ខេត្តស្វាយរៀង ៖ យ៉ាងហោចមានមនុស្សប្រុសស្រីចំនួន៤នាក់បានរងរបួសធ្ងន់ស្រាល ខណៈដែលជនរងគ្រោះទាំង៤នាក់កំពុងធ្វើជិះម៉ូតូ២គ្រឿងដំណើរនៅលើដងផ្លូវជាតិលេខ១ ក្នុងគោលបំណងទៅធ្វើការ ហើយក៏ត្រូវរថយន្តក្រុងដឹកកម្មករ-កម្មការិនីរោងចក្រដាច់ខ្សែទីយោខ្យល់ បណ្តាឲ្យប្រព័ន្ធហ្វ្រាំងមិនដំណើរការជ្រុលទៅបុកម៉ូតូ២គ្រឿងអូសចូលក្រោមរថយន្តកិនជាប់ពីលើ តែសំណាងល្អជនរងគ្រោះទាំង៤នាក់ខ្ទាតចេញពីម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលតែម្តង។
គ្រោះចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៥៥-១៥៦ ស្ថិតនៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។
រថយន្តមួយគ្រឿងដឹកកម្មកររោងចក្រម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវស ពាក់ស្លាកលេខ បាត់ដំបង ៣A-០៥២១ បើកបរដោយឈ្មោះសោម រស្មី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិត្រោក ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
ចំណែកម៉ូតូទាំង២គ្រឿងខាងលើ ក្នុងនោះម៉ូតូមួយគ្រឿងជិះគ្នា២នាក់ម៉ាកហុងដា ធុនC125 ពណ៌ខ្មៅពាក់ស្លាកលេខ ស្វាយរៀង ១E-២០៨៥ បើកបរដោយឈ្មោះវ៉ា គា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មររោងចក្រ រស់នៅភូមិអង្គក្តូច ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង រងរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់ត្រូវជាប្រពន្ធឈ្មោះពេជ្រ គឹមសេង អាយុ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រងរបួសស្រាល ។
រីឯម៉ូតូមួយគ្រឿងទៀតជិះគ្នា២នាក់ម៉ាកហុងដា ធុន C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១Q-៥៤៩៨ បើកបរដោយឈ្មោះស៊ឹម សារឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃអង្គុញ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត រងរបួសស្រាល និងអ្នករួមដំណើរម្នាក់ត្រូវជាប្រពន្ធឈ្មោះសោម បញ្ញា អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ រងរបួសស្រាល។
បើតាមសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងមានដឹកកម្មករ-កម្មការិនី ធ្វើដំណើរក្នុងទិសដៅពីលិចទៅទិសកើត លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបានដាច់ទុយោខ្យល់ បណ្តាលឲ្យប្រព័ន្ធហ្វ្រាំងមិនដំណើរការក៏ជ្រុលទៅបុករះម៉ូតូចំនួន២គ្រឿងពីក្រោយយ៉ាងពេញទំហឹងខណៈពេលកំពុងធ្វើដំណើរស្របទិសគ្នា និងអូសម៉ូតូទាំង២គ្រឿងចូលក្រោមរថយន្តកិនជាប់ពីលើ ។
តាមប្រភពដដែលបានបន្តថា ក្នុងហេតុការណ៍ខាងលើនេះដែរ បណ្តាលឱ្យអ្នកបើកបរម៉ូតូមួយគ្រឿង ម៉ាកហុងដា ពាក់ស្លាកលេខ ស្វាយរៀង ១E-២០៨៥ ដួលបោកក្បាលនឹងកាប៊ីនរថយន្ត ប៉ុន្តែដោយសារជនរងគ្រោះពាក់មួកសុវត្ថិភាព ទើបមិនគ្រោះថ្នាក់ដល់អាយុជីវិត។ ចំណែកជនរងគ្រោះ៣នាក់ទៀតបានរងរបួសស្រាល ។
ក្រោយពេលកើតហេតុ អ្នកបើករបររថយន្តរត់គេចខ្លួនបាត់ លុះមួយសន្ទុះក្រោយមក ទើបចូលខ្លួនមកដោះស្រាយ ដោយភាគីខាងរថយន្តព្រមសងសំណងទៅភាគីខាងម៉ូតូទាំង២គ្រឿងដើម្បីបញ្ចប់រឿង ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ