ការ​នាំ​ចេញ​អង្ករ​រយៈពេល​៩​ខែ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ធ្លាក់​ចុះ​៣០​ភាគរយ​ជំនួស​ដោយ​ទីផ្សារ​មហាអំណាច​ចិន



រាជធានី​ភ្នំពេញ​៖ បើ​ទោះបីជា​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៩​នេះ​មាន​កំណើន​ប្រមាណ​ជាង ២​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៨ កន្លង​ទៅ តែ​សម្រាប់​ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប​បាន
ធា្ល​ក់​ចុះ​ខ្លាំង​រហូត​ដល់​៣០​ភាគរយ​។

យ៉ាងណាមិញ​បើ​ទោះបីជា​អង្ករ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​ធ្លាក់​ចុះ តែ​ត្រូវ​បាន​ជំនួស​ដោយ​ទីផ្សារ​ចិន​ដែល​បាន​ស្រូប​យក​អង្ករ​ពី​កម្ពុជា​មាន​កំណើន​ជាង ៤៤ ភាគរយ​ទៅ​វិញ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (Cambodia Rice Federation—CRF) ចេញផ្សាយ​ថ្ងៃ​ទី​៣ ខែតុលា ២០១៩ ម្សិលមិញ​នេះ ។

របាយការណ៍​ខាងលើ​នេះ​បានអោយ​ដឹង​ថា ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៩​នេះ ការ​នាំ​ចេញ​អង្ករ​សរុប​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ មាន​ជិត​៤០​ម៉ឺន​តោន ដោយ​ក្នុង​នោះ​ចិន​ជាទី​ផ្សារ​ធំ​សម្រាប់​ការ​នាំ​ចេញ​អង្ករ​កម្ពុជា ។ របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បង្ហាញ​តួលេខ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​រយៈពេល​៩​ខែ ដើមឆ្នាំ ២០១៩​នេះ ដោយ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ សរុប ៣៩៨.៥៦២​តោន ដែល​មានការ​កើនឡើង​ប្រមាណ​ជាង ២​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៨ កន្លង​ទៅ ។

​យោង​តាម​របាយការណ៍​ដដែល​នេះ បាន​បង្ហាញ​ផង​ដែរ​ថា ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​ក្នុង​រយៈពេល​៩​ខែ ដើមឆ្នាំ ២០១៩​នេះ បាន​ធ្លាក់​ចុះ ៣០​ភាគរយ តែ​ជំនួស​ដោយ​ទីផ្សារ​ចិន ដែល​បាន​កើនឡើង​រហូត​ដល់​៤៤​ភាគរយ ហើយ​ទីផ្សារ​អាស៊ាន​វិញ ក៏​មាន​កំណើន​ប្រមាណ ២៧​ភាគរយ​ផង​ដែរ ។

សម្រាប់​រយៈពេល ៩ ខែ​នេះ​កម្ពុជា​បាន​នាំ​ចេញ​ប្រភេទ​អង្ករ មាន​ដូច​ជា​៖ ១-) អង្ករ​ក្រអូប​ចម្រុះ​ជាង​១៤​ម៉ឺន​តោន​, នាង​ម្លិ​ស​ជាង​១.៦០០​តោន​,​សូ​ម៉ា​លី​មាន​២.២០១​តោន​,​ផ្ការំដួល​ឬ​ផ្លា​ម្លិ​ស​១៨១.២៣៣​តោន​, សិរី​រា​ង្គ​មាន​៨.៦០២​តោន​, ភ្លឺ​៤៨​តោន​។​២-) អង្ក​រស​ក្រអូប​ចម្រុះ​គ្រាប់​វែង​មាន​៥៣.៧៦៤​តោន​,​ប្រណិត​គ្រាប់​វែង​មាន​៣.៣៥៦​តោន និង​៣-) អង្ករ​ចំហុយ​គ្រាប់​វែង​បាន​៥.៩៤១​តោន​»​។

ទាក់ទង​នឹង​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ចំនួន ៦៣ ប្រទេស ដែល​មាន​កំណើន​តិចតួច គឺ​ប្រមាណ​តែ ២​ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨ នេះ​ដែរ លោក កាន់​គ​ន្ធី អគ្គនាយករង​ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍ បាន​លើក​ឡើង​ថា «​អ្វី​ដែល​គួរ​ឱ្យ​កត់សំគាល់​គឺ​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​ការ​នាំ​ចេញ​អង្ក​រស​ទៅ​កាន់​ប្រទេស​សហគមន៍​អឺរ៉ុប​បន្ទាប់​ពី​ការ​ដាក់​របាំង​ពន្ធ (Safe Guard Measure Initiation) ប៉ុន្តែ​ការ​នាំ​ចេញ​អង្ករ​ក្រអូប​មានការ​កើនឡើង ។ ចិន​ជា​ប្រទេស​ដែល​នាំមុខ​គេ​ក្នុង​ការ​នាំ​ចូល ហើយ​ប្រទេស​អូស្ត្រាលី​ក៏​មានការ​នាំ​ចូល​គួរ​ឱ្យ​កត់សំគាល់ ដែល​ក្រុមហ៊ុន​អេ​ម​រូ​រាយ​ស៍​ជា​អ្នក​ផ្គត់​ផ្គង​ធំ ក្រុមហ៊ុន​អេ​ម​រូ​រាយ​ស៍​ក៏​បាន​បើក​ទីផ្សារ​នៅ​កា​ណា​ដា​» ។

បើ​តាម​លោក កាន់ គ​ន្ធី តាម​ការ​ប៉ាន់​ប្រមាណ​ការ​នាំ​ចេញ​របស់​ប្រទេស​កម្ពុ​ជានា​ឆ្នាំ​២០១៩​នេះ​អាច​ប្រហាក់ប្រហែល រឺ​មានការ​កើនឡើង​ខ្លះ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៨ (​ចន្លោះ​ពី ៦២៥.០០០​តោន​-៦៥០.០០០​តោន​)​។

ពាក់ព័ន្ធ​វិស័យ​ស្រូវ​អង្ករ​នេះ​ដើម្បី​ជំរុញ​ការ​នាំ​ចេញ​ឱ្យ​ច្រើន​ប្រធាន​សហព័ន្ធ​បាន​ជំរុញ​ឱ្យ​កសិករ​ដាំ​ដុះ​ស្រូវ អង្ក​របាយ​ទន់ ជំនួស​អោយ IR504 និង ដាំ​ដុះ​ស្រូវ អង្ករ​ក្រអូប​ដើម្បី​ងាយស្រួល​រក​ទីផ្សារ​នាំ​ចេញ​។

លោក​ឧកញ៉ា សុង សា​រ៉​ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​លើក​ឡើង​ថា ការ​នាំ​ចេញ​ទៅ​សហគមន៍​អឺ​រុ​ប​មានការ​ធ្លាក់​ចុះ​ជា​បរិ​ណ​ដោយសារ​ការ​ដាក់​វិធានការ​ដាក់​ពន្ធ​រយះ​ពេល​៣​ឆ្នាំ​នេះ តែ​ប្រាក់​ចូល​សេដ្ឋកិច្ច​ក​ម្ព​ជា​ពី​ការ​នាំ​ចេញ​អង្ករ​ទៅ​សហគមន៍​ថយ​ចុះ​បន្តិចបន្តួច ដោយសារ​សហព័ន្ធ​ស្រូវ​អង្ករ​ជំរុញ​នាំ​ចេញ​តែ​អង្ករ​ល្អ​ពិសេស អត្តសញ្ញាណ​ជាតិ អង្ករ​ល្អ​ដាច់​គេ​លើ​ពិភពលោក រាជរដ្ឋាភិបាល​បាន និង កំពុង​កាត់​បន្ថយ​ចំណាយ​ថ្លៃដើម ប្រាកដ​ណាស់​ទីផ្សារ​នៅ​អង្ករ​កម្ពុជា​នៅ​សហគមន៍​អឺ​រុ​ប​រឹតតែ​មាន​លក្ខណៈ​ប្រកួតប្រជែង​ខ្លាំង នៅ​ពេល​វិធានការ​យកពន្ធ​អស់​សុពលភាព​នៅ​ចុងឆ្នាំ ២០២២ ។

ដោយឡែក​បើ​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ហាញ​ផង​ដែរ ការ​នាំ​ចេញ​អង្ករ​ទៅ​ក្រៅប្រទេស មិន​តាម​ច្រក​ចេញចូល​តែ​មួយ មាន​រហូត​ដល់ ១,៦៨​លាន​តោន ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៩​នេះ ខណៈ​ការ​នាំ​ចេញ​កសិផល​សរុប​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​៩​ខែ នេះ​មាន​រហូត​ដល់​ជាង ៣,០៦​លាន​តោន ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​០២​តុលា ម្សិលមិញ​នេះ​ថា រាជរដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​បន្ត​យកចិត្តទុកដាក់​បង្កើន​តម្លៃបន្ថែម​លើ​ការ​ផលិត ការ​នាំ​ចេញ​អង្ករ កសិផល​កែ​ច្នៃ​ឲ្យ​បាន​១២% នៅ​ត្រឹម​ឆ្នាំ​២០២៥ ក្នុង​នោះ​មាន​ផលិតផល​សត្វ និង​វារីវប្បកម្ម ព្រមទាំង​ការ​លើកទឹកចិត្ត​ដល់​វិនិយោគិន​ក្នុង​វិស័យ​ក​សិ​-​ឧស្សាហកម្ម ដែល​មាន​អាទិភាព​ចម្បង​ដូច​បាន​កំណត់​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ។

​យោង​តាម​ការ​ព្យាករណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB បាន​បង្ហាញ​ផង​ដែរ​ថា កំណើន​នៃ​វិស័យ​កសិកម្ម ក្នុង​ឆ្នាំ ២០១៩​នេះ​មាន​ប្រមាណ​១,១​ភាគរយ ប៉ុណ្ណោះ ដោយសារ​តែ​កម្ពុជា​ជួប​នូវ​គ្រោះ​រាំង​ស្ងួត​រយៈពេល​កន្លះ​ឆ្នាំ​មកនេះ ខណៈ​ធនាគារ​មួយ​នេះ​បាន​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​ឆ្នាំ ២០១៩​នេះ មាន​ប្រមាណ​៧​ភាគរយ និង ៦,៨​ភាគរយ​នៅ​ឆ្នាំ ២០២០​ខាង​មុខ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ