មាន​ឯណា​ក្រោយ​បង្កហេតុ​ប៉ូលិស​ស្គេ​ន QR Code ស្រាប់តែ​ជួប​រឿង​នឹក​ស្មាន​មិន​ដល់


រាជធានី​ភ្នំពេញ ៖ រថយន្ត FORTUNER មួយ​គ្រឿង​បើកបរ និង​រួម​ដំណើរ​ដោយ​បុរស​2​នាក់​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ស្រប​ពេល​មេឃ​កំពុង​ភ្លៀង​ក៏​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​បណ្តាល​ឲ្យ​ដួល​ខូចខាត​អស់​ចំនួន​2​កង់ ចំណែក​រថយន្ត​បង្ក​ខូចខាត​មួយ​ចំហៀង​មុខ​ខាងឆ្វេង ។ ហេតុការណ៍​នេះ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​10​នឹង​15​នាទី​យប់ ថ្ងៃ​ទី​3 តុលា នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ទល់មុខ​នឹង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ស្ថិត​នៅ​សង្កាត់​ទន្លេ​របា​សាក់ ខណ្ឌចំការមន ។ រថយន្ដ​បង្ក​ម៉ាក FORTUNER ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បាត់ដំបង 2A-6191 បើកបរ និង​រួម​ដំណើរ​ដោយ​បុរស​2​នាក់ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ​គឺ​គាត់​បានឃើញ​រថយន្ត​បង្ក​ខាងលើ​ធ្វើ​ដំណើ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ស្រប​ពេល​មេឃ​កំពុង​ភ្លៀង​មក​ដល់​កន្លែង​កើតហេតុ​ក៏​ជ្រុល​បុក​នឹង​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ពេញទំហឹង​ចំ​កង់​មុខ​ខាងឆ្វេង​បណ្តាល​ឱ្យ​ទ្រូងផ្លូវ​ដួល​បែក​រង​ការ​ខូចខាត ។ ចំណែក​រថយន្ត​បើក​ទៅ​មុខ​បាន​មួយ​រយ​ម៉ែត្រ​ក៏​អស់​ល្បឿន​ទៅ​មុខ​លែង​រួច​បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​មួយ​កំណាត់​មុខ​ចំហៀង​ខាងឆ្វេង​យ៉ាងដំណំ​ក្រោយ​បង្កហេតុ​អ្នកបើកបរ​រថយន្ត និង​អ្នក​រួម​ដំណើរ​បាន​ចេញពី​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ហើយ​ពិនិត្យ​មើល​រថយន្ត​បង្ក​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ក៏​បាន​ស្គេ​ន QR Code នៅ​លើ​ផ្លា​ក​លេខ​រថយន្ត​បង្ក​តែ​អ្វី​ដែល​ចំឡែក​បន្ទាប់​ពី​ស្គេ​ន​នោះ​គឺ​បែរជា​លោត​ម៉ាក​រថយន្ត​ផ្សេង និង​ផ្លា​ក​លេខ​ផ្សេង​ទៅ​វិញ​ដោយនៅ​លើ QR Code បន្ទាប់​ពី​ស្គេ​ន​គឺ​លោត​ផ្លា​ក​លេខ រដ្ឋ​06 2-5168 ម៉ាក​រថយន្ត TOYOTA 4RUNNER ពណ៌​ទឹកមាស ទៅ​វិញ​ខុស​ពី​ម៉ាក​រថយន្ត​បង្ក ។

ក្រោយ​កើតហេតុ​រថយន្ដ​បង្ក​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​ទៅ​ឱ្យ​ខាង​ជំនាញ​ចរាចរណ៍​ក្រុង​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នរ​គ​របាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ