឡើងថា ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកលត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់ សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុងពេលតែ មួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដល់ដំណើរការរបស់សហគ្រាស គ្រឹះស្ថាននោះ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃ បុណ្យនីមួយៗដោយផ្លាស់ប្តូរគ្នា ។
ប្រភពបន្តថា ករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមី និងនិយោជក ឬមានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស គ្រឹះស្ថាន ឬអនុសញ្ញារួមការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់នៅក្នុងប្រកាសនេះ ។
ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាកនៅថ្ងៃបុណ្យនីមួយៗ ហើយរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ ។ ក្នុងកំឡុងពេលនៃការឈប់សម្រាកដោយផ្លាស់ប្តូរគ្នានេះ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានអាចប្រើប្រាស់កម្មករនិយោ ជិតផ្សេងជាបណ្តោះអាសន្នមកជំនួសកម្មករនិយោជិតដែលបានឈប់សម្រាក ។
ក្រសួងបានបន្ថែមថា បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះត្រូវទុកជានិរាករណ៍ ។ នាយកខុទ្ទកាល័យអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានការងារអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងគ្រប់ប្រធានអង្គភាពពាក់ព័ន្ធ កម្មករនិយោជិត និងនិយោជកត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ ៕ កែមសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ