រាជធានីភ្នំពេញ ៖ បន្ទាប់ពីតួលេខនៃភ្ញៀវទេសចរអន្តរជាតិទៅកម្សាន្តនៅតំបន់សៀមរាប-អង្គរនិងប្រាសាទព្រះវិហារមានការធ្លាក់ចុះយ៉ាងគំហុក ជាក់ស្តែងយោងតាមរបាយការណ៍របស់គ្រឹៈស្ថានអង្គរបានឲ្យដឹងថាស្ថិតិភ្ញៀវទេសចរបរទេសនិងចំណូលពីការបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ។
ប្រភពដដែលបានឲ្យដឹងថា ចំនួនភ្ញៀវទេសចរបរទេសបានទៅទស្សនាប្រាសាទអង្គរវត្តដ៏ល្បីល្បាញលើពិភពលោកក្នុងទឹកដីខេត្តសៀមរាបត្រូវបានគេរាយការណ៍ថាកំពុងធ្លាក់ចុះ។ តួលេខចុងក្រោយពីគ្រឹៈស្ថានអង្គរបានឲ្យដឹងថារយៈពេល៩ ខែ ឆ្នាំ២០១៩ នេះភ្ញៀវទេសចរបរទេសគឺមានចំនួនប្រមាណជាង ១.៦លាននាក់ ធ្លាក់ចុះប្រមាណ ១២,៥៧ភាគរយបើធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៨ ខណៈប្រាក់ចំណូលពីការលក់សំបុត្រចាប់ពីខែមករាដល់ខែកញ្ញាមានចំនួនជាង ៧៤,៣ លានដុល្លារអាមេរិក ពោលគឺប្រាក់ចំណូលបានធ្លាក់ចុះជាង ១៣ ភាគរយឯណោះ ។
យោងតាមគ្រឹះស្ថានអង្គរក៏បានឲ្យដឹងថាភ្ញៀវទេសចរចិនទៅកម្សាន្តនៅអង្គរវត្តបានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ក្នុងនោះភ្ញៀវទេសចរចិនមានចំនួនតែ ១១០,៦៧៧នាក់បានទិញបណ្ណចូលទស្សនាអង្គរក្នុងខែកញ្ញាឆ្នាំ២០១៩ ធ្លាក់ចុះជាង ២៩ភាគរយធៀបនឹងខែកញ្ញាឆ្នាំ២០១៨ដែលមានចំនួនដល់ទៅ ១៥៦,៨៦៥នាក់ ។ ចំណែកទេសចរជនជាតិជប៉ុនបានធ្លាក់ចុះជិត ៤៧ភាគរយ ព្រោះមានភ្ញៀវទេសចរជប៉ុនចំនួន ៤៣,០២១ នាក់ទិញសំបុត្រចូលទស្សនាអង្គរក្នុងខែកញ្ញា២០១៩ ខណៈក្នុងខែកញ្ញា ឆ្នាំ២០១៨ ទេសចរជប៉ុនទិញសំបុត្រទស្សនាអង្គរមានចំនួនដល់ទៅ ៨០,៩៨២នាក់។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា «ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា» ដែលមានក្រសួងទេសចរណ៍ជាប្រធានបាននិងកំពុងរៀបចំផែនការយុទ្ធសាស្ត្រថ្មីៗ ក្នុងការទាក់ទាញកំណើនទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន ខណៈគោលដៅទេសចរណ៍មួយចំនួនបាននិងកំពុងមានការប្រែប្រួល ក្នុងដំណាក់កាលកើតមានសង្គ្រាមពាណិជ្ជកម្មរវាងចិន-អាមេរិកនោះ ។
ដើម្បីសម្រេចកិច្ចការនេះទៅបាន នាថ្ងៃទី០២ ខែតុលា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានកោះប្រជុំសមាជិករបស់ខ្លួននៅទីស្ដីការក្រសួងទេសចរណ៍ ដើម្បីប្រមួលធាតុចូលសំខាន់ៗធ្វើយ៉ាងណារកគន្លឹះថ្មីៗទាក់ទាញទេសចរបរទេសដែលជាឧស្សាហកម្មគ្មានផ្សែងដ៏សំខាន់ក្នុងការរកចំណូលចូលជាតិផងដែរនោះ។
លោករដ្ឋមន្ត្រី ថោង ខុន ក្រោយពីចប់កិច្ចប្រជុំបានថ្លែងឱ្យដឹងថា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក្រោយការអនុម័តលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរួចហើយ នឹងបន្តពិភាក្សាគ្នាលើការរៀបចំយុទ្ធសាស្ត្រទីផ្សារថ្មីៗ សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឡើងវិញឱ្យបានល្អប្រសើរ ខណៈដែលពិភពលោកកំពុងជួបប្រទះវិប្បត្តិសង្គ្រាមពាណិជ្ជកម្ម ដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងមហាយក្ស
ចិន។
លោករដ្ឋមន្ត្រីបានបន្តថា «វិបត្តិសង្គ្រាមពាណិជ្ជកម្មនេះបានបណ្ដាលឱ្យគោលដៅទីផ្សារទេសចរណ៍មួយចំនួនមានការប្រែប្រួល ហើយកម្ពុជាត្រូវខិតខំតោងស្រវាចាប់យកទីផ្សារ ឬគោលដៅទេសចរណ៍ណាដែលមានសក្តានុពល ពោលគឺត្រូវរៀបចំទាំងយុទ្ធ
សាស្ត្រ មធ្យោបាយ និងថវិកា ដើម្បីធ្វើការផ្សព្វផ្សាយទៅកាន់គោលដៅសំខាន់ៗ សំដៅទាក់ទាញភ្ញៀវទេសចរមកកម្ពុជាឱ្យបានច្រើន និងប្រកបដោយគុណភាពនិងប្រសិទ្ធ
ភាព»។
លោក ថោង ខុន បានសង្កត់ធ្ងន់ថា សម្រាប់ទីផ្សារទេសចរណ៍ចិន កម្ពុជាកាន់តែត្រូវពង្រឹងថែមទៀត ព្រោះថាចិនជាទីផ្សារទេសចរណ៍លើសកលលោកដ៏ធំ តែត្រូវតែចូលជ្រៅទៅគោលដៅសំខាន់ណាដែលមានសក្តានុពល ហើយដែលកម្ពុជាត្រូវរៀបចំការផ្សព្វផ្សាយឱ្យបានល្អនៅទីនោះ ក៏ដូចគ្នាទៅនឹងទីផ្សារក្នុងអាស៊ាន អាស៊ី អឺរ៉ុប អាមេរិកផងដែរ ដោយត្រូវធ្វើឱ្យចំគោលដៅ និងត្រូវប្រើគ្រប់មធ្យោបាយ រូបភាព ថវិកាឱ្យមានប្រសិទ្ធភាព។
សូមជម្រាបថា នៅចំពោះមុខនៃកិច្ចប្រជុំនាថ្ងៃនេះ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បានពិភាក្សាលម្អិតលើចំណុចសំខាន់ៗចំនួន ៣ រួមមាន៖ទី១. លក្ខន្តិកៈរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ ទី២. បទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ ទី៣. សេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារជំនាញចំនួន ៥ក្រុម មានក្រុមការងារជំនាញសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្រុមការងារជំនាញរៀបចំព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិក្នុងស្រុក ក្រុមការងារជំនាញរៀបចំផលិតកម្ម បោះពុម្ភផ្សាយទេសចរណ៍ និងឌីជីថល ក្រុមការងារជំនាញរៀបចំដំណើរទស្សកិច្ចសិក្សា (Fam Trip) និងក្រុមការងារជំនាញរៀបចំស្ថានតំណាងទេសចរណ៍ក្រៅប្រទេស ព្រមទាំងការបង្កើតលេខាធិការដ្ឋាននៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ